ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​វៀតណាម សម្ដែង​មោទនភាព​ដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម កើន​ដល់​៣.៨០០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧

ភ្នំពេញ​ ៖​ លោក ង្វៀន ស៊ុន​ហ្វួ​ក​(Nguyen XuanPhuc)​នាយករដ្ឋមន្ត្រី​វៀតណាម បាន​សំដែង​ការ​រីករាយ​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ ដែល​បាន​កើន​ឡើង​ដល់ ៣.៨០០ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៧ កន្លងមកនេះ។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ង្វៀន ស៊ុន​ហ្វួ​ក (Nguyen XuanPhuc) នា​ព្រឹក​ថ្ងៃទី ១០ ខែ មករា​នេះ​។ ក្នុង​ឱកាស​នោះ លោក ង្វៀន ស៊ុន​ហ្វួ​ក បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ​វត្ដ​មាន​របស់​លោក​នៅ​កម្ពុជា​នា​ពេល​នេះ​។ លោក​ក៏បាន​សំដែង​ការរីករាយ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ សង្គម​បាន​យ៉ាង​ល្អប្រសើរ ជាមួយនឹង​សុខ​សន្តិភាព និង ស្ថិរភាព​នយោបាយ ពេញលេញ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី​បាន​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ដោយ​លោក​សង្ឃឹមថា​ កិច្ចប្រជុំ​នេះ​និង​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង ជួយ​លើកស្ទួយ​កិត្យានុភាព​របស់​កម្ពុជា​ទាំង​នៅក្នុង​តំបន់ និង នៅលើ​ពិភពលោក​។

លោក ង្វៀន ស៊ុន​ហ្វួ​ក បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផង​ដែរ​អំពី​កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម​ដែល​ឆ្នាំនេះ​បាន​កើន​ឡើង​ដល់​៣.៨០០ លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ មានការ​កើន​ឡើង​ប្រមាណ ២៥ ភាគរយ​។ លោក ង្វៀន ស៊ុន​ហ្វួ​ក ក៏បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ​ថា ​ឆ្នាំនេះ​វៀតណាម​បាន​នាំចូល​ផលិតផល​កសិកម្ម ពី​ប្រទេស​កម្ពុជា​ប្រមាណ ១.០០០ លាន​ដុល្លារ​អាមេរិក។

ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍​លោក ង្វៀន ស៊ុន​ហ្វួ​ក ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ នៅ​កម្ពុជា និង បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​លោក ង្វៀន ស៊ុន​ហ្វួ​ក នា​ពេល​នេះ​ដែល​នឹង​ធ្វើ​ឲ្យ​សន្និសីទ​កំពូល​នេះ​កាន់តែ​ទទួល​បាន​ជោគជ័យ​ធំធេង​ថែមទៀត៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684