ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្មាំ​សមុទ្រ​ ៖ ​​នាវាដឹក​ប្រេង​អ៊ីរ៉ង់​ ដែល​ឆេះ​បាន​អណ្ដែត​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ជប៉ុន

អ្នកនាំពាក្យ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ប្រទេស​ជប៉ុន​ បាន​ប្រាប់​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​សុក្រ​ថា នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយ​គ្រឿង ​ដែល​កំពុង​ឆាបឆេះ​បាន​អណ្តែត​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ (EEZ ) របស់​ជប៉ុន​កាលពី​រសៀល​ថ្ងៃ​ពុធ ​ខណៈ​ខ្យល់​បក់​ខ្លាំង​បាន​រុញច្រាន​នាវា​នេះ​ចេញពី​ឆ្នេរសមុទ្រ​ចិន។

អ្នកនាំពាក្យ​ម្នាក់​មកពី​តំបន់​ទី​១០​របស់​ឆ្មាំ​ឆ្នេរសមុទ្រ​ ដែល​មាន​ទីតាំងនៅ​ទីក្រុង Kagoshima បាន​និយាយថា នាវា​មួយគ្រឿង​នេះ​ដែល​បាន​ឆាបឆេះ​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍​មកហើយ​ចាប់តាំងពី​វា​បាន​បុក​ជាមួយនឹង​នាវា​មួយគ្រឿង​ទៀត​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​សមុទ្រ​ចិន​ខាងកើត​នោះ​, គឺ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​នៃ​ទីក្រុង Sokkozaki នៅលើ​កោះ Amami Oshima កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។​

Amami Oshima គឺជា​កោះ​មួយ​នៅ​ភាគ​ខាងជើង​ប្រជុំ​កោះ Ryukyu ដែល​ក៏​រួមមាន​ទាំង​កោះ Okinawa ផងដែរ​។​

នាវា​ដឹក​ប្រេង Sanchi ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ប្រេង​របស់​អ៊ីរ៉ង់ National Iranian Tanker Co គឺ​បាន​ដឹក​ប្រេង​ឆៅ​ជិត​១​លាន​បារ៉ែល​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​។​

វា​បាន​បុក​ជាមួយ​នាវា​ដឹកជញ្ជូន CF Crystal ដែល​កំពុង​ដឹក​គ្រាប់​ធញ្ញជាតិ​មកពី​សហរដ្ឋអាមេរិក​នៅ​ចម្ងាយ​ប្រហែល​១៦០​ម៉ា​យល៍ (១៨៤​គីឡូម៉ែត្រ​) ពី​ឆ្នេរសមុទ្រ​ចិន​ក្បែរ​ទីក្រុង​ស៊ា​ង​ហៃ​។​

អ្នកនាំពាក្យ​បាន​និយាយថា អាជ្ញាធរ​ចិន​បាន​បដិសេធ​សំណើ​ពី​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​ក្នុង​ការជួយ​ដោយ​និយាយថា ខ្លួន​នឹង​ស្នើសុំ​ជំនួយ​នៅពេល​ចាំបាច់​។​

លោក​បាន​និយាយថា វា​មិន​ច្បាស់​ទេ​ថា​តើ​នាវា​ដឹក​ប្រេង​នេះ​នឹង​រសាត់​ទៅក្នុង​ដែនទឹក​របស់​ប្រទេស​ជប៉ុន​ដែលមាន​ចំងាយ​ប្រហែលជា​២៨០​គីឡូម៉ែត្រ​ដែរ​ឬក៏​អត់​។​

លោក​បាន​និយាយថា ឆ្មាំ​សមុទ្រ​បាន​បញ្ជូន​ទូក​ល្បាត​និង​យន្តហោះ​ដើម្បី​ទទួលបាន​ព័ត៌មាន​ចុងក្រោយ​អំពី​នាវា​ដឹក​ប្រេង​នោះ​ហើយ​កំពុង​តាមដាន​ស្ថានភាព​។​

គួរ​បញ្ជាក់ថា នាវា Sanchi មាន​នាវិក​៣២​នាក់​នៅក្នុងពេល​នៃ​ការបុក​គ្នា​។ សាក​ម្នាក់​ដែល​គេ​សង្ស័យថា​មកពី​នាវា​នេះ​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ចន្ទ​ហើយ​ត្រូវបាន​បញ្ជូនទៅ​ទីក្រុង​ស៊ា​ង​ហៃ​សម្រាប់​ការកំណត់​អត្តសញ្ញាណ​។ ក្រុម​នាវិក​នៅ​សេសសល់​ដែល​រួមមាន​ជនជាតិ​អ៊ីរ៉ង់​៣០​នាក់​និង​ជនជាតិ​បង់​ក្លា​ដេ​ស ២​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​៕ REUTERS

Smoke is seen from the Panama-registered Sanchi tanker carrying Iranian oil, which went ablaze after a collision with a Chinese freight ship in the East China Sea, in this January 9, 2018 handout picture released by China’s Ministry of Transport January 10, 2018. China’s Ministry of Transport/Handout via REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684