ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ឈប់​ការ​ចូល​យាន​ជំ​និះ​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត ​ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​២​ទៀបភ្លឺ

សៀមរាប​ ៖​ តំបន់​ផាប់​ស្ទ្រី​ត​ ជា​កន្លែង​កម្សាន្ត​ពេល​រាត្រី​ដ៏​សំខាន់ របស់​អ្នកទេសចរ​គ្រប់​ជាតិ​សាសន៍ ដែល​ក្នុង​មួយ​យប់ៗ​មាន​អ្នក​ទេសចរ​ មិន​ក្រោម​១​ម៉ឺន​នាក់ បន្ទាប់ពី​ពួកគេ​ទស្សនា​ប្រាសាទបុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នា​ពេល​ថ្ងៃ​រួច ហើយ​តំបន់​នេះ​មាន​សភាព​ចង្អៀត អាជ្ញាធរ​បានសម្រេច​បញ្ឈប់​ការ​ចូល​យាន​ជំ​និះ​គ្រប់​ប្រភេទ​ក្នុង​ផាប់​ស្ទ្រី​ត​។ ជាមួយគ្នា​នោះ​ក៏បាន​រៀបចំ ចំណត​ចំនួន​បី​កន្លែង​ទៀត​នៅ​ក្បែរ ផាប់​ស្ទ្រី​ត​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ន់ ចំណាន ស្នងការ​រង​ទទួល​ផែ​ន​សណ្តាប់​ធ្នាប់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ពេល​រាត្រី​នៅ​តំបន់​ផាប់​ស្ទ្រី​ត​នេះ អាជ្ញាធរ​បានចាប់ផ្តើម​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តំបន់​នេះ ឲ្យ​កាន់​តែ​មាន​ភាពល្អប្រសើរ ដោយបាន​កំណត់​មិន​ឲ្យ​យាន​ជំនះ​គ្រប់​ប្រភេទ​ចូល តំបន់​នេះ​ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​២​ព្រឹក និង​បាន​រៀប​ចំ​ឲ្យ​មាន​ចំណត​ចំនួន​៣​កន្លែង​នៅ​ជិត​តំបន់​នេះ​សម្រាប់​ចត​ឲ្យ​មាន​របៀបរៀបរយ​។

លោក​បន្ត​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ទទួល​ទាន​តាម​រទេះរុញ គឺ​អាជ្ញាធរ​បាន​រៀប​ចំ​ឲ្យ​លក់​នៅតាម​ដងផ្លូវ​មាត់​ស្ទឹង​ទាំងអស់ ដោយ​លក្ខណៈ​ស្មើភាព​គ្នា​និង​មាន​របៀបរៀបរយ​។ ការរៀបចំ​ស​ណ្ដា​ប់​ធ្នាប់​លើក​នេះ គឺ​មានការ​តឹងរ៉ឹង​ជាង​មុន ព្រោះ​មាន​សមត្ថកិច្ច​ចម្រុះ​ដូចជា នគរបាល​ស​ណ្ដាប់​ធ្នាប់ នគរបាល​ចរាចរណ៍ កងរាជអាវុធហត្ថ អាជ្ញាធរ​ក្រុង និង​ខេត្ត​អ្នកត្រួតពិនិត្យ​ពីលើ​ជាប្រចាំ​ផងដែរ​។

ជាមួយ​ចំណាត់​ការ​នេះ ​អ្នក​រត់​ម៉ូតូ​កង់​បី នៅ​តំបន់​ផាប់​ស្ទ្រិ​ត លោក​ខាត់ នាង ក៏បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការរៀបចំ​ស​ណ្ដា​ប់​ធ្នាប់​របស់​អាជ្ញាធរ​នៅ​តំបន់​នេះ​។ ដោយ​លោក​បញ្ជាក់​ថា តំបន់​ផាប់​ស្ទ្រី​ត​មាន​ភ្ញៀវ​ប្រុស​ស្រី ចម្រុះ​ជាតិ​សាសន៍​សម្រុក​ចូល​មក​រក​សេវា​សប្បាយៗ​ក្នុង​១​យប់​មិន​ក្រោម​១​ម៉ឺន​នាក់​ឡើយ​។ ចឹ​ង​ទេ​ទាំង​រូបលោក​រួម​នឹង អ្នក​ប្រកបមុខរបរ​ពេលយប់ ក្នុង​តំបន់​នេះ សាទរ​ចំពោះ​ការរៀបចំ រួម​នឹង​ការ​ហាមឃាត់​រាល់​យាន​ជំ​និះ​គ្រប់​ប្រភេទ​ចូលក្នុង​តំបន់​ផាប់​ស្ទ្រី​ត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684