ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះខ័ន​រាជ​ស្វាយរៀង បង្ហាញ​ចំណាប់អារម្មណ៍​ចង់បាន​កីឡាករ​ជា​ជនជាតិ​ខ្មែរ​ចូល​ក្រុម

​ខុស​ពី​រាល់​ឆ្នាំ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ធ្លាប់​បណ្តុះបណ្តាល​បាន​កីឡាករ​ក្មេងៗ​ច្រើន បានបង្ហាញ​សញ្ញា​ចង់បាន​កីឡាករ​ខ្មែរ​មក​ចូលរួម​ក្រុម​ដើម្បី​បំពេញ​ចន្លោះប្រហោង​នៅក្នុង​ទម្រង់​លេង ពីលើ​កីឡាករ​សំខាន់ៗ​ដែលមាន​ស្រាប់ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨ ដែល​នឹង​ចាប់ផ្ដើម​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​។

លោក សំ វ៉ាន់​ដេ​ត គ្រូ​បង្វឹក​ក្លិប​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៧ ថ្មីៗ​នេះ​បាន​បញ្ជាក់ថា «​កីឡាករ​យើង​មួយចំនួន យើង​ព្យាយាម​បញ្ចេញ​ផងដែរ ហើយ​កីឡាករ​មួយចំនួន​ដែល​យើង​ត្រូវការ​យើង​នឹង​ព្យាយាម​ទាក់ទង​ទៅ​ក្លិប​គេ ហើយ​កីឡាករ​មួយ​ចំនួន​យើង​នឹង​យកមក​វិញ​ដែល​គេ​ខ្ចី​ជើង​។ កីឡាករ​ដែល​យើង​ព្យាយាម​ទិញ​នោះ យើង​អត់​ទាន់​ធ្វើការ​លំអិត​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប​គេ​ទេ យើង​អត់​បាន​ទាក់ទង​ជាមួយ​គេ​នៅឡើយ​ទេ ព្រោះ​យើង​អត់​អាច​ប្រាប់​ជា​សាធារណៈ​ថា​យើង​ចង់បាន​កីឡាករ​ម្នាក់​នេះ​បានទេ ប៉ុន្តែ​អ្វីដែល​សំខាន់​យើង​ទៅ​ជួប​ថ្នាក់ដឹកនាំ​គេ​សិន ក្នុងតម្លៃ​ខ្លួន​ណាមួយ​ដែល​យើង​អាច​ច​ចារ​គ្នា​បាន​យើង​នឹងធ្វើ​ការទិញ ហើយ​សន្និសីទកាសែត​ដូច​កីឡាករ ចាន់ វឌ្ឍនាកា អី​អ​ច្ចឹ​ង​ដែរ​»​។

សូម​បញ្ជាក់​ថា ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បានបញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2017 ដែលមាន​សមាជិក​១២​ក្រុម ហើយ​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បានបញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​គ្រង​តំណែង​ជើងឯក​តែម្តង​។

លោក សំ វ៉ាន់​ដេ​ត បានបញ្ជាក់​ថា​ នៅ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨ ខាងមុខនេះ​ក្រុម​របស់លោក កំពុងតែ​សម្លឹង​យក​កីឡាករ​មក​បំពេញ​ចន្លោះ​ប្រហោង​ទាំង​កីឡាករ​បរទេស​និង​កីឡាករ​ខ្មែរ មុន​រដូវ​កាល​ថ្មី​មកដល់​។ ដោយសារតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ ពុំ​ដែល​បាន​ធ្វើ​ការ​នាំចូល​កីឡាករ​ខ្មែរ​មក​រួម​ក្រុម​ឡើយ ដោយ​នាំចូល​តែ​កីឡាករ​បរទេស​សុទ្ធសាធ និង​ភាគច្រើន​ដំឡើង​កីឡាករ ពី​ឈុត​យុវជន​របស់​ខ្លួន មកកាន់​ឈុត​ធំ​តែប៉ុណ្ណោះ​។

​ចំណែក​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) បានប្រកាស​កាលពីពេល​ថ្មីៗ​ថា​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១២ ឆ្នាំ​២០១៨ គ្រោង​បើក​ការប្រកួត​ចាប់ពី​ថ្ងៃទី ៧ កុម្ភៈ ដល់ ៦ តុលា ២០១៨ និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨ ចាប់ផ្តើម​ពីថ្ងៃ​ទី ៣ មីនា ដល់ ៣០ កញ្ញា ២០១៨​។ ដូច្នេះហើយ​ក្រុម​នីមួយៗ​កំពុង​សំងំ​ពង្រឹង​កូនក្រុម​រៀងៗ​ខ្លួន​មុន​យុទ្ធនាការ​ថ្មី​មកដល់​ក្នុង​ពេលឆាប់ៗ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684