ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវជាតិ​លេខ​៥​ ចាប់ផ្ដើម​ពង្រីក​ពី​ផ្លូវ​ពីរ​គន្លង ឲ្យ​ទៅជា​ផ្លូវ​៤ គន្លង​ ទទឹង​២៣​ម៉ែត្រ​ និង​ក្រាល​អ៊ុត​កៅស៊ូ ​AC​ ជាប់​ល្អ​ជាង​មុន

ភ្នំពេញ ​៖​ ផ្លូវជាតិ​លេខ​៥ ចាប់ផ្ដើម​ពង្រីក​ពី​ផ្លូវ​ពីរ​គន្លង ឲ្យ​ទៅជា​ផ្លូវ ៤ គន្លង ទទឹង ២៣​ម៉ែត្រ ក្រាល​អ៊ុត​កៅស៊ូ AC (Asphalt Concrete) ឱ្យទៅជា​ផ្លូវ​ហាយវ៉េ​ស្អាត​ជាប់​បានយូរ​។ គម្រោង​សាងសង់​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៥ ភាគ​ខាង​ត្បូង​ពី​ព្រែក​ក្តាម ទៅ​ធ្លា​ម្អម​ប្រវែង​ជាង​១៣៥​គីឡូម៉ែត្រ​នេះ ត្រូវ​បាន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់ ជាមួយនឹង​សម្ព័ន្ធ​ក្រុមហ៊ុន Sumitomo Mitsui Construction Co.,Ltd និង​World Kaihatsu Kogyo Co.,Ltd​ជប៉ុន និង​ក្រុមហ៊ុន Hanshin Engineering and Constrution Co.,Ltd កូរ៉េ​នា​ព្រឹក​ថ្ងៃទី​១០ ខែមករា​នេះហើយ​ដែរ​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់​ថា គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥​ភាគ​ខាងត្បូង​ពី​ព្រែក​ក្ដាម ទៅ​ធ្លា​ម្អម​ប្រវែង​ជាង ១៣៥​គីឡូម៉ែត្រ នឹង​ត្រូវ​អនុវត្ត​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ JICA ជប៉ុន ក្នុង​ទំហំ​ទឹកប្រាក់ ២៤៦,៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ត្រូវ​ការ​ប្រើ​ពេលវេលា​រយៈពេល​៤​ឆ្នាំ សម្រាប់​ដំណើរការ​សាងសង់​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់​បន្ថែម​ថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែក​ក្តាម ទៅដល់​ប៉ោយប៉ែត ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ត្រូវបាន​បែងចែក​ជា ៣ ដំណាក់កាល​រួមមាន​៖ ទី​១-​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង​(​បាត់ដំបង​-​សិរីសោភ័ណ​) មាន​ប្រវែង ៨៤,៧៤​គីឡូម៉ែត្រ ដែល​បាន​កំពុង​អនុវត្ត​ក្រោម​កញ្ចប់​សាងសង់​ចំនួន (០២) ហើយនឹង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ ១៤៣,០៤​លាន​ដុល្លារ​អាមេរិក ដោយ​ប្រើប្រាស់​រយៈពេល ៣​ឆ្នាំ​។ បច្ចុប្បន្ន​គម្រោង​នេះ​បាន​នឹង​កំពុងដំណើរការ​សាងសង់​សម្រេចបាន ៨,៤៦% នៃ​ផែនការ គិត​ត្រឹម​ថ្ងៃទី ៥ ខែមករា​នេះ​។ ទី​២-​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង​ពី​ព្រែក​ក្តាម ទៅ​ធ្លា​ម្អម​ប្រវែង​ជាង ១៣៥​គីឡូម៉ែត្រ នឹងត្រូវ​អនុវត្ត​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ JICA ជប៉ុន ក្នុង​ទំហំ​ទឹកប្រាក់ ២៤៦,៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ត្រូវ​ការប្រើ​ពេលវេលា​រយៈពេល ៤​ឆ្នាំ សម្រាប់​ដំណើរការ​សាងសង់​។ និង​ទី​៣-​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល និង​បញ្ចប់​ពី​(​ធ្លា​ម្អម​-​បាត់ដំបង​-​សិរីសោភ័ណ​-​ប៉ោយប៉ែត​) មាន​ប្រវែង ១៤៦,០៤​គីឡូ ម៉ែត្រ ដែល​បាន​បញ្ចប់​ការសិក្សា​លម្អិត​រួចរាល់​ហើយ នឹង​ត្រៀម​ដាក់ឱ្យ​ដេញថ្លៃ​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់​បន្ថែមទៀតថា ចាប់ពីពេលនេះ​តទៅ​ការសាងសង់​ផ្លូវ​នឹងធ្វើ​ឱ្យមាន​គុណភាព​ខ្ពស់ជាង​មុន មិន​ឱ្យមាន​ពាក្យ​ទិតៀន​ពី​ប្រជាពលរដ្ឋ​ថា «​ផ្លូវ​ស្រុក​ខ្មែរ​ធ្វើ​ជាប់​រហូត​»​ដូច​កន្លងមក​នោះ​ទៀត​ទេ​។ ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​អាយុកាល​ប្រើប្រាស់​បាន​ពី ១០-១២​ឆ្នាំ ចំណែក​ផ្លូវ​យើង​ធ្វើ​កន្លងមក​ស្តើង ប្រើប្រាស់​បានតែ ៥-៨​ឆ្នាំ​ប៉ុណ្ណោះ​។ លោក​ក៏​សង្ឃឹម​ក្រុមហ៊ុន​សាងសង់​ផ្លូវ​នេះ​នឹង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​សាងសង់​មាន​គុណភាព​ខ្ពស់ ប្រើប្រាស់​បាន ១២​ឆ្នាំ ទើប​យើង​ចាប់​អ៊ុត​មួយ​សារ​ទៀត​។ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា ផ្លូវជាតិ​លេខ ៥ ជា​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​ណាស់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​ប្រទេសជាតិ ជា​កំណាត់​ផ្លូវ​ហាយវ៉េ ត​ភ្ជាប់​ពី​ប្រ​ទេ​ថៃ ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម​។ លោក​សូម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ក៏ត្រូវ​គោរព​ច្បាប់​ដឹកជញ្ជូន​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ប្រើប្រាស់​បានយូរ​អង្វែង ជៀសវាង​ការដឹក​លើស​ទំងន់​ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹងធ្វើ​ការបន្ត​ចាប់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​មក​ផាកពិន័យ​ទៅតាម​ច្បាប់ និង​រៀបចំ​ដាក់​ជញ្ជីង​ដើម្បីឱ្យ​រថយន្ត​ចូល​ថ្លឹង​ត្រួតពិនិត្យ​ទម្ងន់​ដឹកជញ្ជូន​បាន​ត្រឹមត្រូវ​ថែមទៀត​៕