ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកស្រាវជ្រាវ​អន្តរជាតិ ​ចែករំលែក​ចំណេះដឹង​ពី​បច្ចេកទេស​ស្ល​លោហៈ​ដល់​បុគ្គលិក​អាជ្ញាធរ​ជាតិអប្សរា​

​សៀមរាប​ ៖ ​​ ​ អ្នកស្រាវជ្រាវ​អន្តរជាតិ​ជា​ច្រើន​រូប​នៅ​លើ​ពិភពលោក បាន​មក​ធ្វើ​បទ​បង្ហាញ​ចែក​រំលែក​បទពិសោធន៍ ​និង​ ចំណេះដឹង​ដល់​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ និង​ សាធារណជន​ ស្តីអំពីប្រវត្តិសាស្ត្រ​ និង ​បច្ចេកទេស​សំយោគ​លោហៈ ឬ CASTING (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) នៅ​ទីស្នាក់ការអាជ្ញាធរ​ជាតិ​អប្សរា​ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​អន្តរជាតិ​ជាច្រើនរូប​មកពី​ប្រទេស​បារាំង អង់គ្លេស សហរដ្ឋអាមេរិក បែ​ល​ហ្សិក និង​ លុ​ច្ស​សាំ​បួរ អា​ហ្ស​ង់​ទីន ធ្វើ​បទ​បង្ហាញ​ពី​ការសិក្សា​ស្រាវជ្រាវ​លោហធាតុ​ដែល​បានរកឃើញ​កន្លងមក​ទាំង​នៅ​កម្ពុជា​ និង ​បណ្តា​ប្រទេស​ផ្សេងៗ ចែករំលែក​ដល់​អ្នកសិក្សា​ជាតិ​-​អន្តរជាតិ​ជាច្រើនរូប​។​

លោក Brice Vincent អ្នកទទួលខុសត្រូវ​គម្រោង Fondre pour le roi បាន​ឲ្យ​ដឹងថា នេះ​ជា​សិក្ខាសាលា​លើក​ទី​៣ ​នៃ​គម្រោង​នេះ ដែល​លើក​ទី​១​ ធ្វើ​នៅ​អាមេរិក លើក​ទី​២ ​នៅ​បារាំង និង លើក​ទី​៣​ នៅ​កម្ពុជា​។ គោលបំណង​នៃ​បទ​បង្ហាញ គឺ​ដើម្បី​ប្រមូលផ្តុំ​នូវ​របៀប​សិក្សា​អំពី​លោហធាតុដែលមាន​រយៈពេល​ពី​ឆ្នាំ ​២០១៥-២០២០​។

លោក​បន្តទៀត​ថា ក្នុង​សិក្ខាសាលា​នេះ យើង​បាន​សុំ​ឲ្យ​អ្នកស្រាវជ្រាវ អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា ផ្នែក​ស្ថាបត្យកម្ម មក​ជួប​ជុំ​គ្នា​និយាយ​អំពី​រូបមន្ត​នៃ​ការផលិត​លោហធាតុ​ក្នុង​ប្រទេស​ផ្សេងគ្នា សម័យកាល​ដោយឡែក​ពីគ្នា ហើយ​រួមគ្នា​ជា​គំនិត​មួយ ដើម្បី​សិក្សា​អំពី​ការផលិត​លោហធាតុសម័យបុរាណ​។ តាមរយៈ​គម្រោង​នេះ លោហធាតុ​ដែល​យើង​ស្រាវជ្រាវ​បាន​ពី​កម្ពុជា ពីបារាំង និង​ អាមេរិក​ជាដើម នឹងត្រូវ​យកទៅ​សិក្សា​ចងក្រង​ជា​ឯកសារ​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ និង​ បោះពុម្ព​ផ្សព្វផ្សាយ ដើម្បី​អាច​ឲ្យ​អ្នកស្រាវជ្រាវ អ្នក​អភិរក្ស អ្នក​បុរាណវិទ្យា និង ​និស្សិត​បានរៀនសូត្រ និង ​យល់ដឹង​ពី​របៀប​អភិរក្ស​លោហធាតុ​។​

​លោក ហង់ ពៅ បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​បទ​បង្ហាញ​ដ៏​មាន​សារៈសំខាន់​នេះ ដែលមានអ្នកជំនាញ​ស្រាវជ្រាវ​អន្តរជាតិ​ល្បីៗ​លើ​ពិភពលោក ​មក​ចែករំលែក​បទពិសោធន៍ ចំណេះដឹង​របស់​ខ្លួន​អំពី​ការស្រាវជ្រាវ​ទាក់ទង​នឹង​លោហធាតុ ហើយ​ក៏បាន​ពន្យល់​អំពី​របៀប​ការពារថែរក្សា និង ​របៀប​នៃ​ការសិក្សា​អំពី​លោហធាតុ​ផងដែរ​។

នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ផ្តល់​ឱកាស​ឲ្យ​បុគ្គលិក​ជំនាញ​បាន​រៀនសូត្រ យល់ដឹង និង ​ដកស្រង់​បទពិសោធន៍​ពី​អ្នក​ជំនាញ​ទាំងនោះ ហើយ​នៅ​ថ្ងៃក្រោយ​អាច​បន្ត​ការសិក្សា​ស្រាវជ្រាវ ការពារ អភិរក្ស​លោហធាតុ​ដោយ​ខ្លួន​ឯងបាន ព្រោះ​យើង​មាន​វត្ថុសិល្បៈ​មួយផ្នែកធំ​នៅ​វត្ត​រាជ​បូព៌ ការរកឃើញ​កន្លែង​ស្ល​លោហធាតុ​នៅ​អតីត​បរមរាជវាំង​នៅអង្គរធំ ឧដុង្គ កំពង់ធំ និង ​ខ្វាវ ដែល​ត្រូវការ​អ្នកជំនាញ​សិក្សា​ស្រាវជ្រាវ​ និង​ មើលថែ​៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114