ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងកសិកម្ម​អំពាវ​នាវ​ដល់​សមត្ថកិច្ច​តាម​ច្រកព្រំដែន​ទាំងអស់​ បង្កើន​ការត្រួតពិនិត្យ​ចំពោះសត្វល្អិត​ចង្រៃ ​ខ្មូតកា​ប្រា

ភ្នំពេញ ​៖ ​ ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន​ទាំងអស់​ សូម​ជួយ​បង្កើន​ការ​ត្រួតពិនិត្យ​ចំពោះ​សត្វល្អិត​ចង្រៃ ​ខ្មូត​កា​ប្រា​ នេះ​ឲ្យ​បានម៉ត់ចត់​ថែមទៀត​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាលដាល​មក​ប្រទេស​កម្ពុជា​។

​លោក ​ហ៊ាន វណ្ណ​ហន ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និងនេសាទ​ បានមានប្រសាសន៍ថា​ សត្វល្អិត​ចង្រៃ ​ខ្មូត​កា​ប្រា​ នេះ​ជា​ប្រភេទ​សត្វ ​ដែល​ពិភពលោកមានការ​ភ័យខ្លាច​ជាទីបំផុត​ ដោយសារតែ​វា​អាច​ស៊ី​បំផ្លាញ​លើ​ផលិតផល​រាប់រយ​មុខ រួមទាំង​ផ្ទះស្លឹក​ផង ​ហើយ​វា​អាច​រស់នៅ​ដោយ​គ្មាន​ចំណី​លើសពី​៩ខែ និង​ អាចរ​ស់បាន​រហូត​៦​ឆ្នាំ ព្រមទាំង​ធន់​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត​ផងដែរ​។

​លោក ហ៊ាន​ វណ្ណ​ហន​ បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែមករា​ ឆ្នាំ​២០១៨​ ឲ្យ​ដឹងថា ​សត្វល្អិតចង្រៃ​ ខ្មូតកា​ប្រា ​នេះ​ អាច​មាន​លើ​សំបកបាវ​ចាស់ៗ សំបក​កុងតឺន័រ លើ​រថយន្ដ​ និង ​មធ្យោបាយ​ដឹកជញ្ជូនគ្រប់​ប្រភេទ​ ហើយ​វា​មានការពិបាក​ក្នុងការ​កម្ចាត់​ខ្លាំងណាស់ ​ដោយ​ប្រើពេល​យូររហូតដល់​មួយ​សប្តាហ៍​ទៅ​១០​ថ្ងៃ​ទើប​ងាប់ ​បើ​សត្វ​ខ្មូត​ធម្មតា​វិញ​ប្រើពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​។

​លោក ហ៊ាន ​វណ្ណ​ហន​ បាន​បន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​នៅ​មិនទាន់មាន​សត្វ​ចង្រៃ​នេះនៅឡើយទេ​ ប៉ុន្តែ​ប្រសិនបើ​មាន​វិញ​នោះ ​គ្រប់​ផលិតផល​កសិផល​ទាំងអស់​ គឺ​មិនអាច​នាំចេញទៅ​ក្រៅប្រទេស​បានឡើយ ​សូម្បីតែ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​គេ​ក៏​អាច​មិន​ឲ្យឆ្លងកាត់​បាន​ផង ​ដោយសារ​គេ​ហាម​មិន​ឲ្យ​នាំចូល​ដែរ ​ព្រោះ​ខ្លាច​ឆ្លង​សត្វ​ចង្រៃ​នេះ​ដល់​ប្រទេសគេ​។

​លោក​បាន​បានស្នើ​ឲ្យ​សមត្ថកិច្ច​តាម​ច្រកទ្វា​ផ្លូវ​ព្រំដែន​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​លើផលិតផល​ទាំងអស់​ មុននឹង​អនុញ្ញាត​ឲ្យ​ទំនិញ​ណាមួយ​ចូលមក​ប្រទេស​កម្ពុជា​ ដើម្បីធ្វើយ៉ាងណា​កុំ​ឲ្យ​សត្វ​ចង្រៃ​នេះ​ចូលមក​ប្រទេស​កម្ពុជា​បាន​។

​ជាមួយគ្នានេះដែរ​ លោក​ក៏បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​នៅតាមបណ្តា​ខេត្ត​ដែលជា​ប់​ព្រំដែន ​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចុះ​អង្កេត​តាមព្រំដែន​ជាប្រចាំ​ បើ​ឃើញ​មាន​សត្វ​ចង្រៃ​នេះ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ ដើម្បី​មាន​វិធានការទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។

​គួរ​បញ្ជាក់ថា​ សត្វល្អិត​ចង្រៃ​ខ្មូត​កា​ប្រា​នេះ ​មាននៅ​ក្នុងប្រទេស​ឥណ្ឌា និង​ បណ្តា​ប្រទេស​ជាច្រើនទៀតនៅ​ជុំវិញ​ពិភពលោក​។ ​ចំណែក​ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវបាន​គេ​នាំចូល​សត្វ​ចង្រៃ​នេះតាម​កប៉ាល់​នៅ​សតវត្ស​៨០​ តែ​ត្រូវបាន​ទប់ស្កាត់បាន​ទាន់ពេលវេលា​ដោយ​ឲ្យ​កប៉ាល់​នោះដឹកទំនិញ​ចេញទៅ​វិញ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114