ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ ការ​លះបង់​របស់​យុទ្ធជន​សម័យមុន ដើម្បី​រំដោះ​ជាតិ គឺជា​គំរូ​វីរភាព​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ការពារ​ឲ្យ​បាន​នូវតម្លៃ​នៃ​សន្តិភាព

ភ្នំពេញ​ ៖ លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ការ​លះបង់​របស់​យុទ្ធជន​សម័យមុន ដែល​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​រំដោះ​ជាតិ​ឲ្យ​រួច​ផុតពី​របប​ប្រល័យ​ពូជ​សាស្ត្រ និង​កសាង​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ​​ដូច​សព្វថ្ងៃ គឺជា​គំរូ​វីរភាព​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ចងចាំ និង​ការពារ​ឲ្យ​បាន​នូវ​នូវ​តម្លៃ​នៃ​សុខសន្តិភាព​។

លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណ​:​កម្ម​ការរៀបចំ​កីឡា​កងយោធពល​ខេមរភូមិន្ទ លើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​សា​ព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ស្តីពី​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ដើម្បី​អបអរសាទរ​ទិវា​បុណ្យជាតិ ៧​មករា។

លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើងថា គោលបំណង​នៃ​ការរៀបចំ​កីឡា​កងទ័ព​មាន​ចំណុច​សំខាន់​៤ គឺ​ទី​១-​ដើម្បី​អបអរសាទរ​ទិវា​បុណ្យជាតិ​៧​មករា លើក​ទី​៣៩ ដែល​បាន​រំដោះ​ប្រជាជាតិ យើង​ឲ្យ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍ ទី​២-​ដើម្បី​រំលឹក​ដល់​គុណូបការៈ​នៃ​អតីតយុទ្ធជន​ខ្មែរ​យើង ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ហើយ​កម្មវិធី​នេះ ក៏​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​អតីតយុទ្ធជន​ផងដែរ ទី​៣- ដើម្បី​ឲ្យ​មហាជន ជាពិសេស​យុវជន​ស្វែងយល់​អំពី​កងទ័ព និង​ភារកិច្ច ព្រមទាំង ការចូលរួម​របស់​ក​ង​ទ័ព​ក្នុងការ​ការពារជាតិ សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ ទាំង​កាលៈទេសៈ​សង្គ្រាម និង​សន្តិភាព ក៏ដូចជា​ដើម្បី​បង្កើត​នូវ​ចំណងមិត្តភាព រវាង​មហាជន និង​កម្លាំងប្រដាប់អាវុធ ឲ្យ​ចំណង​សាម​គី្គ​ភាព និង​សុខដុមរមនា និង​ទី​៤- ដើម្បី​បង្កើន​នូវ​សាមគ្គីភាព​រវាង​មហាជន និង​កងកម្លាំងប្រដាប់អាវុធ ដូច្នេះ​នៅក្នុង​ពិធី​នេះ ក៏មាន​ស្តង់​ពិព័រណ៍​របស់​មហាជន​ចូលរួម​ផងដែរ​។

ទាក់ទង​ទៅ​នឹង​សំណួរ​អ្នកសារព័ត៌មាន អំពី​ការ​ខុសប្លែកគ្នា រវាង​ការរៀបចំ​កីឡា​កងយោធពល​ខេមរភូមិន្ទ​កាលពី​ឆ្នាំមុន លោក​ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ចំនួន​នៃ​អ្នកចូលរួម​មានការ​កើនឡើង​ដល់​៤៦​ក្រុម ហើយ​ក៏​មាន​ការចួលរួម​ពី​មហាជន ក្រៅពី​កងកម្លាំង​ទ័ព​ចំនួន​២៨​ក្រុម​ផងដែរ ដូច្នេះ​ចំនួន​អ្នកចូលរួម​ការប្រកួត​កីឡា​នេះ សរុប​មាន​ជាង​៥០០​នាក់​។ លោក​បន្ត​ថា ក្នុងនោះ ក៏​មាន​ការបង្កើត​ឧបសគ្គ ដើម្បី​កែសម្រួល​ក្នុង​ការ​ប្រកួត​នេះ​ផងដែរ ធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​នីមួយៗ​ប្រឹងប្រែង​ក្នុងការ​ប្រកួត ដើម្បី​ទទួលបាន​ជោគជ័យ។

