ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែប្រយុទ្ធ កែវ សុខ​ផេង រំពឹងថា​របួស​របស់​ខ្លួន​នឹង​ជា​ទាន់ពេល​លី​គ​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​ថ្មី

​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ប្អូនប្រុស​បង្កើត​កីឡាករ កែវ សុខ​ង៉​ន ជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិកម្ពុជា ដែល​អតីត​កីឡាករ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន របស់​ប្រទេស​កម្ពុជា បានរងរបួស​អំឡុង​ពេល​ជួយ​ក្លិប​ថ្មី​របស់ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុងពេល​ប្រកួត​មិត្តភាព​កម្ដៅសាច់ដុំ​ត្រៀម​រដូវ​កាល​ថ្មី​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​អាស៊ាន​មួយ​នេះ​។

​ក្លិប​ថ្មី​របស់ កែវ សុខ​ផេង ឈ្មោះថា PKNP FC. (Perak State Development Corperation Football Club) ដែលជា​សមាជិក​ថ្មី​នៅ​លី​ក​កំពូល​ម៉ាឡេស៊ី​។ ចំណែក​កីឡាករ កែវ សុខ​ផេង បានរងរបួស​ពេល​ប្រកួត​មិត្តភាព​ស្មើគ្នា​ជាមួយ​ក្រុម Kelantan FA ដោយ​លទ្ធផល ​០​ទល់​០ កាលពីពេល​ថ្មីៗ​។ ប្រាប់​មកពី​ប្រទេស​ម៉ាឡេស៊ី កីឡាករ​មកពី​ខេត្តក្រចេះ​រូបនេះ​បាន​បញ្ជាក់ថា​ «គ្រូពេទ្យ​ថា​របួស​របស់ខ្លួន​ត្រូវការ​ពេល​ព្យាបាល​៣​សប្ដាហ៍​ទើប​អាច​ចូល​ទីលាន​បាន​វិញ​។ ខ្ញុំ​របួសពេល​ខាងគេ​ទាត់​ចំកជើងឆ្វេង​របស់ខ្ញុំ តែ​ខ្ញុំ​សង្ឃឹម​ថា​របួស​នេះ​ឆាប់​ជាសះស្បើយ មុន​រដូវ​កាលថ្មី​ចាប់ផ្តើម​នៅ​ដើមខែ​កុម្ភៈ ខាងមុខនេះ​»​។

​កីឡាករ កែវ សុខ​ផេង បាន​ចាប់​អាជីព​បាល់ទាត់​របស់ខ្លួន​នៅ​ឆ្នាំ ​២០១២ ជាមួយ​ក្លិប​បឹងកេត តែមិនសូវ​បានបង្ហាញ​ខ្លួន​នោះទេ រហូតដល់​ឆ្នាំ​ ២០១៥ ទើប​រូបគេ​ជាមួយ​បងប្រុស​ កែវ សុខ​ង៉​ន បានសម្រេច​ចិត្ត​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន រហូតមកដល់​បច្ចុប្បន្ន​។ រូបគេ​ក៏​ជា​ផ្នែកមួយ​ជួយ​ឱ្យ​បឹងកេត ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​ ២០១២ និង ​ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំ ២០១៥ រហូតដល់​ឆ្នាំ ​២០១៧​។ ចាប់ពី​ឆ្នាំ​ ២០១៥ មក​រូបគេ​ត្រូវបាន​គ្រូបង្វឹក​កោះហៅ​ឱ្យចូលរួមជាមួយ​ក្រុម U22 កម្ពុជា និង​ ក្រុម​ជម្រើសជាតិ​ផងដែរ​។​

​គិត​ត្រឹម​ពេលនេះ​កម្ពុជា មាន​កីឡាករ​ចំនួន​៣​រូប​ហើយ​ដែល​សម្រេចចិត្ត​ទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស ដោយ​ក្នុងនោះ​គឺ​ទៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី ទាំងអស់គ្នា​មាន​កីឡាករ កែវ សុខ​ផេង ទៅកាន់​ក្លិប PKNP FC ចាន់ វឌ្ឍនាកា ទៅ Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684