ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​រថយន្ដ​ដឹក​ថ្ម​ដល់​វង្វង់​មូល​មិន​បង្អង់​ល្បឿន​បួង​ចង្កូត​ក្រឡាប់​ កិន​ម៉ូតូ​មួយ​គ្រឿង ​ប្ដី​ប្រពន្ធ​ពីរ​នាក់​របួសធ្ងន់

ភ្នំពេញ ៖ ប្ដី​ប្រពន្ធ ២​នាក់ បាន ទទួលរង​របួសធ្ងន់ ដោយសារ​រថយន្ដ​ប៉ែន​ដឹក​ថ្ម បើកបរ​ដល់​ចំណុច​រង្វង់​មូល​មិន​បង្អង់​ល្បឿន​បួង​ចង្កូត ក្រឡាប់​កិន​ទៅលើ​ម៉ូតូ​សង់​កូរ៉េ ដែល​កំពុង​ធ្វើ​ដំណើរ​ដូចគ្នា។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​កាល ពី​វេលា​ម៉ោង​១១ និង​៤០ នាទី ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​រង្វង់​មូល​ដីក្រហម ( ហៅ​) រង្វង់​មូល​ស្រី​កង​ស្រូវ ស្ថិតនៅ​ភូមិកណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង ២​នាក់ ប្ដី​ប្រពន្ធ​មិនទាន់ បាន​ស្គាល់​អ​ត្តសញ្ញាណ​នៅឡើយ​ទេ។ ដោយឡែក​តៃកុង​រថយន្ដ បង្កហេតុ​មានឈ្មោះ​ឃុន វិបុល ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ បើកបរ​រថយន្ដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​របើក ស្រុក​ឈូក ខេត្ដ​កំពត។

ប្រភព​ព័​ត៌​មាន​ពី​កន្លែង កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​បានឃើញ​រថយន្ដ ប៉ែន ដឹក​ថ្ម ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-9368 បើកបរ​ក្នុង​ល្បឿន​លឿន តាម​បណ្ដោយ​ផ្លូវ​លេខ​៣១A ទិសដៅ​ពី​លិច​ទៅ​កើត ដល់​ចំណុច​រង្វង់​មូល​ស្រី​កង​ស្រូវ មិន​បង្អង់​ល្បឿន ​បាន​បួង​ចង្កូត​យ៉ាងខ្លាំង ក្រឡាប់​ផ្ងារជើង​ម្ខាង សង្កត់​ម៉ូតូ​សង់ កូរ៉េ ១​គ្រឿង បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ ២​នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​ដូចគ្នា ទទួលរង​របួសធ្ងន់ ត្រូវ​បាន​ដឹក បញ្ជូន​យកទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្កក៏​ត្រូវ​ឃាត់ខ្លួន​ផងដែរ។

ក្រោយពេល​កើតហេតុ​រថយន្ដ​បង្ក និង​ម៉ូតូ​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684