ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកគ្រូ​ពេទ្យ​ថៃ​ម្នាក់ត្រូវ​ចាប់ខ្លួន ពីបទ​ជួញដូរ​គ្រឿងញៀនជិត​៤​សែន​គ្រាប់

​ប្រទេស​ថៃ ៖ ស្ត្រី​ម្នាក់​ដែលមាន​នាទី​ជា​គ្រូពេទ្យនៅក្នុង​មណ្ឌល​សុខភាព​មួយកន្លែង​ ក្នុង​ខេត្តឈៀងរ៉ា​យ ប្រទេស​ថៃ ត្រូវបាន​កម្លាំង​តម្រួត​ដែល​ឈរជើង​ត្រួតពិនិត្យ​យានយន្ត​ធ្វើការ​ចាប់ខ្លួន ខណៈដែល​អ្នកគ្រូ​ពេទ្យ​ដ៏​ស្រស់​ស្អាត​នេះ កំពុង​បើកបរ​រថយន្ត​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ ដោយមានផ្ទុក​នូវ​សារធាតុ​ញៀន​រាប់សែន​គ្រាប់នៅក្នុង​រថយន្ត​ផង។​

យោង​តាម​របាយការណ៍​ពី​ប្រទេស​ថៃ​ ដែល​យើង​ទទួល​បាន​គឺ​ការ​ចាប់ខ្លួន​នេះ ​បាន​ប្រព្រឹត្តឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ ​ ត្រង់​ចំណុច​ទីតាំង​ឈរជើង​របស់​សមត្ថកិច្ច​មួយកន្លែង ក្នុងស្រុក​ម៉ែ​តាំ ខេត្ត​ផាក់​យ៉ៅ ដែល​ទីតាំង​ប៉ុស្តិ៍​នេះ បាន​ឈរជើង​ដើម្បី​ត្រួតពិនិត្យ​ទៅលើ​យានយន្ត​គ្រប់​ប្រភេទ។

នៅពេលនោះ​ផងដែរ​ ក៏មាន​អ្នកគ្រូ​ពេទ្យ​ម្នាក់ បាន​បើករថយន្ត​ឆ្លងកាត់ បន្ទាប់ពី​កម្លាំង​បាន​ត្រួតពិនិត្យ​រួចមក ឃើញថា​នៅ​គូទ​រថយន្ត​ផ្នែក​ខាងក្រោយ មាន​កាបូបស្ពាយ​ចំនួន​៣ ដែល​នៅ​ក្នុងនោះ​មាន​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា សរុប​ចំនួន ៣៨០ ០០០ គ្រាប់ ទើប​កម្លាំង​បាន​ឃាត់ខ្លួន​ដើម្បី​នាំយកទៅ​សាកសួរ​បន្ត។​

ក្រោយពី​ទទួលបាន​ចម្លើយ​សារភាព​រួចមក សមត្ថកិច្ច​ថៃ​បាន​ទាក់ទង​ទៅតាម​ស្ថានីយ​ដើម្បី​ចាប់ខ្លួន​មិត្ត​ប្រុស​របស់​អ្នកគ្រូ​ពេទ្យ​ម្នាក់​មកទៀត ដែល​កំពុងធ្វើដំណើរ​តាម​រថយន្តក្រុង​ទៅកាន់​ទីក្រុង​បាងកក ដោយ​ឃាត់ខ្លួន​នៅក្នុង​ខេត្ត ឡាំ​ប៉ាង ស្រុក​ង៉ាវ ដោយ​ផែនការ​ចែកចាយ​ថ្នាំញៀន​លើក​នេះ គឺ​ចេញពី​ខេត្ត​ឈៀង​រ៉ា​យ ឆ្ពោះទៅកាន់ ខេត្ត​ព្រែ ខេត្ត​ត្រាត និង​ខេត្ត​រុំាងស៊ីត គឺមាន​មុខព្រួញ​ចំនួន​២​គឺ ទី​១​គឺ​រូប​អ្នកគ្រូ​ផ្ទាល់​តែម្តង ដែល​បានធ្វើ​ដំណើរ​មក​សម្រាក​នៅក្នុង​សណ្ឋាគារ​មួយកន្លែង ក្នុង​ខេត្ត​ឈៀង​រ៉ា​យ ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង ដោយ​ដឹក​ថ្នាំញៀន​ចំនួន ៣៨០ ០០០ គ្រាប់។ ឯមុខ​សញ្ញា​ទី​២ គឺជា​មនុស្ស​ប្រុស ដោយ​គេ​បាន​ប្រើប្រាស់​រថយន្ត​ម៉ាក​នីសា​ន់ ណា​វ៉ា​រ៉ា គឺ​នៅក្នុង​រថយន្ត​នោះ​មាន​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា​សរុប​ចំនួន ៤២០ ០០០ គ្រាប់ បើ​សរុប​ទាំងពីរ​មុខព្រួញ​នេះ មាន​ថ្នាំ​ចំនួន ៨០០ ០០០ គ្រាប់។​

បច្ចុប្បន្ន​តម្រួត​ថៃ​កំពុង​បោះដៃ ទំនាក់ទំនង​ទៅគ្រប់​ស្ថានីយ ដើម្បី​ឃ្លាំមើល​រថយន្ត​ប្រភេទ​ខាងលើ ក្នុងការ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ដោយឡែក​អ្នកគ្រូ​ពេទ្យ​ត្រូវបាន​កម្លាំង​ជំនាញ បញ្ជូន​ទៅកាន់​តុលាការ​ហើយ៕ ​​

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684