ព័ត៍មានទាន់​ហេតុការណ៏
Search

ល្បី​ថា​ខ្សែបម្រើ​ការពារ ង៉​យ ស្រ៊ី​ន ចេញពី​ក្រុម​ណាហ្គា​វើ​ល ទៅ​ក្រុម​ចំណូល​ថ្មី វិសាខា

ខ្សែបម្រើ​ការពារ ង៉​យ ស្រ៊ី​ន អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា ទំនង​ចេញពី​ក្រុម​ជើងឯក​រង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៧ ណាហ្គា​វើ​ល ទៅ​ចូលរួម​ជាមួយ​ក្រុម​ចំណូល​លី​គ​កំពូល​កម្ពុ​ជាថ្មី វិសាខា ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ នេះ ខណៈ​រូបគេ​មិនសូវ​បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ចាស់​កាលពី​រ​ដូ​វ​កាល​មុន​។

​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ សុំ​មិន​បង្ហើប​ជុំវិញ​ព័ត៌មាន​ដោះដូរ​របស់ខ្លួន​ថា​ចាកចេញ​ឬ​បន្ត​នៅ​ក្រុម​ចាស់​ទៀត​នោះទេ​។ ប៉ុន្តែ​បើ​យោងតាម​ប្រភព​គួរឱ្យ​ទុកចិត្ត​មួយ​បាន​បញ្ជាក់ថា ​កីឡាករ​ដែលមាន​ប្រភព​មកពី​ខេត្តកោះកុង​រូបនេះ​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​វិសាខា មួយរយៈ​មកហើយ​។ យ៉ាងណាក្តី​មាន​កីឡាករ​ប្លែក​មុខជា​ច្រើន​ក៏​បង្ហាញខ្លួន​ក្នុងការ​ហ្វឹកហាត់​នេះ​ផងដែរ​។

ជុំវិញ​ព័ត៌មាន​ច​ចាម​អា​រម​នេះ​លោក មាស ចាន់ណា បាន​ត្រឹម​លើកឡើងថា​ ក្រុម​លោក​មិនទាន់បាន​ប្រមូលផ្ដុំ​ហ្វឹកហាត់​ផ្លូវការ​នៅឡើយ​នោះទេ ហើយ​កីឡា​ករចាស់ៗ​ដែល​ផុត​កិច្ចសន្យា​ក៏​លោក​មិនអាច​បង្ខំ​ឲ្យ​គេ​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុម​នោះដែរ​។ ដូច្នេះ​ការបន្ត​ឬ​ចាកចេញ​ជាការ​ជ្រើសរើស​របស់​កីឡាករ​មួយរូបៗ​។ ចំណែក​លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​ក្រុម​វិសាខា វិញ​សុំ​លាក់​សម​សភាព​កីឡាករ​ថ្មី​នៅក្នុង​ក្រុម​លោក​សិន ដោយ​រង់ចាំ​ធ្វើ​ពិធី​ប្រកាស​ជា​សាធារណៈ​ក្នុងពេល​ឆាប់ៗ​។​

កីឡាករ ង៉​យ ស្រ៊ី​ន ធ្លាប់ជា​យុវជន​ថ្នាល​ក្នុង​ក្លិប​ភ្នំពេញ​ក្រោ​ន ហើយ​ត្រូវ​គ្រូបង្វឹក​ចុះឈ្មោះ​ក្នុង​ក្រុម​ធំ​នៅ​ឆ្នាំ​២០១១ ស្របពេល​នៅ​ឆ្នាំ​២០១៦ រូបគេ​បាន​ចាក​ចេញពី​ក្រុម​ក្រោយ​មានរឿង​អាស្រូវ​ជាមួយ​ក្លិប ដែល​ប្តឹងផ្តល់​គ្នា​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​គ្រានោះ​ជាមួយ​កីឡាករ​៦​រូប​ផ្សេងគ្នា​មាន​អ្នកចាំទី យុគ្គ អៈ​អា​រី​, ខ្សែការពារ ថោង ដា​, ខ្សែបម្រើ សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ខ្សែការពារ ទូច សុខ​ហេង​, ខ្សែបម្រើ សុះ ស៊ូ​ហា​ណា និង​អ្នកចាំទី សាន ឧសភា​។ អំឡុងពេល​នៅ​ជាមួយ​ក្លិប​ដំបូង​ក្នុង​អាជីព​របស់ខ្លួន​កីឡាករ ង៉​យ ស្រ៊ី​ន ជាមួយ​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៤​ផងដែរ​។

ក្រោយពេល​ចូលរួម​ជាមួយ​ណាហ្គា​វើ​ល​នៅ​រដូវ​កាល​២០១៦ កីឡាករ ង៉​យ ស្រ៊ី​ន ដាក់​មិន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ឡើងវិញ​នោះទេ ស្រប​ពេលដែល​រូបគេ​ឧស្សាហ៍​រងរបួស​ជា​ញឹកញាប់​។ បញ្ហា​របួស​នេះ​បានធ្វើ​ឲ្យ​រូបគេ​មិនសូវ​បង្ហាញខ្លួន​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​។

យ៉ាង​ណាក្តី​រូបគេ​ក៏​បានជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ជើងឯក​រង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៧ និង​ឈរ​ក្នុង​ប្រអប់ Top4 ប្រចាំ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​មុន​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684