ព័ត៍មានទាន់​ហេតុការណ៏
Search

ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​ សម​ត្ថកិច្ច​កំពុង​តាម​ចាប់​ជន​បង្ក

កណ្តាល ​៖ ​ប្រភព​ព័ត៌មានបាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨​ថា ពេលនេះ​ប៉ូលិស​ចរាចរណ៍​ខេត្ត​កណ្តាល នៅ​ពុំទាន់​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​ម៉ាក LANG ROVER ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 2U-6977 ឈ្មោះ សោម រតនៈ បាន​នៅឡើយ​ទេ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​មនុស្ស​បីនាក់​នៅ​ក្រុង​តាខ្មៅ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានប្រាប់​ឲ្យ​ដឹង​ថា ពេលនេះ នគរបាល​ខេត្ត​កណ្តាល សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ខណ្ឌមានជ័យ​និង​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ ចុះទៅ​ទីស្នាក់ការ​ភូមិ​ទ្រា​ទី​១ ដើម្បី​ឆែក​រក​ឈ្មោះ សោម រតនៈ ដែល​កម្លាំង​បាន​រកឃើញ​តាម​ប្រព័ន្ធគ្រប់គ្រង​យានយន្ត​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ។ ប៉ុន្តែ​មិនមាន​ឈ្មោះ​នេះ ក្នុង​មូលដ្ឋាន​នោះទេ។

មន្ត្រី​នគរបាល បាន​អះអាង​ថា សមត្ថកិច្ច​នឹង​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​អាសយដ្ឋាន​របស់​ឈ្មោះ សោម រតនៈ។

អ្នកច្បាប់​មួយ​រូប​សុំ​ មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ជនបង្ក​ឈ្មោះ​សោម រតនៈ ប្រឈម​បទល្មើស រត់គេច​ពី​ការទទួលខុសត្រូវ តាម​មាត្រា​៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​បើកបរ​ដោយ​ធ្វេសប្រហែស បណ្ដាល​ឲ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា​៨៥ និង​មាត្រា​៥៣ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។

សូម​ជម្រាបថា យុវជន​បី​នាក់ បាន​ខ្ទាត​ផ្លោង​ធ្លាក់​ផ្លូវ​ស្លាប់​ភ្លាមៗ ក្រោយពេល​រថយន្ត LANG ROVER បុក​អូស​ជាង​១០០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៦និង១០​នាទី ល្ងាច​ថ្ងៃ​សុក្រ ទី​០៥ ខែមករា ឆ្នាំ២០១៨ នៅ​ជិត​វិទ្យាល័យ​ខ្ពប​វែង ស្ថិតក្នុង​ក្រុង​តាខ្មៅ។

សាក្សី​និយាយ​ថា​ ឃើញ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក LANG ROVER ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 2U-6977 បើកបរ​ល្បឿន​លឿន​ដូច​ហោះ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​។ លុះ​មកដល់​ចំណុច​កើតហេតុ បាន​ជែង​ម៉ូតូ​មួយ​គ្រឿង ម៉ាក ហុងដា MSX ពណ៌​ខ្មៅ​ លា​យស អត់​ស្លាកលេខ។ ប៉ុន្តែ​មិន​ផុត​ក៏​ជ្រុល​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​បីនាក់ ខ្ទាត​ផ្លោង​ធ្លាក់​ចេញពី​ផ្លូវ​ស្លាប់​ម្នាក់​ភ្លាមៗ និង​ពីរ​នាក់​ទៀត បាន​ដាច់ខ្យល់​ស្លាប់​ពេល​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ។

សាក្សី​បន្ត​ថា អ្នកបើកបរ​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន​បើក​រត់ តាម​ផ្លូវ​លេខ​១១៥ លុះដល់​ស្តុប​ជិត​កាកបាទក្រហម​ខេត្ត​កណ្ដាល ក៏បាន​ប្លុង​រថយន្ត​ចោល រួច​អ្នក​បើកបរ​បាន​ចុះ​រត់​គេច​ខ្លួន​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684