ព័ត៍មានទាន់​ហេតុការណ៏
Search

១២​ខែ ឆ្នាំ​២០១៧​កម្ពុជា នាំ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​នាំចេញ​មាន​បរិមាណ ៣៩៤.០២៧​តោន ស្មើនឹង​៦១,៩៩​ភាគរយ

ភ្នំពេញ ​៖ រយៈពេល​១២​ខែ ឆ្នាំ​២០១៧ នេះ កម្ពុជា​បាន នាំ អង្ករ​ក្រអូប​គ្រប់​ប្រភេទ ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស មាន​បរិមាណ ៣៩៤.០២៧​តោន ស្មើនឹង​៦១,៩៩​ភាគរយ ក្នុងចំណោម​អង្ករ​ក្រអូប​នោះ​រួមមាន អង្ករ​ផ្កា​រំដួល ឬ​ផ្កា​ម្លិះ អង្ក​រស គ្រប់​ប្រភេទ និង​អង្ករ​ចំហុយ​។ នេះ​បើ​តាម យោង​តាម​របាយ​ការ​ណ៍ លោក​វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ជម្រាប​ជូន​ប្រមុខ​រាជរដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​៩​មករា។

លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​១២​ខែ ឆ្នាំ​២០១៧ នេះ កម្ពុជា​បាន​នាំ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស មាន​បរិមាណ ៣៩៤.០២៧​តោន ស្មើនឹង​៦១,៩៩​ភាគរយ​។ អង្ក​រស គ្រប់​ប្រភេទ​មាន​ចំនួន ១៥៦.៦៥៤ តោន ស្មើនឹង ២៤,៦៤ ភាគរយ និង​អង្ករ​ចំហុយ​មាន​ចំនួន ៨៤.៩៩៨ តោន ស្មើនឹង ១៣,៣៧ ភាគរយ។ ក្នុងចំណោម​អង្ករ​ក្រអូប​នោះ អង្ករ​ផ្ការំដួល ឬ​ផ្កា​ម្លិះ មាន​ចំនួន ២១១.៩៧៤ តោន ស្មើនឹង ៣៣,៣៥ ភាគរយ។

លោក រដ្ឋមន្ត្រី កសិកម្ម​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​រយៈពេល​នោះ កម្ពុជា បាន​នាំទៅ​កាន់ ទិសដៅ ៦៣ ប្រទេស​ក្នុង​នោះ ប្រទេស​ចិន​ជាប់ ចំណាត់ថ្នាក់​លេខ​១ (១៩៩ ៨៥៧ តោន​) ប្រទេស​បារាំង ជាប់​លេខ​២ (៧៧ ៣៦៣ តោន​) ប្រទេស​ប៉ូឡូញ លេខ​៣ ៤៤ ០២៣ តោន ប្រទេស ម៉ា​ឡេ​សី សំ​ដាប់​លេខ ៤ (៣៨ ៣៦០ តោន​) ប្រទេស​បង់​ក្លា​ដេ​ស លំដាប់​លេខ​៥ (៣១ ៤៧០ តោន ) ប្រទេស ណេ​ដឺ​ឡែ​ន លេខ​៦ ( ២៧ ១៧៥ តោន​) ប្រទេស​អង់គ្លេស លេខ​៧ ( ២៦ ៧៧៥ តោន​) ប្រទេស​ហ្កា​បុ​ង លេខ​៨ ( ២៤ ៦៧៧ តោន​) ប្រទេស​ប៊ែ​ល​ហ្សិ​ក លេខ​៩ (២០ ០៦០ តោន )​និង​ប្រទេស​ឆេ​កូ លេខ​១០ (១៧ ៣៣០​តោន​)​។

ចំណែក អង្ករ​នាំទៅ​ទិសដៅ សហភាព​អឺរ៉ុប ២៦ ប្រទេស មាន បរិមាណ សរុប ២៧៦ ៨០៥ តោន (៤៣ .៥៤%) ទិសដៅ​អាស៊ាន ៤​ប្រទេស មាន​បរិមាណ សរុប ៥១ ៣២៥ តោន (៨ .០៧ %) និង​ទិសដៅ ដទៃទៀត ចំនួន​៣៣ ប្រទេស​មាន បរិមាណ សរុប ៣០៧ ៥៤៩ តោន (៤៨ .៣៨%)​។

លោក វេ​ង សាខុន បញ្ជាក់ថា សម្រាប់ ការ​នាំ​អង្ករ​ចេញពី​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស ខាងលើ ធ្វើឡើង​តាម​រយៈ ក្រុមហ៊ុន ចំនួន​៨៤ ក្រុមហ៊ុន ហើយ​បរិមាណ អង្ករ​នាំចេញ​សម្រាប់​ឆ្នាំ​២០១៧ មាន​ចំនួន ៦៣៥ ៦៧៩ តោន ដែល​បរិមាណ​នេះ បើ​ធៀប រយះពេល ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ កើតឡើង ១៧ .៣០ ភាគរយ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684