ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ត្រាំ និង​លោក មូ​ន បើកចំហ​សម្រាប់​កិច្ចចរចា​ជាមួយ កូរ៉េខាងជើង

សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​ បាន​បើកចំហ​ចំពោះ​កិច្ចចរចា​របស់​អាមេរិក​ជាមួយ​កូរ៉េខាងជើង​ បន្ទាប់ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន​បានបង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ចូលរួម​ពិភាក្សា​ជាមួយ​លោក គីម ជុង​អ៊ុន​។​

សញ្ញា​នៃ​ការ​ធូរស្បើយ​បន្ទាប់ពី​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ការបញ្ជូន​អត្ត​ព​លិ​ក​ទៅ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​កូរ៉េខាងត្បូង​ដែល​ទង្វើ​នេះ​ត្រូវបាន​សហគមន៍​អន្តរជាតិ​ស្វាគមន៍​យ៉ាង​ទូលំទូលាយ​។​

សេត​វិមាន​បាន​និយាយថា នៅក្នុង​ការនិយាយ​ទូរស័ព្ទ​ជាមួយ​លោក មូ​ន​, លោក​ត្រាំ​បានបង្ហាញ​ពី​ភាព​បើកទូលាយ​របស់លោក​ក្នុង​ការចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង​ក្នុង​ពេលវេលា​ដែល​សម​ស្របតាម​កាលៈទេសៈ​ត្រឹមត្រូវ​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​Sarah Sanders បន្ថែមថា មេដឹកនាំ​ទាំងពីរ​ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបន្ត​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរិមា​ប្រឆាំងនឹង​កូរ៉េខាងជើង​ផងដែរ​។​

លោក​មូ​ន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។ កាលពី​ម្សិល​មិញជា​ជំហាន​ដំបូង​ហើយ​ខ្ញុំ​គិតថា​យើង​មានការ​ចាប់ផ្តើម​ដ៏​ល្អ​។ ការនាំ​កូរ៉េខាងជើង​ឲ្យ​មក​ចរចា​អំពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​គឺជា​ជំហាន​បន្ទាប់​ដែល​យើង​ត្រូវតែ​អនុវត្ត​”​។​

អស់​រយៈពេល​ជា​យូរ​មកហើយ លោក​មូ​ន​បាន​គាំទ្រ​ការទាក់ទង​ជាមួយ​កូរ៉េខាងជើង​ដើម្បី​នាំ​វា​ទៅកាន់​តុ​ចរចា​ស្តីពី​កម្មវិធី​អាវុធ​របស់ខ្លួន​ដែល​បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​សហរដ្ឋអាមេរិក​និង​សហគមន៍​សកលលោក​ហើយ​បាន​បណ្តាល​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ទទួលរង​នូវ​ទណ្ឌកម្ម​ជាច្រើន​របស់​អង្គការសហប្រជាជាតិ​។​

ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​និយាយថា របប​នេះ​ត្រូវតែ​បញ្ឈប់​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​ប្រសិនបើ​ការចរចារ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​នឹង​ប្រព្រឹត្តទៅ​។​
​លោក​មូ​ន​បាន​ទទូចថា “​យើង​គ្មាន​ការខ្វែងគំនិត​ជាមួយ​សហរដ្ឋអាមេរិក​ទេ​។ យើង​បាន​ចែករំលែក​ការយល់ដឹង​អំពី​បញ្ហា​សន្តិសុខ​និង​ការធ្វើការ​ជាមួយគ្នា​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684