ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវជាតិ​លេខ​33A​ ដែល​មាន​ប្រវែង​សរុប​៧.៨០០​ម៉ែត្រ ​នឹង​ត្រូវ​បន្ត​ស្ថាបនា​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០១៨​នេះ​ហើយ

កែប ៖ តំបន់​រមណីយដ្ឋាន​ខេត្ត​កែប​នឹង​ត្រូវ​ជំរុញ​ការស្តា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់​ទៀត​សម្រាប់​បម្រើ​សេវាកម្ម​លើ​វិស័យ​ទេសចរណ៍​។ ទិសដៅ​ចម្បង​ដែល​ត្រូវអនុវត្ត​បន្ត​គឺ​ការស្ថាបនា​ផ្លូវ​ឲ្យ​បាន​ច្រើន​ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ​​ឲ្យ​ចូល​មក​ទស្សនា​ក្នុង​ខេត្ត​កែប​កាន់តែ​ទ្វេ​ឡើង​ថែមទៀត​។

ដោយឡែក​ផ្លូវជាតិ​លេខ​33A​ ដែល​ត​ភ្ជាប់​ពី​ទីប្រជុំ​សេះ​ស មាន​ប្រវែង​សរុប​៧.៨០០​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​ស្ថាបនា​ដោយ​អ៊ុត​កៅស៊ូ​អេ​ស៊ី​រួចរាល់​ប្រវែង​៧.០៥០​ម៉ែត្រ និង​នៅសល់​ប្រវែង​៧៥០​ទៀត​នោះ នឹង​បន្ត​អនុវត្ត​ឲ្យ​បាន​ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០១៨​នេះ​។

លោក​ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ដែល​ជា​ប្រតិបតិ្តករ​ក្នុង​ការងារ​ស្ថាបនា​ផ្លូវ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ខាង​មន្ទីរ​ជំនាញ​របស់​លោក បន្ទាប់ពី​ទទួលបន្ទុក​កិច្ចការ​នេះ បាន​ខិតខំ​ជំរុញ​និង​អនុវត្ត​ផែនការ​ស្ថាបនា​ដង​ផ្លូវ​សំខាន់ៗ​ជាច្រើន​ខ្សែ​ជុំវិញ​ខ្សែក្រវាត់​ខេត្ត​ទាំងមូល​។

លោក​ថា ក្រៅពី​ការស្ថាបនា​ផ្លូវជាតិ​លេខ​33A​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​ប្រកបដោយ​គុណភាព​នោះ លោក​ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ដែល​ជា​ប្រតិបតិ្តករ​បន្ត​ទៅ​ស្ថាបនា​ផ្លូវ​ពី​ក្រាល​ក្រួស​ក្រហម​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​អ៊ុត​អេ​ស៊ី នៅ​តំបន់​អភិវឌ្ឍន៍​ភ្នំ​វល្លិ បច្ចុប្បន្ន​ហៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ អ្នកដឹកនាំ​ម​ន្ទី​រ​ប្រតិ​ប​តិ្ត​ករ​រូប​នោះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ដោយសារ​កំណើន​អ្នក​ទេសចរ​​កាន់តែ​សម្រុក​មក​ទស្សនា សម្រាក លម្ហែ កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ខេត្ត​កែប យ៉ាង​ផុលផុស​នោះ ប្រមុខ​ដឹកនាំ​ខេត្ត​ក៏បាន​ជំរុញ​ដល់​មន្ទីរ​ជំនាញ​របស់​លោក អនុវត្ត​ភារកិច្ច​ជា​បន្តបន្ទាប់​ទៀត ដូចជា​ជំរុញ​ការស្ថាបនា​ផ្លូវជាតិ​លេខ​33A ដែល​នៅសល់​ប្រវែង​៧៥០​ម៉ែត្រ​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៨​នេះ​។

ចំពោះ​ផ្លូវ​ដែល​បាន​ស្ថាបនា​ដោយ​ក្រាល​និង​អ៊ុត​កៅស៊ូ អេ​ស៊ី​ដូចគ្នា​ស្ថិត​ក្នុង​ភូមិ​ចំការ​បី ឃុំពងទឹក ស្រុក​ដំណាក់​ចង្អើរ បាន​និង​កំពុង​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ ហើយ​ផ្លូវ​ក្នុង​គម្រោង​២​ខ្សែ​ប្រវែង​សរុប​១១.០០០​ម៉ែត្រ​នោះ យើង​ចាប់​ផ្តើម​ស្ថាបនា​ដោយ​ក្រាល​កៅស៊ូ​បាន​ប្រវែង​២.០០០​ម៉ែត្រ​ហើយ ក្នុងនោះ​ផ្លូវ​លេខ​១៣៣៣ បាន​ប្រវែង​៦០០​ម៉ែត្រ និង​ផ្លូវ​លេខ​១៣៣៥​បាន​ប្រវែង ១.៤០០​ម៉ែត្រ​។