ដោយឡែក​ទាក់ទង​នឹង​ការ​តាំងពិព័រណ៍​អាវុធ​យុទ្ធភណ្ឌ​កងទ័ព ដែល​មាន​រថក្រោះ រថពាសដែក និង​យន្តហោះ​ជាដើម លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ធ្វើឡើង​ដើម្បី​ឲ្យ​មហាជន​ស្វែងយល់​ពី​ការការពារ​ជាតិ ស្វែងយល់​ពី​សមត្ថភាព​របស់​កងទ័ព និង​គ្រឿង​សម្ភារៈ​របស់​កងទ័ព ក៏ដូចជា​ការងារ​មួយ​ចំនួន​ទៀត ដែល​កងទ័ព​ធ្វើ​សម្រាប់​ជាតិ​មាតុភូមិ​។ ដូច្នេះ​នៅ​ក្នុង​ពិព័រណ៍​នេះ មានការ​ជីក​លាន​ដ្ឋា​ន មាន​អាវុធយុទ្ធភណ្ឌ​ផ្សេងៗ ប្រៀប​ដូចជា​សមរភូមិ​ពិតៗ​ដើម្បី​ឲ្យ​មហាជន​ស្វែងយល់​ពី​សកម្មភាព​ការពារ​ជាតិ​។ បើ​តាម​លោក ហ៊ុន ម៉ា​ណែ​ត ឆ្នាំនេះ មាន​៣៨​អង្គភាព​បាន​ចូលរួម ហើយ​ក្រុម​នីមួយៗ បានរៀបចំ​នូវ​សកម្មភាព​របស់ខ្លួន ដែលមាន​ដូចជា​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេល​ជួប​គ្រោះមហន្តរាយ និង​ផ្នែក​សុខាភិបាល​ជាដើម​។

ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន ទាក់ទង​ភារកិច្ច​នៃ​ការប្រឆាំង​បដិវត្តន៍​ពណ៌​របស់​ក​ង​ទ័ព លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា កង​យោធពល​ខេមរភូមិន្ទ បេ្ត​ជ្ញា​ការពារ​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត​រយៈពេល​៥​ឆ្នាំ​ម្តង តាមរយៈ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បដិវត្ត​ពណ៌ គឺជា​សកម្មភាព​មួយ​នៃ​ការប្រមូលផ្តុំ​បញ្ឆេះ​មហាជន ដើម្បី​ដណ្តើម​អំណាច​ខុសពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​ជាការ​ញុះញង់​ទៅតាម​មធ្យោបាយ​ខុសច្បាប់ ខុស​រដ្ឋធម្មនុញ្ញ ខុស​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​បញ្ហា​នេះ កងយោធពល​ខេមរភូមិន្ទ បេ្ត​ជ្ញា​មិន​ឲ្យ​កើតមានឡើង​នៅលើ​ទឹកដី​កម្ពុជា​នោះទេ ពីព្រោះ​វា​អាចធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ជាតិ និង​បំផ្លាញ​នូវ​សុខសន្តិភាព ព្រមទាំង​ការអភិវឌ្ឍ ដូច​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​នៅ​មជ្ឈិមបូព៌ា ហើយ​លទ្ធផល​នៃ​បដិវត្ត​ពណ៌ នៅ​ប្រទេស​ចំនួន​នៅ​មជ្ឈិមបូព៌ា​នោះ ដូច​យើង​បានឃើញ​ស្រាប់ ដែល​មកដល់ពេលនេះ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​។ ចំណែក​ប្រទេស​កម្ពុជា​ក៏​ធ្លាប់​ឆ្លងកាត់​នូវ​ការផ្តួលរំលំ​រដ្ឋាភិបាល​ផងដែរ គឺ​សម័យ​សម្តេចព្រះ​ន​រោ​តម សីហនុ ដែល​ជាការ​ធ្វើឡើង មិន​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ធ្វើ​ឲ្យ​ប្រទេស​យើង​មាន​សង្គ្រាម​រយៈពេល​ជាង​៣០​ឆ្នាំ​។

