ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ឡើង​កម្ដៅ​ផែនដី​ នឹង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បន្ថែម​ទៀត​រងគ្រោះ​ដោយ​ទឹកជំនន់

ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ឡើង​កម្តៅ​ផែនដី​ត្រូវបាន​គេ​រំពឹង​ថា ​​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​កាន់តែច្រើន​ដោយ​បណ្តាល​ឲ្យ​មនុស្ស​រាប់លាន​នាក់​រងគ្រោះ​កាន់តែ​ខ្លាំង​ជាមួយនឹង​គ្រោះទឹកជំនន់​ជាពិសេស​នៅ​សហរដ្ឋអាមេរិក​និង​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី អាហ្វ្រិក​និង​អឺរ៉ុប​កណ្តាល​។​

ការសិក្សា​នៅក្នុង​ទស្សនា​វ​ដ្តី Science Advances បាន​គណនា​ថា តើ​ការការពារ​ទឹកជំនន់​កម្រិតណា​ដែល​ត្រូវការ​ដើម្បី​រក្សា​ហានិភ័យ​នៃ​ទឹកជំនន់​ឲ្យ​នៅ​ថេរ​ក្នុង​រយៈពេល​២៥​ឆ្នាំ​ខាងមុខនេះ​។​

របាយការណ៍​នេះ​បាន​ព្រមាន​ថា បើសិនជា​គេ​មិន​ចាត់វិធានការ​នានា​ដូចជា​ពង្រីក​ទំនប់ បង្កើន​ស្តង់ដា​សាងសង់ ផ្លាស់ប្តូរ​ទីលំនៅ​និង​គ្រប់គ្រង​ទន្លេ​ទេនោះ ចំនួន​មនុស្ស​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ​អាច​នឹង​កើនឡើង​។​

របាយការណ៍​នេះ​បាន​និយាយទៀតថា អាស៊ី​ដែលជា​ទ្វីប​មាន​ហានិភ័យ​ខ្ពស់បំផុត​នៃ​គ្រោះទឹកជំនន់​ជា​ប្រវត្តិសាស្ត្រ​នោះ នឹង​ទទួលរង​ការវាយប្រហារ​ខ្លាំងជាងគេ​បំផុត​ដោយ​ចំនួន​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទន្លេ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង​ពី​៧០​ទៅ​១៥៦​លាន​នាក់​នៅត្រឹម​ឆ្នាំ​២០៤០​។​

របាយការណ៍​បាន​បន្ថែមថា “​នៅ​តំបន់​អាមេរិក​ខាងត្បូង​, ចំនួន​មនុស្ស​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ទំនងជា​នឹង​កើនឡើង​ពី​៦​ដល់​១២​លាន​នាក់​ហើយ​នៅ​ទ្វីបអាហ្វ្រិក​មាន​ពី ២៥​ទៅ​៣៤​លាន​នាក់​”​។​

នៅក្នុង​ប្រទេស​អាល្លឺម៉ង់​, ចំនួន​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង​៧​ដង​ពោលគឺ​ពី​១០០,០០០​ទៅ​៧០០,០០០​នាក់​។​

នៅ​តំបន់​អាមេរិក​ខាងជើង វា​អាច​នឹង​កើនឡើង​ពី​១០០,០០០​ទៅមួយ​លាន​នាក់​។​
​ការកើនឡើង​នៃ​ហានិភ័យ​គ្រោះទឹកជំនន់​នៅតាម​ទន្លេ​នៅក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ខាងមុខនេះ​កំពុង​ត្រូវបាន​ជំរុញ​ដោយ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បញ្ចេញ​រួចទៅហើយ​នៅក្នុង​បរិយាកាស​ដោយ​ការដុត​ហ្វូ​ស៊ី​ល​ឥន្ធនៈ​។​

នៅពេលដែល​មានការ​បំពុល​កម្ដៅ​នៅ​ជុំវិញ​ផែនដី​, មាន​សំណើម​កាន់តែច្រើន​នៅលើ​អាកាស​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ទាំងនេះ​គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះទឹកជំនន់​សម្រាប់​មនុ​ស្ស​ជំនាន់​ក្រោយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684