ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​បើក​វគ្គ​សិក្សា​អាជ្ញាកណ្ដាល​បាល់ទាត់​ចំនួន​១៩​លើក​នៅ​ឆ្នាំ​២០១៨​នេះ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ នឹង​បើក​វគ្គ​សិក្សា​សម្រាប់​អាជ្ញាកណ្ដាល​បាល់ទាត់​ជាតិ​ចំនួន​១៩​លើក​ផ្សេងគ្នា​នៅ​ឆ្នាំ​២០១៨ នេះ​ដើម្បី​ពង្រឹង​ធនធាន​អាជ្ញាកណ្ដាល​នៅក្នុង​ស្រុក ឲ្យ​កាន់តែ​ប្រសើរ​បម្រើ​ដល់​ការ​កាត់សេចក្តី​ទាំង​ការប្រកួត​បាល់ទាត់​ថ្នាក់ជាតិ​និង​កម្រិត​អន្តរជាតិ​។

យោងតាម​ការផ្សព្វផ្សាយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ថា ​វគ្គ​សិក្សា​ចំនួន​១៩​លើក​នេះ ដែល​មាន​៩​វគ្គ​ផ្សេងៗ​គ្នា​បូក​ទាំង​អាជ្ញាកណ្ដាល​លើ​វាលស្មៅ និង​អាជ្ញាកណ្ដាល​សម្រាប់​ហ្វូ​ត​សាល​។ ចំពោះ​អាជ្ញាកណ្ដាល​លើ​វាលស្មៅ​វគ្គ​អាជ្ញាកណ្ដាល​មូលដ្ឋាន​នឹង​ធ្វើ​ឡើង​ចំនួន​៤​លើក​ដោយ​ក្នុង​នោះ​លើក​ទី​១ ធ្វើឡើង​ពីថ្ងៃ​ទី​៨​ដល់​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា ខណៈ​លើក​ទី​២ ពីថ្ងៃ​ទី​១២ ដល់​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​មណ្ឌល​កំពង់ឆ្នាំង លើ​ទី​៣​ពីថ្ងៃ​ទី​៤​ដល់​៨​ខែឧសភា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា និង​លើក​ទី​៤​ពីថ្ងៃ​ទី​៤​ដល់​៨​ខែមិថុនា ឆ្នាំ​២០១៨ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​។

ចំណែក​វគ្គ​អាជ្ញាកណ្ដាល​ជម្រើស​វិញ ធ្វើឡើង​ចំនួន​២​លើក​ដោយ​ក្នុង​នោះ ចាប់ពី​ថ្ងៃ​ទី​២៦​ដល់​៣០​ខែមីនា ឆ្នាំ​២០១៨ លើ​ទី​២ ពី​ថ្ងៃ​ទី​២៥​ដល់​២៩ នៅ​ទីតាំង​ជាមួយគ្នា​។ ដោយឡែក​វគ្គ​បំប៉ន​អាជ្ញាកណ្ដាល ធ្វើឡើង​ចំនួន​៣​លើក​ក្នុងនោះ​លើក​ទី​១​ចាប់ពី​ថ្ងៃទី​២៣ ដល់​២៧ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ហើយ​លើក​ទី​២​ចាប់ពី​ថ្ងៃទី​១៧ ដល់​៣១ ខែសីហា ឆ្នាំ​២០១៨ និង​លើក​ទី​៣ ចាប់ពី​ថ្ងៃទី​១៥​ដល់​១៩​ខែតុលា ឆ្នាំ​២០១៧ នៅ​ទីតាំង​សាលា​បាល់ទាត់​បាទី​ជាមួយគ្នា​។

