ព័ត៍មានទាន់​ហេតុការណ៏
Search

ផង់ សុភាព ​ជួប ​Sen Khoum ,​ឃីម បូរ៉ា ​ជួប​ Reda នៅ​សង្វៀន​ Barrley Black​

អ្នក​ប្រដាល់​ថៃ Sen Khoum នឹង​ឡើង​មកជួប​ប្រកួត​ជាមួយ ​ផង់ សុភាព អ្នក​ប្រដាល់កម្ពុជាក្លិបរាជសីហ៍​ខេត្តរតនគិរី ហើយ​អ្នក​ប្រដាល់​ ឃីម បូរ៉ា អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាបខេត្តបន្ទាយមានជ័យ ត្រូវគេ​ផ្តល់ឱ​កាស​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Reda ម្តងទៀត នារសៀល​ថ្ងៃអាទិត្យ​ ទី​១៤ មករា ២០១៨​នេះ លើស​ង្វៀន​ Barrley Black នៅ SEATV។ រវាង​ ផង់ សុភាព និង ​អ្នក​ប្រដាល់​ថៃ Sen Khoum នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ​ពួកគេ​ទាំងពីរ​នេះប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦៥​ គីឡូក្រាម។

​បើតាម​លោក ​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​ SEATV​ អោយដឹងថា Sen Khoum គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះគេ​មាន​ប្រវត្តិ​ប្រកួត​៦៦​លើក ដោយ​វាយ​ឈ្នះ​៥៩​លើក ចាញ់​០៦​លើក និង​ ស្មើ​០១​លើក ខ​ណៈដែល​ ផង់ សុភាព មាន​ប្រវត្តិ​ប្រកួត​៨៨​លើក ឈ្នះ​៦៩លើក ចាញ់​១៧​លើក និង​ ស្មើ​០២​លើក។

Sen Khoum មាន​កាយសម្បទា​រឹងមាំ និង ​វាយ​ខ្លាំងណាស់ តែ​ក៏​ឆាប់​អស់​ស៊ុ​ហ្វ​ដែរ។​ នេះ​បើតាមការបញ្ជាក់​ឲ្យ​ដឹង​របស់លោក​ ញាណ សុធី។ ទោះជា​យ៉ាងណា សម្រាប់​ការជួប​ប្រកួត​គ្នាលើក​នេះ ទោះបីជា​ ផង់ សុភាព ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ច្រើន​រូប​មកហើយ​ក្តី ក៏​មិនប្រាកដថាអាច​ឈ្នះ​ Sen Khoum ដែរ។ តែ​ សុភាព​ ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ បានវាយ​ឈ្នះ Kong Kangvan ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៤ ​ធ្នូ​ ២០១៨​ កន្លងមក។

​ដូច្នេះសម្រាប់​ការជួបគ្នា​លើកដំបូង​នេះ ផង់ សុភាព មិនដឹងថា​គេ​​អាច​រក្សា​ភាព​ឈ្នះ​ដដែល ​ឬ​យ៉ាងណានោះ​ទេ? តែ​យ៉ាងណា អោយតែ​រាង​ប្រហែស​ និង​ មើលស្រាល​គូប្រកួត​នោះ ផង់ សុភាព គឺ​ច្បាស់​ជា​ចាញ់​ Sen Khoum វិញ​មិន​ខាន។ ចាំមើល តើន​រណា​ឈ្នះ​រវាង ​ផង់ សុភាព និង អ្នកប្រដាល់​ថៃ Sen Khoum នេះ?។

​ចំពោះ ឃីម បូរ៉ា អ្នក​ប្រដាល់​របស់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​អ្នកប្រដាល់​ជើងចាស់​ Reda ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម។ ឃីម បូរ៉ា ជា​អ្នក​ប្រដាល់​ជើងខ្លាំង​របស់​កម្ពុជា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​បាន​ប្រមាណ​ជាង​២០​លើក​ហើយ ដោយ​វាយឈ្នះ​ពិន្ទុ​៨​លើក ចាញ់​១០​លើក​ និង ​ស្មើ​០៤​លើក។ បូរ៉ា ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​១០៤​លើក គេវាយ​ឈ្នះ​៨២​លើក ចាញ់​១៨​លើក និង ​ស្មើ​០៥​លើក។ ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ស្មើ Ken Sap (​ថៃ​) កាលពី​ថ្ងៃទី​២៤ ធ្នូ ២០១៧​។