ទាក់ទង​ការតស៊ូ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​រំដោះប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ដូច​យើង​បាន​ឃើញ​ហើយ​នូវ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​តាមរយៈ​ខ្សែ​វីដេអូ ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្មីៗ​នេះ ជាពិសេស​ដំណើរ​នៃ​ការ​តស៊ូ ដើម្បី​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាសន៍ ដែល​វីដេអូ​នោះ ទី​១, បានបង្ហាញ​ពី​គំរូ​វីរភាព និង​ការលះបង់​របស់​យុទ្ធជន​យើង​នា​សម័យ​នោះ ហើយ​ពេលនោះ សម្តេច​តេ​ជោ ក៏​ជា​យុទ្ធជន​មួយរូប​ដែរ ដែល​រួមគ្នា​ជាមួយ​យុទ្ធជន​ជាច្រើន​ទៀត ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​រំដោះជាតិ​យើង​ឲ្យ​រួច​ផុតពី​របប​ប្រល័យ​ពូជ​សាស្ត្រ ហើយ​កសាង​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ​ន៍​ដូច​សព្វថ្ងៃ​។ ដូច្នេះ​នេះ​ជា​គំរូ​វីរភាព​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ដើម្បី​បង្ហាញ​នូវ​ភាពក្លាហាន និង​ការ​លះបង់​ដើម្បី​ជាតិ មាតុភូមិ ទី​២, ដើម្បី​ឲ្យ​យល់ថា សមិទ្ធផល​ដែល​យើង​មាន​សព្វថ្ងៃ​នេះ បាន​មក​ពី​ការ​លះបង់ តម្លៃ​នៃ​ការ​លះបង់ ថា​តើ​បានមក​ដោយ​លំបាក​ប៉ុណ្ណា ដើម្បី​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​យើង​ចងចាំ និង​ការពារ​ឲ្យ​បាន​នូវ​តម្លៃ​នៃ​សុខសន្តិភាព ដែល​ទទួលបាន​មកដល់​សព្វថ្ងៃ​។

សូម​បញ្ជាក់​ថា កម្មវិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ គ្រោង​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២ ទី​១៣ និង ទី​១៤ ខែមករា ឆ្នាំ​២០១៧​។

តាម​សេចក្តីជូនដំណឹង​របស់​ក្រុមការងារ​ស្ដីពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹងថា ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៨ ធ្វើឡើង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ នៃ​ទិវា​បុណ្យជាតិ ៧​មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) ដើម្បី​រំលឹក​ឡើងវិញ​នូវ​គុណូបការៈ​របស់​មហា​វីរភាព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បង្ហាញ​នូវ​សមត្ថភាព ចំណង​សាមគ្គីភាព រវាង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួមជាមួយ​មហាជន និង​យុវជន និង​ដើម្បី​អនុវត្តន៍​គោលនយោបាយ​កំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ​ឱ្យបាន​ស៊ីជម្រៅ ព្រមទាំង​ពង្រឹងពង្រីក​ធនធានមនុស្ស​នៅក្នុង​កងយោធពល​ខេមរភូមិន្ទ ការ​បំផុសស្មារតី​ឱ្យ​ចេះ​ស្រឡាញ់​កងទ័ព និង​ការស្វែងយល់​ពី​បុព្វហេតុ​របស់​យោធិន​កងយោធពល​ខេមរភូមិន្ទ​។

តាម​សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា ការប្រកួត​នេះ ក៏​ដើម្បី​បង្ហាញ​ទំនើបកម្ម​របស់​កង​យោធពល​ខេមរភូមិន្ទ និង​បន្ថែម​សម្ភារៈ​មួយចំនួន​ទាក់ទង​កងទ័ព​ជើង​អាកាស​ផ្នែក​សង្គ្រោះ​។ ដោយឡែក​នៅក្នុង​ការប្រកួត​កីឡា​នោះ ក៏មាន​ការ​ដាក់​តាំងពិព័រណ៍​សម្ភារៈ​យោធា​មួយចំនួន ទាក់ទង​សម្ភារៈ​កងទ័ព​ផងដែរ ហើយ​ការ​តាំង​បង្ហាញ​នេះ​មិនមែន​ដើម្បី​បង្ហាញ​សាច់ដុំ​ខាង​យោធា​នោះទេ​។

ចំណែក​វិញ្ញាសា​សម្រាប់​ការប្រកួត​នេះ មាន​ពីរ​ប្រភេទ ដោយ​ក្នុង​មួយ​ប្រភេទ​មាន​៣​វិញ្ញាសារ​រួមមានៈ រត់​កំម៉ង់ដូ ចម្ងាយ​០៤​គីឡូម៉ែត្រ សែង​ហ្វ្រ​ង់​កា​ទម្ងន់​៥០​គីឡូក្រាម ចម្ងាយ​១,៥​គីឡូម៉ែត្រ និង​រត់​ឆ្លងកាត់​ឧបសគ្គ​សមូហភាព នៅ​គោលដៅ​ទី​១​។ វិញ្ញាសា​ក្នុង​ប្រភេទ​ទី​២ មានៈ រត់​កំម៉ង់ដូ​ចម្ងាយ​០៣​គីឡូម៉ែត្រ សែង​ហ្វ្រ​ង់​កា​ទម្ងន់​៥០​គីឡូក្រាម ចម្ងាយ​១​គីឡូម៉ែត្រ និង​រត់​ឆ្លងកាត់​ឧបសគ្គ​សមូហភាព នៅ​គោលដៅ​ទី​២៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684