សម្រាប់​វគ្គ​អាជ្ញាកណ្ដាល​បាល់ទាត់​ថ្នាក់​ជាតិ​វិញ មាន​ចំនួន​២​លើក ចាប់ពី​ថ្ងៃទី​១​ដល់​៥​ខែកុម្ភៈ ឆ្នាំ​២០១៨ និង​លើក​ទី​២​ចាប់ពី​ថ្ងៃទី​២១ ដល់​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​។ ចំពោះ​វគ្គ​គ្រូ​-​អ្នក​វាយតម្លៃ​អាជ្ញាកណ្ដាល​វិញ​មាន​ចំនួន​៣​លើក ដោយ​ធ្វើឡើង​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ដូចគ្នា ខណៈ​លើក​ទី​១​ធ្វើឡើង​នៅ​ថ្ងៃទី​៥​ដល់​៩​ខែមេសា លើក​ទី​២ ចាប់ពី​ថ្ងៃទី​៩​ដល់​១៣ ខែកក្កដា និង​លើក​ទី​៣ ចាប់ពី​ថ្ងៃ​ទី​៦​ដល់ ១០ ខែកញ្ញា ឆ្នាំ​២០១៨​។ វគ្គ​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​ដែល​ហៅថា​វគ្គ​អាជ្ញាកណ្ដាល​កម្រិត​ខ្ពស់ FIFA-MA ធ្វើឡើង​១​លើក​គឺ​នៅ​ថ្ងៃទី​១៣​ដល់​១៧​ខែសីហា ឆ្នាំ​២០១៨ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ដូចគ្នា​។

ងាក​មក​អាជ្ញាកណ្ដាល​កម្រិត​ហ្វូ​ត​សាល​វិញ​មាន​ចំនួន​៤​វគ្គ​ដោយ​ក្នុងនោះ វគ្គ​អាជ្ញាកណ្ដាល​បាល់ទាត់​ក្នុង​សាល​កម្រិត​មូលដ្ឋាន​មាន​២​លើក​ដោយ​លើក​ទី​១ ចាប់ពី​ថ្ងៃទី​៥​ដល់​៩ ខែកុម្ភៈ និង​លើក​ទី​២​ចាប់ពី​ថ្ងៃទី​១៣​ដល់​១៧ ខែសីហា នៅ​រាជធានី​ភ្នំពេញ ដូចគ្នា ខណៈ​បេក្ខជន​ត្រូវតែមាន​អាយុ​ក្រោម​២៨​ឆ្នាំ​។ ចំណែក​វគ្គ​អាជ្ញាកណ្ដាល​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ធ្វើឡើង​១​លើក​នៅ​ថ្ងៃទី​៥​ដល់​៩​ខែមីនា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​។ បេក្ខជន​ដែល​ចូលរួម​គឺ​ជ្រើស​ចេញពី​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ក្លៀ​និង​អាជ្ញាកណ្ដាល​ដែល​សក្តានុពល​ខ្ពស់​។ វគ្គ​អាជ្ញាកណ្ដាល​ទី​៣​គឺ​អាជ្ញាកណ្ដាល​បាល់ទាត់​ក្នុង​សាល​កម្រិត​ខ្ពស់ FIFA-MA ធ្វើឡើង​នៅ​ថ្ងៃទី​១​ដល់​៥​ខែសីហា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​ដែរ​។

វគ្គ​សិក្សា​អាជ្ញាកណ្ដាល​ទាំង​៩​វគ្គ​នេះ បេក្ខជន​អាច​សាកសួរ​ព័ត៌មាន​បាន​តាម​លលេ​ខ​ទូរស័ព្ទ ០៩៦/០៩៧ ៧៨៦ ៤៦៣៦ ឬ ០៦៩/០៧៧ ៨៩៩ ៥៩៦ សម្រាប់​អាជ្ញាកណ្ដាល​បាល់ទាត់​លើ​ទីលាន​និង​តាម​លេខ ០៦៩/០៧៧ ៨៩៩ ៥៩៦ សម្រាប់​អាជ្ញាកណ្ដាល​បាល់ទាត់​ហ្វូ​ត​សាល​។ បេក្ខជន​ដែល​ចាប់អារម្មណ៍​ត្រូវដាក់​ពាក្យ​ឲ្យ​បាន​មុន​៣​សប្ដាហ៍ នៃ​វគ្គ​នីមួយៗ​ចាប់ផ្តើម​៕ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684