ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ថៃ បង្ហាញ​នូវ​ក្ដី​រីករាយ​ជាមួយ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​ថៃ​

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប្រា​យុទ្ធ​ចាន់​អូ​ចា​(Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​ថៃ​ចូល​ជួប​ពិភាក្សា​ការងារ​នា​ល្ងាច​ថ្ងៃ​ទី១០ ខែមករា នៅ​វិមាន​សន្តិភាព។ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ថៃ​។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា ​នៅ​ក្នុង​ជំនួប​នោះ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សំដែង​ការ​អរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ស្វាគមន៍​រូបលោក និង គណៈប្រតិភូ​យ៉ាង​កត់​ក្តៅ​នាពេលនេះ។

លោក ប្រា​យុទ្ធ បាន​លើក​ឡើង​ថា​ កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​តែម្តង​ទាំង​ប្រាំមួយ​ប្រទេស។ កិច្ចប្រជុំ​នេះ​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំង​ប្រាំមួយ​ប្រទេស​។ លោក ប្រា​យុទ្ធ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​កិច្ច ប្រជុំ​នេះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ទទួល​បាន​ជោគជ័យ​ជាមិនខាន​។

ពាក់ព័ន្ធ​បញ្ហា​ទ្វេភាគី លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានបង្ហាញ​ការ​រីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​ការ​តភ្ជាប់​រវាង​ប្រទេស​ទាំងពីរ ដូចជា​ការ​បើក​ច្រក​ព្រំដែន​ស្ទឹង​បត់ និង ការ​តភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ទាំងពីរ​។ លោក​ក៏បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំងក្លា​ថែមទៀត​ រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​។

ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការ​លើកឡើង​របស់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា និង បាន​ថ្លែងអំណរគុណ​ចំពោះ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​និង​ប្រតិភូ​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ ឡាន​ឆាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចាត់ទុក​វត្តមាន​របស់​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានធ្វើ​ឲ្យ​កិច្ចប្រជុំ​នេះ​កាន់​តែមាន​សារៈសំខាន់​ខ្លាំង​ឡើង​ថែមទៀត​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ជូន​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ថៃ កាលពី​ឆ្នាំ ២០១៧ កន្លង​ទៅ​បាន​កើន​ឡើង​រហូតដល់ ៥.៥០០ លាន​ដុល្លារ អាមេរិក ដែល​ចំនួន​នេះ​បាន​កើន​ឡើង​ប្រមាណ ១០ ភាគរយ​បើ​ប្រៀបធៀប​ឆ្នាំ ២០១៦​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​សង្ឃឹមថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កើន​ឡើង​ថែមទៀត តាមរយៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​តភ្ជាប់ និង ការបើក​ច្រក់ព្រំដែន​ថ្មីៗ​បន្ថែម​ទៀត​។​

គួរ​បញ្ជាក់​ថា ​លោក ប្រា​យុទ្ធ​ចាន់​អូ​ចា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី១០ ខែ មករា នេះ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នេះ លោក ប្រា​យុទ្ធ​ចាន់​អូ​ចា ក៏បាន​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ព្រះរាជាណាចក្រ​ថៃ​វិញ​នា​ព្រលប់​ថ្ងៃទី ១០ ខែ មករា នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684