ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​រាប់រយ​នាក់ ​ត្រូវបាន​ចាប់ខ្លួន ​ក្នុង​ភាព​ចលាចល​នៅ​ទុយ​នេ​ស៊ី​ ខណៈ​ការ​ប៉ះទង្គិច​គ្នា​នៅតែ​បន្ត

ភាព​ចលាចល​បាន​បន្ត​កើត​មាននៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ទុយ​នេ​ស៊ី​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​ខណៈដែល​អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​ជាង​៦០០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​រយៈពេល​មួយ​សប្ដាហ៍​ស្រប​ពេល​ដែល​កំហឹង​ចំពោះ​វិធានការ​ត្បិតត្បៀត​បាន​ផ្ទុះឡើង​នៅ​តាម​ដងផ្លូវ​។​

ប្រទេស​ទុយ​នេ​ស៊ី​ដែល​ការបះបោរ​ឆ្នាំ​២០១១​បាន​បង្ក​ឲ្យ​កើតមាន​បដិវត្តន៍​អារ៉ាប់​នោះ​, ត្រូវបាន​រង្គោះរង្គើ​និង​ជួនកាល​មាន​បាតុកម្មហិង្សា​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​ដោយ​គេ​បានឃើញ​ក្រុមអ្នកតវ៉ា​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្ដិសុខ​ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស​។​

អ្នកយកព័ត៌មាន AFP ម្នាក់​បាន​និយាយថា នៅក្នុង​អំពើ​ហិង្សា​ចុងក្រោយ​បំផុត​, មនុស្ស​វ័យក្មេង​នៅក្នុង​ទីក្រុង Siliana ភាគ​ខាងជើង​បាន​គប់​ដុំថ្ម​និង​គ្រាប់បែក​សាំង Molotov ដាក់​កងកម្លាំង​សន្តិសុខ​ដែល​បាន​ឆ្លើយតប​វិញ​ដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

ក្រសួងមហាផ្ទៃ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប៉ូលិស​បាន​ឃុំខ្លួន​មនុស្ស​ចំនួន​៣២៨​នាក់​កាលពី​ថ្ងៃ​ពុធ​សម្រាប់​ការ​លួច ប្លន់ លួច​ដុត​និង​ការបិទផ្លូវ​។ ក្រសួងមហាផ្ទៃ​បាន​និយាយ​បែបនេះ​បន្ទាប់ពី​បាន​ចាប់ខ្លួន​មនុស្ស​ជាង​២៨០​នាក់​ក្នុង​រយៈពេល​ពីរ​ថ្ងៃមុន​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Khalifa Chibani បាន​និយាយថា អំពើ​ហឹ​ង្សា​មិនសូវ​ខ្លាំង​ជាង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ទេ​។ លោក Chibani និយាយទៀតថា សមាជិក​នៃ​កងកម្លាំង​សន្តិសុខ ចំនួន​២១​នាក់​បានរ​ងរ​បួ​សប៉ុ​ន្តែ​គ្មាន​ជន​ស៊ីវិល​ណា​ម្នាក់​រងរបួស​នោះទេ​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP បាន​និយាយថា តំបន់​ភាគច្រើន​បាន​ស្ងប់ស្ងាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ប្រធានាធិបតី​បាន​និយាយថា គណបក្សនយោបាយ សហជីព​និង​អង្គភាព​ពាណិជ្ជកម្ម​សំខាន់ៗ​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នេះ​។​

ប្រទេស​ទុយ​នេ​ស៊ី​ត្រូវបាន​គេ​មើលឃើញថា​មានការ​ផ្លាស់ប្តូរ​យ៉ាងរ​លូន​ចាប់តាំងពី​ការបះបោរ​ឆ្នាំ​២០១១​មក​ដែល​បាន​ផ្ដួលរំលំ​មេដឹកនាំ​ផ្ដាច់ការ​យូរអង្វែង Zine El Abidine Ben Ali ។​

ប៉ុន្តែ​ប្រជាជន​ទុយ​នេ​ស៊ី​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចាប់តាំងពី​ដើមឆ្នាំ​មក​ជុំវិញ​វិធានការ​រឹតត្បិត​ដែល​គេ​រំពឹងថា​នឹង​បង្កើន​តម្លៃបន្ថែម​នៅក្នុង​ប្រទេស​ដែល​សេដ្ឋកិច្ច​កំពុងតែ​ជួប​បញ្ហា​មួយ​នេះ។​

ប្រទេស​នេះ​បាន​ណែនាំ​ការដំឡើង​ពន្ធ​លើ​តម្លៃបន្ថែម​និង​ការរួមចំណែក​ខាង​សង្គម​ជា​ផ្នែក​មួយ​នៃ​ថវិកា​ថ្មី​ដ៏​លំបាក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114