ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋសភា​ នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ នៅ​ថ្ងៃទី​១៥ ដើម​សប្តាហ៍​ក្រោយនេះ​

​ភ្នំពេញ​ ៖ រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ នៅ​ថ្ងៃទី​១៥ មករា ដើមសប្តាហ៍​ក្រោយនេះ​ បើតាម​ប្រសាសន៍​លោក ឈាង វុន សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ ជា​អ្នកនាំពាក្យ​រដ្ឋសភា បានឱ្យដឹង​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ព្រឹក​ថ្ងៃទី១២ ខែមករា​នេះ នៅ​វិមាន​រដ្ឋសភា​។

​សម័យប្រជុំ​នេះ ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា និង​ អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​អនុម័ត​យល់ព្រម​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង សាធារណរដ្ឋ​ឥណ្ឌា​។

​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​មានប្រសាសន៍​បញ្ជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការ​អន្តរជាតិ ​តម្រូវឱ្យ​យក​កិច្ចព្រមព្រៀង​នេះ​មក​អនុម័ត​ក្នុង​រដ្ឋសភា ហើយ​កិច្ចព្រមព្រៀង​នេះ​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​អាស៊ាន ជាមួយនឹង​ឥណ្ឌា ដែល​កម្ពុជា​ត្រូវមាន​ច្បាប់​នេះ​។ ព្រោះថា កន្លងទៅ​យើង​មានច្បាប់​មួយ ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​អាស៊ាន​ទាំង ១០ ជាមួយនឹង​ឥណ្ឌា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន អាស៊ាន​+១​។ ឥឡូវនេះ​យើង​ធ្វើ​ច្បាប់​មួយទៀត​នៅក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម និង​សេវាកម្ម រវាង​កម្ពុជា និង​ឥណ្ឌា​។

លោក​ថា ឥណ្ឌា​ជា​ប្រទេសមួយ​សំខាន់​ណាស់ ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​បន្ទាប់ពី​ប្រទេស​ចិន ហើយ​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា​នេះ គឺមាន​សារសំខាន់​ណាស់ ដែល​កម្ពុជា​ត្រូវ​ចេះ​ឆ្នៃ​ផងដែរ ព្រោះថា​ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ប្រកួតប្រជែង​ធំ​ក្នុង​តំបន់ ទាំង​ខាង​ពាណិជ្ជកម្ម សេវាកម្ម ព្រោះ​ធនធានមនុស្ស​របស់​ឥណ្ឌា​ក៏​ខ្លាំងក្លា ផលិតកម្ម​ឧស្សាហកម្ម​ឥណ្ឌា​ក៏​ខ្លាំងក្លា​ណាស់ដែរ ហើយ​ម្យ៉ាងទៀត​ឥណ្ឌា និង​កម្ពុជា​ក៏មាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌​កន្លងមក ជាមួយគ្នា​យ៉ាង​ជ្រាលជ្រៅ ដែល​ទំនាក់ទំនង​នេះ​វា​មាន​ជាមួយ​អាស៊ាន អាស៊ាន + ១​នេះឯង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114