Reda អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន ​SEA-TV ​នេះច្រើនលើក​ហើយ ដោយ​វាយឈ្នះ​ច្រើនជាង​ចាញ់។ Reda គេ​មាន​កំណត់ត្រា​ប្រកួត​១០៨​លើក ដោយ​វាយ​ឈ្នះ​៩២​លើក ចាញ់​១៥​លើក និង​ ស្មើ​០១​លើក។ អ្នក​ប្រដាល់​ថៃ​រូបនេះវាយ​ចេញ​រហ័ស ហើយ​រឹងមាំ​ថែមទៀត មិនងាយ​នឹង​ផ្តួល​នោះឡើយ។ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់។

​ទោះជា​យ៉ាងណា សម្រាប់​ការជួប​អ្នក​ប្រដាល់​ថៃ ​Reda លើក​នេះ មិនដឹងថា ឃីម បូរ៉ា អាចយកឈ្នះ​បាន​ឬ​អត់​នោះទេ? ព្រោះថា បូរ៉ា គេ​មាន​ស្នៀតគុន​ល្អ​ហើយ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហាប្រឈម​របស់គេ​ក្នុងពេល​បច្ចុប្បន្ននេះ គឺ​កម្លាំង​ស៊ុ​ហ្វ​ឆាប់​ធ្លាក់​ចុះខ្សោយ។​ ដូច្នេះចាំមើល ឃីម បូរ៉ា ជួប Reda លើក​នេះ គេ​ចាញ់​ឬក៏​ឈ្នះ​នោះ?។

​ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង នឹង​ឡើង​តស៊ូ​ជាមួយ​ សុខ សុវណ្ណ អ្នកប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២។ ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​កាលពី​ចុងឆ្នាំ​២០១៤​កន្លងមក ដោយ​ ឆាយ មាស ​វាយ​ចាញ់​ សុខ សុវណ្ណ ដោយ​ពិន្ទុ។ តាមពិត​រវាង​អ្នក​ប្រដាល់​ទាំងពីរនេះ បើ​គិតពី​ប្រវត្តិ​ប្រកួត​នោះ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង គេចាស់វស្សា​ជាង ​សុវណ្ណ។ ឆាយ ​មាស​ គេ​ឡើង​ប្រកួត​ក្បែរ​មួយរយ​លើក​ឯណោះ ខ​ណៈដែល ​សុខ សុវណ្ណ គេ​ឡើង​ប្រកួត​បាន​ប្រមាណ​ជាង​៨០​លើក​ប៉ុណ្ណោះ។

​សុខ សុវណ្ណ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង ​ខ្លាំង ហើយ​ក្នុង​ការឡើង​ប្រកួត​កន្លងមក គេ​មិនសូវ​ជួបការបរាជ័យ​នោះទេ ពោលគឺ​ឈ្នះ​ច្រើនជាង​ចាញ់។ ប៉ុន្តែ​យ៉ាងណា ការប្រកួត​ចុងក្រោយ​នេះ សុខ សុវណ្ណ ប្រកួត​ចាញ់​ថៃ​ Lukman ដោយ​ពិន្ទុ។

​ឆាយ មាស យ៉ាប់​តែមួយ​មុខ​ទេ គឺ​កម្លាំង​ស៊ុ​ហ្វ​ឆាប់​ធ្លាក់ ដែល​ធ្វើអោយ​ការប្រកួត​របស់គេ​ធ្លាក់ចុះ​នៅចុង​ទឹក​នោះ។ គេ​ឡើង​ប្រកួត​ចុងក្រោយ​នេះ គឺ​វាយ​ស្មើ ​កុយ ចាន់តូ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ។​ សម្រាប់​ការឡើង​ប្រកួត​លើក​នេះ ឆាយ ​មាស តាមមើល​ប្រហែលជា​ពិបាក​យកឈ្នះ​ សុខ សុវណ្ណ ​ហើយ ព្រោះថា​ សុវណ្ណ គេ​មាន​ផ្លែ​ល្អ​ជាង និង​ស៊ុ​ហ្វ​ខ្លាំង​ជាង។ ចាំមើលតើ ​ឆាយ មាស ឈ្នះឬក៏​ សុខ សុវណ្ណ ជា​អ្នកឈ្នះ​?។

​សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប នឹង​ជួប​ប្រកួត​ជាមួយ​ឡូញ វ៉ាន់ឌី អ្នកប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ។​ ពួកគេ​ពីរ​នាក់​នេះជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៧​ គីឡូក្រាម។ ពីរ​នាក់នេះពុំ​ធ្លាប​ដែល​ជួបគ្នា​ទេ​កន្លងមក ហើយ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ ក៏​ពុំ​អាច​ទាយ​មុនបានដែរ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684