ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​ចិន ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​ចំនួន​១៩ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែមករា ឆ្នាំ​២០១៨ បន្ទាប់ពី​ជំនួប​ពិភាក្សា​រយៈពេល​ជាង ១ ម៉ោង រួចមក សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង ឯកឧត្តម​នាយករដ្ឋមន្ដ្រី​ចិន លី ខឺ​ឈាង បាន​អញ្ជើញ​ធ្វើជា​អធិបតីភាព​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ១៩ រវាង​វិស័យ រដ្ឋ​និង​រដ្ឋ រវាង​វិស័យ​រដ្ឋ​និង​ឯកជន ព្រមទាំង​រវាង វិស័យ​ឯកជន និង​ឯកជន ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តឡើង​នៅ​វិមាន​សន្ដិភាព ។

ឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​១៩ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នោះ​រួមមាន​៖ ​ទី​១-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការ​លើកកម្ពស់​បន្ថែ​មកា​រ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ផ្ទេរ​បច្ចេកវិទ្យា​កម្ពុជា​ចិន។ ចុះហត្ថលេខា​ដោយ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង សិប្បកម្ម ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន។

ទី​២-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​កិច្ចការ​ប្រតិបត្តិការ​លើ​ការលើកកម្ពស់​គុណភាព​ផលិត ផល ។ ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន ។​

​ទី​៣-​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​។ ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធ​មុនីរ​ត្ន័ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។​

​ទី​៤.​លិខិត​ប្ដូរ​សារ​ស្ដីពី​គម្រោង​ជួសជុល រាជវាំង​នៅ​អង្គរ ។ ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធ​មុនីរ​ត្ន័ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយ​ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។​

​ទី​៥- លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់ជូន​បរិក្ខារ​មួយកញ្ចប់​។ ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធ​មុនីរ​ត្ន័ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​ជាមួយ​ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។​

​ទី​៦-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​គម្រោង​ដំណើរ​នៃ​ក្ដី​ស្រឡាញ់​ពី​បេះដូង​នៅ​កម្ពុជា ។ ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត លី បិ​ន រដ្ឋមន្ត្រី​គណៈកម្មការ​សុខាភិបាល​ជាតិ​ជាតិ និង ផែនការ​គ្រួសារ ។

​ទី​៧-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការរៀបចំ​ផែនការ​រួម​លើ​ការអភិវឌ្ឍ​កសិកម្ម​ទំនើប​នៅ​កម្ពុជា ។ ចុះហត្ថលេខា​ដោយ​លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ ជាមួយ​លោក ហាង ឆាង​ហ្វ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ។​

​ទី​៨- អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អង្គការ​ស្រាវជ្រាវ​ដំណាំ​ស្រូវ​។ ចុះហត្ថលេខា​ដោយ​លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ ជាមួយ​លោក ហាង ឆាង​ហ្វ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​

​ទី​៩-​កិច្ចព្រមព្រៀង​ស្ដីពី​ការអនុវត្ត​គម្រោង​ការបង្កើត​មជ្ឈមណ្ឌល បង្កាត់​និង​អភិរក្ស​ពូជឈើ​មានតម្លៃ​ខ្ពស់​នៅ​កម្ពុជា ។​ចុះហត្ថលេខា​ដោយ​លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ ជាមួយ​លោក ចាង ចៀន​ឡុង ប្រធាន​រដ្ឋបាល​ព្រៃឈើ ។​

​ទី​១០-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​សាងសង់​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់​២៣០​គីឡូ វ៉ុល ដំណាក់កាល​ទី ២ ។ ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធ​មុនីរ័ត្ន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ជាមួយ​លោក លាវ លាន​ភី ប្រធាន​ធនាគារ​និ​ហរ​ណ៌​អា​ហរ​ណ៌​ចិន​។​

​ទី​១១- កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ពង្រីក​និង​លើក​កម្រិត ផ្លូវជាតិ​លេខ ៣ (​ចោមចៅ បែក​គូស ក្រុង​កំពត​) ។ ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធ​មុនីរ​ត្ន័ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ជាមួយ​លោក លាវ លាន​ភី ប្រធាន​ធនាគារ​និ​ហរ​ណ៌​អា​ហរ​ណ៌​ចិន ។​

​ទី​១២- អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ការ​ទៅវិញទៅមក ។ ចុះហត្ថលេខា​ដោយ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ ជាមួយ​លោក ហ៊ូ ហួយ​ប៉ាង ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ចិន​( CDB) ។

​ទី​១៣- កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ​។ ចុះហត្ថលេខា​ដោយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន ជាមួយ​លោក លាវ ឈី​ថាវ ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន។

ទី​១៤- កិច្ចព្រមព្រៀង ស្ដីពី​វិស័យ​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​ចុះហត្ថលេខា​ដោយ លោក អិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវ ជាមួយ​លោក ចូ​វ ហៃ​ជាំ​ង នាយក​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ។​

