ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ខ្លួន​បុរស​ប៊ែ​ល​ហ្សិ​ក​ម្នាក់​ ដឹក​គ្រឿងញៀន​ជាង​១​គីឡូក្រាម ឆ្លងកាត់​កម្ពុជា

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨ និង ១៣​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ២០១៨ សម​ត្ថ​កិច្ច​កម្ពុ​ជា​បាន បង្ក្រាប​ការ​ដឹកជញ្ជូន​ឆ្លងកាត់​នូវ​សារធាតុ​ញៀន​មួយ​ករណី​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ចាប់​ដកហូត​ថ្នាំញៀន​ជាង​១​គីឡូក្រាម នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​”​ក​១”​ដោយមាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច គយ នគរបាល​អន្តោប្រវេសន៍ និង សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​នូវ​សារធាតុ​ញៀន​ឆ្លងដែន តាម​ជើង​អាកាស ពី​ប្រទេស​ប្រេ​ស៊ី​ល ឆ្លងកាត់​ប្រទេស​អេ​ត្យូ​ពី​-​ថៃ បាន​ចូលមក​កម្ពុជា។

លទ្ធផល​សម​ត្ថ​កិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ CATRY DAVIT NOEL M ភេទប្រុស ជនជាតិ​ប៊ែ​ល​ហ្សិ​ក កាន់​លិខិត​ឆ្លង​លេខ EN106323.២.​។ ក្នុង​នោះ​បាន​ធ្វើការ​ដកហូត​សារធាតុ​ញៀន​ប្រភេទ​Cocaine ទម្ងន់ ១០០៣.​និង​២៤​ក្រាម (១​គីឡូ​៣២៤​ក្រាម​)។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ បន្ត​ថា គ្រឿងញៀន​ជាង​១​គីឡូក្រាម​នេះ ត្រូវ​បាន​ជនសង្ស័យ​ជនជាតិ​ប៊ែ​ក​ហ្សិ​ក លាក់​បង្កប់​ក្នុង​គែម​វ៉ា​លី​ដឹក​តាម​យន្តហោះ​ឆ្លងកាត់​ច្រើន​ប្រទេស មក​ជាប់អន្ទាក់​នៅ​កម្ពុជា។ យោង​តាម​ស្មារតី​អង្គប្រជុំ ជាប្រចាំ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង នគរបាល តែងតែ​ដាស់តឿន​ក្រើនរំលឹក​ឲ្យ​សម​ត្ថ​កិ​ច្ច​ជំនាញ យកចិត្តទុកដាក់​បំផុត ដោយ​ប្រើប្រាស់​កម្លាំង​ចេញ​បង្ក្រាប រាល់​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ពី​សំណាក់​បុគ្គល​ជនបរទេស​មួយ​ចំនួន ក្រោម​រូបភាព​លាក់កំបាំង​ដឹកជញ្ជូន​តាមផ្លូវ​គោក ផ្លូវ​អាកាស ឆ្លងកាត់​ចូល​មក​កម្ពុជា។ ដូច្នេះ​ហើយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បើក​កិច្ចសហការ​ទូលំទូលាយ ចំពោះ​សម​ត្ថ​កិច្ច អង្គភាព​ប្រចាំ​គោលដៅ និង​មហាជន​គ្រប់​ទីកន្លែង ដើម្បី​រួមគ្នា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​កម្ពុជា។

ឥឡូវនេះ​ជនសង្ស័យ និង​ថ្នាំញៀន​ជាង​១​គីឡូក្រាម​នេះ ត្រូវ​បាន​សម​ត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684