ព័ត៍មានទាន់​ហេតុការណ៏
Search

សហគ្រាស​នៃ​ក្រុមហ៊ុន​ស្បៀង​ចិន​ មក​ពិនិត្យ​លទ្ធភាព​ដាក់​ពូជស្រូវ​ឲ្យ​ផលិត​នៅ​បន្ទាយមានជ័យ​ ដើម្បី​នាំ​ស្រូវ​ចេញទៅ​ប្រទេស​ចិន

បន្ទាយមានជ័យ ៖ នៅព្រឹក​ថ្ងៃ​ទី​១១ ខែ មករា ឆ្នាំ​២០១៨​ គណៈប្រតិភូ​វិនិយោគ​សហគ្រាស​ស្បៀង​ចិន​ បាន​មក​ពិនិត្យ​លទ្ធភាព​ដាក់​ពូជស្រូវ​អៀ​ឲ្យ​ផលិត​នៅ​ខេត្តបន្ទាយមានជ័យ​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​វិញ​ឲ្យ​ច្រើន​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ​។​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ លោក ឈើ​យ ចាន់ណា អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​ម​ន្ទី​រ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ខេត្តបន្ទាយមានជ័យ​ បាន​រួម​ដំណើរ​ប្រតិភូ​សហគ្រាស​ស្បៀងអាហារ​ចុង​លាង​របស់​ប្រទេស​ចិន​ទៅ​ទស្សនកិច្ច​ដើម្បី​ធ្វើការ​ស្វែងយល់​និង​វាយតម្លៃ នៅ​កសិដ្ឋាន​កសិកម្ម​របស់ លោក អ៊ឹង សៀង​ហ៊ី នៅ​ភូមិ​រំចេក ឃុំ​ស្រះ​ជីក ​និង​ទៅ​អាង​ត្រពាំងថ្ម​ឃុំ​ប៉ោយចា ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

លោក​ឈើ​យ ចាន់ណា​ បាន​មានប្រសាសន៍ថា​ គោលបំណង របស់​ប្រតិភូ​មកនេះ ​គឺ​ដើម្បី​មក​ពិភាក្សា​អំពី​ការផលិត​ពូជស្រូវ ការ​ដាំដុះ ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ និង​នាំ​អង្ករ​ចេញទៅ​ប្រទេស​ចិន​ឲ្យ​បាន​រាប់ម៉ឺន​តោន។ លោក​ឈើ​យ ចាន់ណា​ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ​សហគ្រាស​ចិន​នេះ នឹង​នាំ​ពូជស្រូវ​៣៤០​ មុខ​មក​សាកល្បង​ដាំ​ដុះ​សាបព្រោះ ផលិត​នៅ​វាលស្រែ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ ក៏​ដូច​នៅ​ខេត្ត​ដទៃ​ទៀត​ នៃ​កម្ពុជា​ដើម្បី​ផលិត​ស្រូវ​អង្គរ​នាំទៅ​កាន់​ប្រទេស​ចិន​ឲ្យ​បាន​ច្រើន​ម៉ឺន​តោន​។

លោក​សួន ​បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ក៏បាន​មានប្រសាសន៍​ដែរ​ថា ​សហគ្រាស​ចិន​នេះ ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ទទួល​ទិញ​អង្ករ​និង​ជំរុញ​ផលិត​ស្បៀង​ពី​កម្ពុជា​ទៅ​ចិន​ហើយ​ប្រតិភូ​មកនេះ​ចុះ​ដើម្បី​ពិនិត្យ​ទីតាំង​ផលិត ដើម្បី​បង្កើន​កូតា​នាំ​ស្បៀង​ពី​កម្ពុជា​ទៅ​ចិន​ផង​ដែរ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684