​ទី​១៥- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ពាណិជ្ជកម្ម​អង្ករ ។ ចុះ​ហត្ថលេខា​ដោយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជាមួយ​លោក អិ ស៊​ប៉ ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​នាំចេញ នាំចូល ផ្នែក​ធញ្ញជាតិ​ប្រេងឥន្ធនៈ និង ចំណីអាហារ (C0FCO) ។​

ទី​១៦- កិច្ចសន្យា​សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី 500 kv ជា​ឆ្អឹងខ្នង​សម្រាប់​បណ្ដាញ​ជាតិ និង​ភ្ជាប់​អនុតំបន់ ។ ចុះហត្ថលេខា​ដោយ លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា ជាមួយ​លោក​លូ វិ​ន​ជិន អគ្គនាយក​ក្រុមហ៊ុន​ឆាយ​ណា ណា​សិ​នណល ហែ​រី ម៉ាស៊ីន​ណា​រី ខ​ប​ភើ​រ៉េ​សិន ។​

​ទី​១៧-​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ណ៍​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាសយានដ្ឋា​ន​ភ្នំពេញ​ថ្មី ប្រទេស​កម្ពុជា​។​ចុះហត្ថលេខា​ដោយ​លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​ចិន​កម្ពុជា (OCIC)​ជាមួយ​លោក ហ៊ូ ហ៊ួ​យ​ប៉ាង ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ចិន​(CDB) ។

ទី​១៨- កិច្ចព្រមព្រៀង​ក្របខណ្ឌ ស្ដីពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប តេ​ជោ ១ ។ ចុះហត្ថលេខា​ដោយ អ្នកឧកញ៉ា គិត ម៉េង នាយក​ក្រុម​ហ៊ុន រ៉ូយ៉ាល់​គ្រូ​ប ជាមួយ លោក យិន លី​ម៉េង ប្រធាន​សាវ​ជីក​ម្ម ឧស្សាហកម្ម មហា​កំផែង​ចិន។

ទី​១៩- កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​វិនិយោគ លើ​ការសាងសង់​និង​ប្រតិបត្តិការ​កំពង់ផែ​ស្ទឹងហាវ​។​ចុះហត្ថលេខា​ដោយ​លោក ជំទាវ​ឧកញ៉ា លឹម ឈីវហូរ អគ្គនាយិកា​ក្រុមហ៊ុន​អ៊ែត​វ៉ូត អិន​វេស​មេន គ្រូ​ប ជាមួយ លោក ចាង មីន​សឹង ប្រធាន​ក្រុមហ៊ុន​មែន​ថ​ល​លូ​ជីក​ខន ខ​ប​ភើ​រេ​សិន (MCC )​។

បន្ទាប់មក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​ចំនួន​២​គឺ​៖ គម្រោង​វះកាត់​ព្យាបាល​បេះដូង​កុមារ​ចំនួន ១០០ នាក់​ក្នុង​រយៈពេល ៣ ឆ្នាំ។ គម្រោង​ជំនួយ​ឥតសំណង​សម្រាប់​ការសាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ និង មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ។

ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​ក៏បាន​អញ្ជើញ​ទស្សនា​ខ្សែ​វីដេអូ​រយៈពេល ២ នាទី ដែល​បង្ហាញ​ពី​គម្រោង​ដំណើរ​នៃ​ក្តី​ស្រឡាញ់​ពី​បេះដូង​នៅ​កម្ពុជា។ បន្ទាប់មក​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​រុញ​រូប​បេះដូង​ពីរ​បញ្ចូល​គ្នា។ ជា​ចុងក្រោយ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​អញ្ជើញ​បើក​ស្បៃ​របាំង​ផ្លាក​និមិត្តរូប​នៃ​គម្រោង​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុ​សុ​មះ និង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ ។

គួរ​បញ្ជាក់​ថា ​ប្រមុខ​រដ្ឋាភិបាល​ចិន ឯកឧត្តម លី ខឹ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១០​ដល់​១១​ខែមករា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាំង​លើក​ទី​២ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ។

ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ចិន​ ជា​ការ​បើក​ទំព័រ​ឆ្នាំ​ថ្មី​ជាមួយ​ការនាំមក​នូវ​អ្នកវិនិយោគ​ចិន​ជាច្រើន​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ។

នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់​ឯកឧត្តម លី ខឹ​ឈាង មក​កម្ពុជា​បន្ទាប់ពី​ឯកឧត្តម​បាន​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ចិន​កាលពី​ឆ្នាំ២០១៣។ ឯកឧត្តម លី ខឹ​ឈាំ​ង គឺជា​ជន​ទី ២ នៅក្នុង​រដ្ឋាភិបាល​ចិន បន្ទាប់ពី​ឯកឧត្តម ស៊ី ជីន​ពី​ន។ ក្នុង​ពេល​មក​ពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ឯកឧត្តម លី ខឹ​ឈាំ​ង ក៏បាន​ចូលរួម​ប្រជុំ​កំពូល​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ​ក្នុងនាម​ជា​សហប្រធាន។ ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ចិន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ចប់​ដោយ​ជោគជ័យ និង​អញ្ជើញ​ធ្វើ​មាតុភូមិ​និវត្ត​វិញ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមករា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684