ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ចិន​ជំរុញ​កម្ពុជា​ឲ្យ​ខិតខំ​ចរចា​ដើម្បី​ទទួលបាន​កញ្ចប់​ថវិកា​ជាង​១.៨០០​លាន​យន់ ដែល​ចិន​បានប្រកាស​ផ្តល់​ឲ្យ

ភ្នំពេញ​ ៖​ ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខិតខំ​បន្ត​ចរចា​ជាមួយ​ភាគី​ចិន ដើម្បី​ទាញ​យក​ថវិកា​ចំនួន ១.២០០ លាន​យ័ន​សម្រាប់​គម្រោង​តូចៗ​និង ៦០០ លាន​យ័ន​ទៀត​សម្រាប់​គម្រោង​ធំ មក​ប្រើប្រាស់ ដោយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន​បាន​បញ្ជាក់​ថា គម្រោង​ថវិកា​នេះ ប្រទេស​ចិន​បានប្រកាស​ផ្តល់​រួចហើយ​។

ឯកឧត្តម លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានប្រកាស​បែបនេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ១១ ខែ មករា​នេះ នៅ​វិមាន​សន្តិភាព នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម លី ខឺ​ឈាង បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា ចិន​មាន​ទឹកប្រាក់​ដែល​បាន​ប្រកាស​រួចហើយ​ចំនួន ១.២០០ លាន​យ័ន សម្រាប់​គម្រោង​តូចៗ និង ៦០០ លាន​យ័ន​ទៀត​សម្រាប់​គម្រោង​ធំ ដូច្នេះ​សូម​ឲ្យ​ភាគី​កម្ពុជា​និង​ភាគី​ចិន​បន្ត​ចរចា​គ្នា​ដើម្បី​ទាញ​យក​ថវិកា​នេះ​មក​ប្រើប្រាស់​។

នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម លី ខឺ​ឈាង បាន​សំដែង​អំណរ​អរគុណ​ជាខ្លាំង​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ទទួល​ស្វាគមន៍​ចំពោះ​រូបលោក​និង ប្រតិភូ​យ៉ាង​កក់ក្តៅ​ជាទីបំផុត ហើយ​ក៏បាន​សំដែង​នូវ​សេចក្តី​អបអរសាទរ​ចំពោះ​ការដឹកនាំ​ក្នុងនាម​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង។

ឯកឧត្តម លី ខឺ​ឈាង បាន​បន្ត​ថា នេះ​ជា​ខួប​ទី ៦០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​ចិន ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា​ពេលនេះ​គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​ខ្លាំងក្លា​ឡើង​ថែមទៀត។ ឯកឧត្តម បាន​បន្ត​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មាន​រយៈពេល​ខ្លី តែមាន​ប្រសិទ្ធភាព​ខ្ពស់​និង​ធ្វើ​កិច្ចការ​បាន​ច្រើន។ ឯកឧត្តម លី បាន​បន្ត​ថា នេះ​ក៏ដោយ​សារ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា ចិន មាន​លក្ខណៈ​ល្អ។ ​ជា​មួយ​នេះ ឯកឧត្តម​បាន​អះអាងថា ប្រទេស​ចិន​នឹង​បន្ត​ជួយ​កម្ពុជា​ថែមទៀត ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា។

​ជា​ការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ឆ្នាំនេះ​ជា​ឆ្នាំ​ដ៏​ពិសេស​មួយ ជា​ឆ្នាំ​ខួប​ទី ៦០ នៃ​ទំនាកទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង ជា​ការ​ចាប់ផ្តើម​ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម លី ខឺ​ឈាង ផង ហើយក៏​ជាការ​រ​ចូលរួម​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នេះ​គឺ​ឆ្លុះបញ្ចាំង​នូវ​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​។​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា ប្រទេស​ចិន​កំពុងតែ​នាំមុខ​នៃ​ការវិនិយោគ​នៅ​កម្ពុជា​រាប់ទាំង​គម្រោង​វិនិយោគ​ដែល​បាន​ចុះហត្ថលេខា​នៅពេលនេះ​ផងដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ចំណែក​វិស័យ​ទេសចរណ៍ ភ្ញៀវទេសចរ​ចិន​ក៏​កំពុង​នាំមុខ​ផងដែរ ក្នុងករណីនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ស្នើសុំ​ឲ្យ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន​ជួយ​ជំរុញ​ទេសចរ​ចិន​ឱ្យមក​កម្ពុជា ឱ្យ​កាន់តែ​ច្រើនឡើង​ផង និង ជួយ​ពិចារណា​នាំ​ស្ករអំពៅ​ចេញពី​កម្ពុជា​ផង​។

ជា​ការ​ឆ្លើយតប ឯកឧត្តម លី ខឺ​ឈាង បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន និង កម្ពុជា បន្តធ្វើ​ការពិភាក្សាគ្នា​លើ​ការនាំ​ស្ករអំពៅ​ចេញ ហើយ​ចំពោះ​វិស័យ​ទេសចរណ៍​ឯកឧត្តម​បាន​មានប្រសាសន៍ថា ប្រជាជន​ចិន​មានលទ្ធភាព​ចេញ​ធ្វើ​ទេសចរណ៍​ទៅ​ក្រៅ​ប្រទេស​បាន​ប្រមាណ ២០០ លាន​នាក់ ក្នុង​១​ឆ្នាំ ដូច្នេះ​ត្រឹម​១% នៃ​ទេសចរណ៍​ចិន​ចេញមក​កម្ពុជា​ក៏បាន​ចំនួន​២​លាន​នាក់​ដែរ ។ ក្នុង​បញ្ហា​នេះ ឯកឧត្តម​បាន​សន្យាថា ​នឹង​ជួយ​ជំរុញឱ្យមាន​ទេសចរណ៍​ចិន​បាន​មក​កម្ពុជា​កាន់តែច្រើន​ឡើង៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684