ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ​ក្រសួងចុះ​ពិនិត្យ និង ណែនាំ​ដល់​មន្ទីរឱ្យ​បន្ត​យកចិត្តទុកដាក់​ចុះ​តាមដាន​ជាប្រចាំ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍​សង្គ្រោះ​ស្រូវ​របស់​ពលរដ្ឋ​ពេល​ជួប​បញ្ហា​ខ្វះខាត​ទឹក​

​ភ្នំពេញ ​៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​មន្ត្រីបច្ចេកទេស​របស់​ក្រសួង និង​ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ ចុះ​ពិនិត្យ​ស្ថានភាពទឹក និង ​ការងារ​បង្កបង្កើនផល​ស្រូវនៅក្នុង​ខេត្តកំពង់ធំ និង   ណែនាំដល់​មន្ទីរឱ្យ​បន្ត​យកចិត្តទុកដាក់​ចុះ​តាមដាន​ជាប្រចាំ ​ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះ​ស្រូវ​របស់​ពួកគាត់​នៅពេល​ជួប​បញ្ហា​ខ្វះខាត​ទឹក​។​

​ក្រសួងធនធាន​ទឹកបាន​ឲ្យ​ដឹងថា ដោយ​អនុវត្ត​នូវ​បទបញ្ជា​ជា​បន្តបន្ទាប់​របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុងការ​គ្រប់គ្រង និង​ ថែរក្សា​ទឹក​នា​រដូវវស្សា​កន្លងទៅ បានធ្វើឱ្យ​ស្ថានភាព​ទឹក​សម្រាប់​បម្រើឱ្យ​ការផលិត​ស្រូវប្រាំង​នាពេលនេះ គឺអាច​ធានាបាន​ទាំងស្រុងកាលពីថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំមន្ត្រី​បច្ចេកទេស​របស់​ក្រសួង និង​ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ ចុះ​ពិនិត្យស្ថានភាព​ទឹក និង ​ការងារ​បង្កបង្កើនផល​ស្រូវនៅក្នុង​ខេត្តកំពង់ធំ។​

​ក្រោយពី​ការចុះពិនិត្យជាក់ស្តែង​របស់​ក្រុមការងារឃើញថា ១.តាមរយៈ​ការអនុវត្ត​ន៍នូវ​បទបញ្ជា​ជាបន្តបន្ទាប់​របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុងការ​គ្រប់គ្រង និង ​ថែរក្សា​ទឹក​នា​រដូវវស្សា​កន្លងទៅ បានធ្វើឱ្យ​ស្ថានភាព​ទឹក​សម្រាប់​បម្រើឱ្យ​ការផលិត​ស្រូវប្រាំងនាពេលនេះ គឺអាច​ធានាបាន​ទាំងស្រុង,​ ២. មកដល់​ពេលបច្ចុប្បន្នការប្រមូល​ផលស្រូវវស្សាសម្រេចបាន​ប្រមាណ ៩៩% ខណៈ​ការដាំដុះ​ស្រូវប្រាំង​សម្រេចបាន​លើ​ផ្ទៃដី​ជិត ៥ ម៉ឺន​ហិកតា ពោល គឺ​បាន​លើស​ផែន​ការដែល​បានដាក់ចុះ​ហើយ។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការងារ​នោះ លោក​រដ្ឋលេខាធិការក៏បាន​ណែនាំ​ដល់​មន្ទីរឱ្យ​បន្ត​យកចិត្តទុកដាក់ចុះ​តាមដាន​ជាប្រចាំ ​នូវ​ការងារ​បង្កបង្កើនផល​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ និង ត្រៀមលក្ខណៈ​ឱ្យបាន​រួចជាស្រេច ក្នុងការ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​របស់​ពួកគាត់​នៅពេល​ជួប​បញ្ហាខ្វះខាត​ទឹក។​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684