ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អាស៊ី​អឺរ៉ុប ណាត់​ក្រុម​វិសាខា ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​លើកដំបូង​ត្រៀម​រដូវ​កាល​ថ្មី​

​ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ បាន​ណាត់គ្នា​ជាមួយ​ក្រុម​ចំណូលថ្មី​វិសាខា ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​ទាំង​ពីរ​សុទ្ធតែ​ត្រូវការពង្រឹងសមត្ថភាព​កីឡាករ​ឡើងវិញ ​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​ទាំង​ពានរង្វាន់​សម្តេចតេ​ជោ ហ៊ុន សែន និង​ ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។​

​ការប្រកួត​ដែល​បើក​ឱ្យ​មហាជន​ចូល​ទស្សនា​ដោយ​សេរី​នេះ​ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃ​សៅរ៍ ទី​១៣ ខែមករា ឆ្នាំ​២០១៧ លើ​ទីលាន​កីឡដ្ឋាន​ AEU Sport Park ស្ថិតនៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (​ច្រកចូល​តាមផ្លូវ​បេតុង​បុរី​ចតុមុខ​ស៊ី​ធី​)​។​

​ក្រោយ​ចប់​ការប្រកួត​នេះ​ ក្រុម​អាស៊ី​អឺរ៉ុប គ្រោង​ធ្វើដំណើរ​ទៅ​ប៉ះ​ក្រុម​មហាជន​ជម្រើស​ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២០ ​ខែមករា ខាងមុខ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តម្តង​។ លោក សុក សំណាង ដែលជា​គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប បាន​លើកឡើងថា​ «​យើង​ដំណើរ​ទៅ​ប្រកួត​នេះ​មិនមែន​គិត​ចង់​ឈ្នះចាញ់​អី​នោះទេ សំខាន់​គឺ​យើង​ទៅ​ភ្ជាប់​ទំនាក់ទំនង​នៅតាម​ខេត្ត ម្យ៉ាង​គឺ​ពង្រឹង​បច្ចេកទេស​ដល់កីឡាករ​របស់​យើង​។ ខាង​ខេត្ត​គេ​ក៏ត្រូវ​ត្រៀមខ្លួន​ចូលរួម​លេង​ពានរង្វាន់​សម្តេច​តេ​ជោ ផងដែរ​»។​

​ទាំង​ក្រុម​អាស៊ី​អឺរ៉ុប និង​ ក្រុម​វិសាខា សុទ្ធតែ​បង្ហាញ​ពី​ការរៀបចំ​ក្រុម​មុន​រដូវ​កាល​ថ្មី​ចាប់ផ្ដើម​ទោះបីពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១២ ឆ្នាំ​២០១៨ គ្រោង​បើក​ការប្រកួត​ចាប់ពី​ថ្ងៃទី៧ កុម្ភៈ ដល់ ៦ តុលា ២០១៨ និង​ ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨ ចាប់ផ្តើម​ពីថ្ងៃ​ទី៣ មីនា ដល់ ៣០ កញ្ញា ២០១៨​។

​ក្រុម​អាស៊ី​អឺរ៉ុប បានបញ្ចប់​រដូវ​កាល​ឆ្នាំ​ ២០១៧ របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២ ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​៥​លើក ស្មើ​៣​លើក​និង​ចាញ់​១៤​លើក​មាន​១៨​ពិន្ទុ​ក្នុង​ដៃ​។ ចំណែក​ក្រុម​វិសាខា វិញ​ជា​ក្រុម​ចំណូល​ថ្មី​ក្នុង​លី​គ​កំពូល​កម្ពុជា រដូវ​កាល ​២០១៨ ក្រោយ​ឈ្នះ​ជើងឯក​ពានរង្វាន់​លំដាប់​ទី​២ ​កាលពី​រដូវ​កាល​ឆ្នាំ​ ២០១៧ កន្លងទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684