ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ឡាវ​កោតសរសើរ​ ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​ដឹកនាំ​ធ្វើជា​សហប្រធាន កិច្ចប្រជុំ​កំពូល​ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​លើក​ទី​២

ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី១១​ ខែមករា ឆ្នាំ២០១៨ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ។

ក្នុង​ជំនួប​នោះ​នាយករដ្ឋមន្ត្រី​ឡាវ​បាន​កោតសរសើរ​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​ដឹកនាំ​ធ្វើជា​សហប្រធាន ប្ដូរ​វេន​ជា​មួយនឹង​ប្រទេស​ចិន​ដែល​ជា​សហប្រធាន​អចិន្ត្រៃយ៍​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ពី​ថ្ងៃ​ទី ១០ -១១ ខែមករា ឆ្នាំ ២០១៨ នេះ។

ឯកឧត្តម​បាន​ស្នើ​ឲ្យ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បន្ត​គាំទ្រ​ឯកឧត្តម​ដោយសារតែ​ប្រទេស​ឡាវ​ត្រូវ​ទទួល​បន្ត​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ បន្ត​ពី​កម្ពុជា​នៅ​ឆ្នាំ ២០២០ ជា​សហប្រធាន​ជាមួយ​ប្រទេស​ចិន។

ក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន​ធ្វើការ​ផ្លាស់ប្ដូរ​កិច្ច​សហប្រតិបត្តិការ​និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដោយសារតែ​ប្រទេស​ឡាវ​និង​ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​ភូមិ​ផង​របង​តែមួយ ជាមួយគ្នា។ កិច្ចពិភាក្សា​នេះ គឺ​បាន​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​មានការ​រឹតបន្តឹង​បន្ថែមទៀត​ដើម្បី​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​នេះ​។​ កន្លងមក​កាលពី​ឆ្នាំ ២០១៧ មានការ​ជួប​គ្នា​ជាច្រើន ហើយ​ឆ្នាំ ២០១៨ នេះ​គឺជា​លើកដំបូង​ដែល​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ជួប​គ្នា ក្រោយ​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង​នៅ​ភ្នំពេញ​។ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​អំពី​ការបង្កើត​អគ្គ​កុងស៊ុល​នៃ​ប្រទេស​ទាំងពីរ​ដែល​ខាង​កម្ពុជា​បង្កើត​នៅ​ឯ​ខេត្ត​ចំប៉ា​សាក់ ហើយ​ភាគី​ឡាវ​បង្កើត​នៅឯ​ខេត្ត​ស្ទឹងត្រែង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​នៅក្នុង​ការ​ចេញចូល​ក៏ដូចជា​ទេសចរណ៍​និង​ពលរដ្ឋ​ប្រទេស​ទាំងពីរ។

ក្រៅពី​នេះ​មានការ​បើក​ច្រក​អន្តជាតិ​ថ្មី​រវាង​ប្រទេស​ទាំងពីរ​និង​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​ប្រទេស​ទាំងពីរ​។ ប្រទេស​ទាំងពីរ​បានរៀបចំ​ឲ្យ​មាននូវ​កញ្ចប់​អាហារូបករណ៍​សម្រាប់​រៀន​នៅ​កម្ពុជា និស្សិត​កម្ពុជា​រៀន​នៅ​ប្រទេស​ឡាវ​ឲ្យ​ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នា​អនុវត្ត​គោលការណ៍​នេះ៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684