ព័ត៍មានទាន់​ហេតុការណ៏
Search

ឌី​ជេ​ អាចារ្យ​ធំ ប្រកាស​លក់​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ដើម្បី​យក​ប្រាក់​ដោះ​បំណុល

​ភ្នំពេញ ​៖ ​តារា​ចម្រៀង​រ៉េ​ប​ឌីជេ​ អាចារ្យ​ធំ នគររាជ​ ថ្មីៗ​នេះ​ បាន​ធ្វើការ​ប្រកាស​ដាក់លក់​ឡាយឡុង​នូវ​ឧបករណ៍​គ្រឿង​ភ្លេងបុរាណ​ខ្មែរ ​ដើម្បី​យក​ប្រាក់​សងបំណុល​គេ ​បន្ទាប់ពី​ការរៀបចំ​ពិធីបុណ្យ​បេតិកភណ្ឌ​មាន​រយៈពេល​៣​ថ្ងៃ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ ជួប​ការ​ខ្វះខាត ដោយ​ពុំ​ទទួលបានការឧបត្ថម្ភ​ពី​សំណាក់​ភាគី​ណាមួយ។

បើតាម​ប្រភពពី​ម្ចាស់​ Account Facebook ឈ្មោះ Chum Ravorn បាន​ទម្លាយ​ថា ​បងប្រុស អាចារ្យ​ធំ នគររាជ ប្រកាស​លក់​ឧបករណ៍​បុរាណ​យក​ថវិកា​សង​ការ​ខ្វះ​ខាត ​ក្រោយ​ការរៀបចំ​កម្មវិធី​វប្បធម៌​ដែល​គ្មាន​អ្នក​ឧបត្ថម្ភ ក្នុងនោះ​ផងដែរ​ខ្ញុំ​ក៏បាន​ជួយ​យក​ល្ខោន​ស្បែក​ធំ​មក​រក្សា​ទុកជាបុព្វ​ដំណែល​ដូនតា ទុកជា​ភស្តុតាង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​….​។​ឱ​សិល្បៈ​វប្បធម៌​របស់ជាតិ​ខ្ញុំ​កម្សត់​ម្ល៉េះ​?​។

​ដោយឡែក​បើ​ក្រឡេក​ទៅ​មើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារាចម្រៀង​ឌី​ជេ​ អាចារ្យធំ ក៏បាន​សរសេរ​ភ្ជាប់​ជាមួយ​ការ​ Live​ វីដេអូ​មក​ថា ​ប្រកាស​លក់​ឧបករណ៍​ភ្លេង​បូរាណ​ខ្មែរ យកលុយទូទាត់​ការចំណាយ​ជំពាក់​គេ ក្រោយ​រៀបចំ​កម្មវិធី​វប្បធម៌​ដែល​គ្មានអ្នក​ឧបត្ថម្ភ​។

​តាមរយៈ​ការ​ Live វីដេអូ​តារាចម្រៀង​ឌី​ជេ ​អាចារ្យធំ បាន​លើកឡើងថា​ ក្រោយ​ពេលដែល​យើងរៀបចំ​ទិវា​បេតិកភណ្ឌ​មាន​រយៈពេល​៣​ថ្ងៃ​ នៅ​រមណីយដ្ឋាន​វត្តភ្នំ​ គឺ​ក្នុង​កម្មវិធី​នេះ​ទាំងមូលពុំមាន​ការឧបត្ថម្ភ​ឡើយ​។ ​ដូច្នេះហើយ​ទើប​តម្រូវ​ឲ្យ​អ្នករៀបចំ​កម្មវិធី​(​សាលា​មរតក​ហ្វូណន)​ជួប​ការខ្វះ​ខាត​ ដោយ​ជំពាក់​ប្រាក់​ថ្លៃ​ចំណាយ​មាន​រហូត​ខ្ទង់​៣​ពាន់​ដុល្លារ​។

​ឌីជេ​​ អាចារ្យធំ បាន​បន្តទៀតថា​ ជំនា​ន់​ទី​១​ បន្ទាប់ពី​ទូទាត់​ទៅ​ឃើញថា​នៅមាន​ការ​ជំពាក់​លុយ​គេសរុប​ចំនួន​៣​ពាន់​ដុល្លារ​នោះ ​គឺ​ខាង​ម្ចាស់​រៀបចំ​កម្មវិធី​ក៏បាន​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​នៅ​ធនាគារ ប៉ុន្តែ​ជា​លទ្ធផល​គឺ​គេ​ពុំ​ទទួល​ឡើយ​ ហេតុនេះ​ទើប​សម្រេច​យក​ឧបករណ៍​ភ្លេងបុរាណ​មាន​ រនាត​ធំ ស្គរ ស្បែក ដើម្បី​មក​ប្រកាស​លក់ឡាយឡុង​យកប្រាក់​សងបំណុល​គេ​។​

​ឌី​ជេ​ អាចារ្យធំ បាន​បន្ថែមថា សម្រាប់​ក​ម្ម​វិធី​ទិវា​បេតិកភណ្ឌ​ខ្មែរ​នេះ ​ធ្លាប់​រៀបចំ​ធ្វើឡើង​មាន​ចំនួន៣​ឆ្នាំ​មកហើយ ​ប៉ុន្តែ​ទើបតែ​បរាជ័យ​ឆ្នាំ​ចុងក្រោយ​ដែល​ធ្វើឡើង​នៅ​វត្តភ្នំ​ ព្រោះតែ​គ្មានការចូលរួម​គាំទ្រ​ឧបត្ថម្ភ​ពី​មហាជន​។ ​ដូច្នេះ​ដើម្បី​ដោះ​ទាល់​មានតែ​បង្ខំចិត្ត​បញ្ចេញ​របស់ទាំងនេះ​លក់​យកលុយ​សងបំណុល​គេ​សិន​៕