ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​កម្លាំង​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ

ភ្នំពេញ ​៖ ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ និង​វិទ្យាស្ថាន​វិជ្ជាជីវៈ​ពាណិជ្ជកម្ម អ៊ូ​ស៊ី នៃ​សាធារណ រដ្ឋ​ប្រជា​មានិ​ត​ចិន បាន ចុះ​កិច្ចព្រមព្រៀង​ស្តីពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដើម្បី​បណ្តុះ​បណ្តាល​និង​លើកស្ទួយ​ជំនាញ​ដល់​កម្លាំង​កម្ពុជា​សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​និង ការអភិវឌ្ឍ​​ក្នុង​ខេត្ត​ព្រះសីហនុ​និង​នៅ​ទូទាំងប្រទេស។

កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ក្រោម អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​លី ឃឺ​ឈាង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជា​មានិ​ត​ចិន​ជា​កិច្ចព្រមព្រៀង ១​ក្នុងចំណោម​កិច្ចព្រមព្រៀង​ចំនួន​១៨​ផ្សេងទៀត​ដែល​រដ្ឋាភិបាល​ចិន​បាន​ចុះ​ជាមួយ​កម្ពុជា​។

គួរ​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៥៦​លាន​យ័ន (​ប្រមាណ​ជា ១០​លាន​ដុល្លារ​អាមេរិក​) ដើម្បី​សាងសង់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ថ្មីស្រឡាង​មួយ​ដែល​មាន​ឈ្មោះថា​ វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន ខេត្ត​ព្រះសីហ​នុ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ លើ​ផ្ទៃដី​សរុប​ចំនួន ២.៣ ហិកតា ដែលមាន​អគារ​សរុប​ចំនួន ១៥ អគារ រួមមាន អគារ​បង្រៀន​ប្លុក​ខាងលិច អគារ​បង្រៀន​ប្លុក​ខាងកើត អគារ​ការិយាល័យ អគារ​សម្រាប់​ស្តុក​ទុក​ថាមពល​អគ្គិសនី សាលប្រជុំ រោង​ជាង​១ រោង​ជាង​២ អន្តេវាសិកដ្ឋាន​បុរស អន្តេវាសិកដ្ឋាន​នារី អន្តេវាសិកដ្ឋាន​គ្រូ អាហារដ្ឋាន ប៉ុស្តិ៍​យាម​១ ប៉ុស្តិ៍​យាម​២ ច្រករបៀង​១ និង​ច្រករបៀង​២​។

បន្ទាប់ពី​មានការ​ឯកភាព​ពីរ​ដ្ឋា​ភិ​បាល​របស់​ខ្លួន​ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ចសន្យា​សាងសង់ កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ លើ​ការសាងសង់​វិទ្យាស្ថាន​នេះ​។ កិច្ចសន្យា​សាងសង់​នេះ មាន​រយៈពេល​១៨​ខែ ដោយ​ចាប់​ផ្តើម​សាងសង់​ពីថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៥ និង​បាន​បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ​។ វិទ្យាស្ថាន​នេះ គ្រោង​នឹង​ដាក់ ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៨​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684