ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ចាស់​បី​នាក់​ស្លាប់ភ្លាមៗ​ នៅ​កន្លែង​កើត​ហេតុ​ ក្រោយ​បើក​ម៉ូតូ​បុក​ជាមួយនឹង​រ៉ឺម៉ក​ដឹក​បន្លែ

តាកែវ ៖ មាន​ជនរងគ្រោះ​ស្លាប់​បាត់​បង់ជីវិត​ក្មេង​ចាស់​បី​នាក់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែ​បុក​គ្នា​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​២០​នាទី​ល្ងាច ​តាម​ផ្លូវ​ជាតិ​លេខ​២ ​ត្រង់​ចំណុច​ភូមិ​ជ្រោយ​ស្លែង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៨-១១៩​។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ស្រុក​គិរីវង់​បាន​ប្រាប់​ថា អ្នក​បើក​បរ​រ៉ឺម៉ក​ដឹក​បន្លែ​មានឈ្មោះ ដួង បេ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់។

ចំណែក​អ្នកបើកបរ​ម៉ូតូ ឈ្មោះ សែម គឹម​សាន្ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​យិន​ហា ឃុំ​យិន​ជុង ស្រុក​ទិន​បៀ​ង ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។

អ្នក​រួម​ដំណើរ​ឈ្មោះ សែម រិ​ន ភេទ​ស្រី​ អាយុ​៧០​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​យិន​ហា ឃុំ​យិន​ជុង ស្រុក​ទិន​បៀ​ង ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ និង​ក្មេង ប្រុស​រួម​ដំណើរ​ម្នាក់ទៀត​ឈ្មោះ សាន ស៊ិន អាយុ​០៥​ឆ្នាំ បាន​ស្លាប់​នៅ​កន្លែង កើតហេតុ​។ សមត្ថកិច្ច​បន្ត​ថា​ ជន​រងគ្រោះ​បើ​ក​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ទឹកប៊ិច ពាក់​ស្លាកលេខ​671L : 0096 ពី​ទិស​ខាង​ជើង​ទៅ​ត្បូង ​លុះដល់​ចំណុច​កើត​ហេតុ​ បាន​បុក​ជា​មួយនឹង​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែ​ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​អ្នកជិះ​ម៉ូតូ​ទាំង​បី​នាក់​តែម្តងទៅ។

បច្ចុប្បន្ន​ក្រោយ​ការ​វាស់វែង​រួច​កម្លាំង​សមត្ថកិច្ច ​បាន​ប្រគល់​ស​ព​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ​កម្លាំង​ជំនាញ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ដើម្បី​បំពេញ​សំណុំរឿង​និង​ស្រាវជ្រាវ​តាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684