ដោយឡែក​ផ្លូវ​លេខ​133A​ប្រប​មាត់សមុទ្រ ត​ភ្ជាប់​ពី​ទីប្រជុំជន​ខេត្ត​កែប ឆ្ពោះ​ទៅ​ឆ្នេរ​អង្កោល ដែល​ក្នុង​គម្រោង​នឹង​ស្ថាបនា​តាម​បទដ្ឋាន​បច្ចេកទេស​(​ក្រាល​កៅស៊ូ​)​ដែរ​នោះ អំឡុង​ពេលនេះ​ជំនាញ​បាន​អនុវត្ត​ផែនការ​ដោយ​ឈូស​ឆាយ​ចាក់​ដី​ល្បាយ​ថ្មភ្នំ ​ដំឡើង​តួ​ផ្លូវ​បាន​រួចរាល់​អស់ហើយ​ដែរ ដោយ​ផ្លូវ​នេះ​នឹង​ស្ថាបនា​បន្ត​ទៀត​នា​អំឡុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

សូម​ជម្រាប​ថា តំបន់​រមណីយដ្ឋាន​ខេត្ត​កែប​ទទួល​បាន​ភាព​ល្បីល្បាញ​ខាង​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​កន្លងមក​នេះ គឺ​មិនមែន​ជាការ​ចៃដន្យ​នោះ​ទេ ជា​រួម​ខេត្ត​កែប​ក្រោម​ការដឹកនាំ​របស់លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ខិតខំ​ជំរុញ​ការ​ស្តា​និង​អភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ជំរុញ​ការស្ថាបនា​ដង​ផ្លូវ​សំខាន់ៗ​ក្នុង​ទីប្រជុំជន ក៏ដូចជា​តាម​ជនបទ​ដាច់ស្រយាល​។

ជា​មួយ​នឹង​ខេត្ត​កែប​ទទួល​បាន​នូវ​ភាព​ល្បី​រន្ទឺ និង​ទទួល​បាន​ការគាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ​-​អន្តរជាតិ រហូត​បាន​ទទួល​នូវ​សូចនាករ​ល្បីៗ​ជាច្រើន ដូចជា​ទទួល​បាន​ពានរង្វាន់​”​ផ្កា​រំដួល​បី​ទង​” ពានរង្វាន់​និរន្តរភាព​បរិស្ថាន​អាស៊ាន ខាង​ដី​ស្អាត ទឹកស្អាត ខ្យល់​ស្អាត​នោះ​ពិតជា​មិនធម្មតា​ឡើយ ដោយ​ពានរង្វាន់​បែបនេះ ពុំ​អាច​មាន​ខេត្ត​មួយណា​ប្រជែង​បាន​នោះទេ​។ លើស​ពី​នេះ ក្នុង​ថ្ងៃទី​២៦​ខែមករា ឆ្នាំ​២០១៨​ខាងមុខ ថ្នាក់ដឹកនាំ​ខេត្ត​កែប​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ទទួល​ពានរង្វាន់​ថ្មី​មួយទៀត គឺ​ជ័យ​លាភី ឡា​បិ​ល​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន នៅ​ទីក្រុង​ឈៀង​ម៉ៃ​ផង​ដែរ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ​គេ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​ទៀត នឹង​ត្រូវ​បាន​កសាង​ឡើង​ដ៏​ច្រើន​ស្អេកស្កះ​នៅ​ក្នុង​ទឹកដី​ខេត្ត​កែប ព្រោះ​តំបន់​ទេសចរណ៍​យ៉ាង​ប្រណិត​មួយ​នេះ​នឹង​ត្រូវ​ការចាំបាច់​បំផុត​នូវ​ភាព​ទាក់ទាញ ជា​ភាព​បៃតង ស្រស់ស្អាត សុវត្ថិ​ភាពជា​ដរាប សម្រាប់​បង្កើន​សក្តានុពល​ទេសចរណ៍ ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត៕

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684