ព័ត៍មានទាន់​ហេតុការណ៏
Search

អម្ពរ ទេវី មក​ខ្មែរ​ជា​លើក​ទី​២​ដើម្បី​ចូលរួម​សម្តែង​ភាពយន្ត

ភ្នំពេញ ​៖ ​បន្ទាប់ពី​ចំណាយ​ពេល​ជិះ​យន្តហោះ​ជិត​២​ថ្ងៃ​ពេលនេះ​ តារា​សម្ដែង​ជើងចាស់​អ្នកនាង អម្ពរ ទេវី បាន​មកដល់​កម្ពុជា​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​។ ដំណើរ​របស់​អ្នកនាង អម្ពរ ទេវី​មកកាន់​កម្ពុជា​ជា​លើក​ទី​២​នេះ​គឺ​ដើម្បី​ចូលរួម​សម្ដែង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ខ្មែរ​ចំនួន​២​រឿង​។

ការ​មក​ដល់​ប្រទេស​កម្ពុជា​របស់​តារា​សម្តែង​ល្បីល្បាញ​អំឡុង​ទសវត្ស​ទី​៨០-៩០ អ្នកនាង អម្ពរ ទេវី នេះដែរ​គេ​សង្កេតឃើញ​មាន​វត្តមាន​សិល្បករ​រួម​ជំនាន់​និង​បណ្តា​ផលិតករ​អ្នកដឹកនាំ​សម្តែង​ជាច្រើន​បាន​ឈរ​ចាំ​ទទួល​ដំណើរ​របស់​នាង​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​ពិសេស​ក៏​មាន​វត្តមាន​អតីត​ស្វាមី​របស់​អ្នកនាង អម្ពរ ទេវី គឺ​ពេជ្រ ភា​រុណ ទៅ​ចាំ​ទទួល​ផងដែរ​។

អ្នកនាង អម្ពរ ទេវី បាន​ថ្លែងថា ចំពោះ​វត្តមាន​របស់​នាង​មកកាន់​ប្រទេស​កម្ពុជា​ជា​លើក​ទី​២​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​សម្តែង​រឿង​ឲ្យ​ផលិតកម្ម Red Picture គឺ​រឿង ឆន្ទា និង​រឿង កាកី ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​២​ផ្សេងគ្នា​ក្រោយពេល​ត្រូវ​បាន​ថត​បញ្ចប់​។

ជា​មួយ​គ្នា​នេះ ​តារា​សម្តែង​អ្នកនាង អម្ពរ ទេវី ក៏បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​និង​រំភើប​ខ្លាំង​។ ខណៈ​ដែល​នាង​ត្រូវបាន​ផ្តល់​ឱកាស​ជាថ្មី​ដើម្បី​មក​ស្រុក​ខ្មែរ​ចូលរួម​សម្តែង​ភាពយន្ត​ក្រោយពេល​អាជីព​សិល្បៈ​របស់ខ្លួន​ត្រូវបាន​កាត់ផ្តាច់​មាន​រយៈ​ពេល​ជិត​២០​ឆ្នាំ​មកហើយ​។

មិនតែប៉ុណ្ណោះ​អ្នកនាង​ក៏​បានផ្តល់​ក្តីសង្ឃឹម​ថា​ មហាជន​ខ្មែរ​នឹង​នៅតែ​បន្ត​ការគាំទ្រ​ចំពោះ​ស្នាដៃ​របស់​អ្នកនាង​ដូច​គ្រា​មុនៗ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684