ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​បទល្មើស​នេសាទ​តាម​ដង​ទន្លេ និង​ បឹងទន្លេសាប​

​ភ្នំពេញ ​៖ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ដឹកនាំដោយលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​រួម​និងអភិបាល និង ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ដែល​ស្ថិតនៅ​ជុំវិញ​បឹង​ទន្លេសាប បាន​អញ្ជើញចុះ​ពិនិត្យ និងវាយតម្លៃបទល្មើស​នេសាទតាម​ដង​ទន្លេ និង ​បឹង​ទន្លេសាប​។​

ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា កាលពីថ្ងៃ​អង្គារ ៨​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹងថ្ងៃទី​០៩ ខែមករា គ​.​ស​.២០១៨ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹកនាំសមាជិក​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់ ​និង ​បង្ក្រាប​បទល្មើសនេសាទ​នៅ​បឹង​ទន្លេសាប រួមជាមួយ​លោកអភិបាល និង ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ដែល​ស្ថិតនៅ​ជុំវិញ​បឹង​ទន្លេសាប បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​បទល្មើស​នេសាទតាម​ដង​ទន្លេ និង​បឹង​ទន្លេសាប។​

​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ជលផលបាន​ឲ្យ​ដឹងថា​ ផល​នេសាទ​សម្រាប់​ឆ្នាំ​ ២០១៧-២០១៨ អាច​ទទួលបាន​ផល​សរុប = ៨៥៦ ៥០០ តោន (​អាច​កើន​ជាង​ឆ្នាំ​ ២០១៦ ចំនួន ៥៣ ៧៦៣ តោន​) ក្នុងនេះ ​១.ទឹកសាប​អាច​ទទួលបាន = ៥២៧ ៧៩៥ តោន (​កើន​ជាង​ឆ្នាំទៅ = ១៨ ៤៤៥ តោន​) ២. សមុទ្រ = ១២១ ០២៥ តោន (​កើន​ជាង​ឆ្នាំទៅ = ៤២៥ តោន​) ៣.វារីវប្បកម្ម = ២០៧ ៤៤៣ តោន (​កើន​ជាង​ឆ្នាំទៅ = ៣៤ ៨៩៣ តោន​) ការបង្ក្រាប​បទល្មើស​ក្នុង​ឆ្នាំ ​២០១៧ មាន ៣ ៩២៥​ករណី (​កើន​ជាង​ឆ្នាំទៅ ២៧៥ ករណី ក្នុងនេះ​មាន ៣៧ ករណី នៅ​សមុទ្រ​) ។

​របាយការណ៍ដដែល​បន្តថា ឧបករណ៍​ល្មើស​រឹបអូស​ និង ​បំផ្លាញចោលក្នុង​ឆ្នាំ​២០១៧៖ ១. របាំង​សាច់​អួន និង​ស្បៃ​មុង =១ ៦១៩ ៤៤០ ម៉ែត្រ, ២.សម្រាស់​ទំហំ = ៣៧ ៧២០ ម៉ែត្រការ៉េ, ៣.ឧបករណ៍​ឆក់​ត្រី​=៥២៧ គ្រឿង,៤. អួន អូស ឬ អូន​ហ៊ុម =១២៥ វង់,​ ៥.បញ្ជូន​សំណុំរឿង​ទៅតុលាការ =៨៦ ករណី ក្នុងនេះ​បាន​ជាប់ពន្ធនាគាចំនួន ៥៦ នាក់ ហើយ​និងពិន័យ​អន្តរការណ៍ចំនួន ១០៦ ករណី ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន ២៣០ ៦៦៥ ០០០ រៀល ។​

​ឆ្លើយតប​ទៅ​នឹង​ការលើក​ឡើង​របស់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុក Sokharun Kang ដែលលើកឡើងថា «​ពេល​អន្តរក្រសួង​ដកចេញ​បានដៃ​ពួក​អា​ម៉ី​អា​ថោង​ទៀតហើយ​» លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បា​ន​សរសេរ​សារតបទៅអ្នក​ខម​មិនវិ​ញថា គណៈកម្មការ​អន្តរក្រសួងចុះទៅ​នេះដើម្បី​វាយតម្លៃតែប៉ុណ្ណោះ មិនមាន​ការដកចេញ​ទៅណា​ទេ នេះជា​សកម្មភាព​នៃ​ការធ្វើការ​វាយតម្លៃ​រួមគ្នា ​នៃ​គណៈកម្មការ​អន្តរក្រសួង​តែប៉ុណ្ណោះ ហើយទន្ទឹមនឹងនេះ ក៏​នៅមាន​អ្នកតាមដាន​ត្រួត​ពិនិត្យមើល​ជាប្រចាំ ១) គណៈបញ្ជាការ​ឯកភាពខេត្ត ២) អង្គភាព​ប្រឆាំង​អំពើពុករលួយ ៣) អធិការ​ជលផល និង​រដ្ឋបាល​ជលផល ៤)​សារព័ត៌មាន​រួមទាំង​លោក​ផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114