ព័ត៍មានទាន់​ហេតុការណ៏
Search

ពួក​ឧទ្ទាម​ស៊ី​រី​ប្រកាស​ពី​ការវាយប្រហារ​តបត​ក្នុង​ខេត្ត អ៊ី​ដ​លី​ប​

ពួក​ឧទ្ទាម​ បាន​បើក​ការវាយប្រហារ​តបត​ប្រឆាំងនឹង​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ព្យាយាម​ទប់ស្កាត់​ការវាយលុក​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ទួរគី​ដែល​នៅ​ជិតខាង​។​

ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅ​ខេត្ត​អ៊ី​ដ​លី​ប​ដែលជា​កន្លែង​ការវាយលុក​របស់​រដ្ឋា​ភិ​បាល​មាន​ជំនួយ​ពី​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​បង្កើនល្បឿន​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ​។​

ខេត្ត​អ៊ី​ដ​លី​ប​គឺជា​ផ្នែក​ធំ​បំផុត​នៃ​ប្រទេស​ស៊ី​រី​ដែល​នៅតែ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​លោក​ប្រធានាធិបតី បា​សារ អាល់​អាសាដ​។ លោក​អាសាដ​បាន​កម្ចាត់​ពួក​ឧទ្ទាម​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ស៊ី​រី​ភាគ​ខាងលិច​ដោយមាន​ជំនួយ​ដ៏​សំខាន់​ពី​ប្រទេស​រុស្ស៊ី​និង​អ៊ីរ៉ង់​។​

ការកើនឡើង​ផ្នែក​យោធា​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​ស៊ី​រី​ភាគ​ខាងលិច​បានរួម​បញ្ចូល​ទាំង​ការវាយប្រហារ​មិន​ធ្លាប់មាន​ពីមុនមក​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​ផងដែរ​ហើយ​បាន​បណ្តាល​ឲ្យ​មានការ​សង្ស័យ​ជុំវិញ​កិច្ចប្រឹងប្រែង​របស់​ទីក្រុង​មូ​ស្គូ​ក្នុងការ​កោះប្រជុំ​សភា​សន្តិភាព​ស៊ី​រី​នៅ​ចុងខែ​នេះ​។​

អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុម Hezbollah បាន​និយាយថា កងទ័ព​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​តបត​ទៅវិញ​ចំពោះ​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​ដោយ​រណសិរ្ស Nusra ដែលជា​សម្ព័ន្ធមិត្ត​ក្រុម​អាល់​កៃ​ដា​នៅក្នុង​សង្គ្រាម​ស៊ី​រី​និង​បក្សពួក​ដែល​ពាក់ព័ន្ធ​នឹង​វា​។​

វា​បាន​និយាយថា កងទ័ព​ស៊ី​រី​និង​កងកម្លាំង​សម្ព័ន្ធមិត្ត​បាន​រង​ការវាយប្រហារ​នេះ​និង​បាន​គ្រប់គ្រង​ឡើងវិញ​នូវ​ទីតាំង​មួយចំនួន​ដែល​ពួកគេ​បាន​ដកចេញ​។​

ក្រុម​ឧទ្ទាម​ដែល​កំពុង​ប្រយុទ្ធ​នៅក្រោម​ផ្លាក​នៃ​កងទ័ព​រំដោះ​ស៊ី​រី (FSA) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​បង្កើត​បន្ទប់​ប្រតិបត្តិការ​រួមមួយ​ដើម្បី​រុញច្រាន​ការវាយលុក​និង​ចាប់យក​តំបន់​ដែល​ត្រូវបាន​រឹបអូស​ដោយ​រដ្ឋាភិបាល​នៅ​ភាគ​ឦសាន​ខេត្ត ហា​ម៉ា និង​ភាគ​ខាងជើង​ខេត្ត អ៊ី​ដ​លី​ប មកវិញ​។​

ក្រុម​ឧទ្ទាម​បាន​និយាយថា ពួកគេ​បាន​កាន់កាប់​ភូមិ​ចំនួន​១៥​និង​ចាប់ខ្លួន​អ្នក​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​ចំនួន​៦០​នាក់​។ ប្រភព​យោធា​ស៊ី​រី​បាន​បដិសេធ​ការលើកឡើង​នេះហើយ​បាន​ច្រានចោល​ការអះអាង​របស់​ពួក​ឧទ្ទាម​អំពី​ការវាយប្រហារ​តបត​។ ប្រភព​បាន​និយាយថា ការប្រយុទ្ធ​គ្នា​ដ៏​កាច​សាហាវ​នៅតែ​កើតមាន​នៅក្នុង​តំបន់​នេះហើយ​ការប្រយុទ្ធ​របស់​កងទ័ព​នៅតែ​បន្ត​។​

ការជំរុញ​ចុងក្រោយ​បំផុត​ដោយ​កងទ័ព​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​ប្រទេស​ទួរគី​ដែល​កំពុង​ដាក់ពង្រាយ​កងកម្លាំង​នៅក្នុង​ភាគ​ខាងជើង​ខេត្ត​អ៊ី​ដ​លី​ប​និង​បង្កើត​មូលដ្ឋាន​នានា​ដែល​ខ្លួន​និយាយថា​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​និង​រុស្ស៊ី​លើ​តំបន់​បន្ធូរបន្ថយ​មួយ​នៅ​ខេត្ត​អ៊ី​ដ​លី​ប​។​

រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​មានការ​ព្រួយបារម្ភ​ថា ការប្រយុទ្ធ​គ្នា​កាន់តែ​ធំ​នៅក្នុង​ខេត្ត​នេះ​អាច​នាំ​ឲ្យ​ជនជាតិ​ស៊ី​រី​រាប់ម៉ឺន​នាក់​ភៀសខ្លួន​ចេញពី​សមរភូមិ​នៅតាម​ព្រំដែន​របស់ខ្លួន​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114