ព័ត៍មានទាន់​ហេតុការណ៏
Search

ដៃស្តាំ​ដែល​បាក់​ជិត​១​ឆ្នាំ​របស់​កូនប្រុស​លោក ប្រាក់ សុវណ្ណ​រ៉ា ពេល​ជួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង វះកាត់​យក​ដែក​ចេញ​វិញ​ហើយ​

កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ កូនប្រុស​បង្កើត​របស់​លោក ប្រាក់ សុវណ្ណារ៉ា សមាជិក​ក្នុង​ក្រុមព្រះ​ខ័នរាជ​ស្វាយរៀង បាន​ដួល​បាក់ដៃ​ស្ដាំ​ពេល​ខ្លួន​ជួយ​ក្រុម​ប្រកួត​ក្នុង​ពានរង្វាន់ Asia Club Pre-Season Championship 2017 ជាមួយ​គូប្រជែង​ក្រសួងការពារជាតិ ដើមឆ្នាំ ២០១៧ ពេលនេះបាន​វះកាត់​យក​ដែក​ដែល​អម​ឆ្អឹង​បាក់ នៅ​ថ្ងៃ​សៅរ៍ ទី​១៣​ ខែមករា ថ្មី​នេះហើយ​។​

​សូម​រំលឹក​បន្តិច​ថា​ នៅ​កាលនោះ​ខ្សែប្រយុទ្ធ សុវណ្ណ​ពិសិដ្ឋ បាន​ដួល​បាក់ដៃ​ស្ដាំ​ពេល​ព្យាយាមដណ្តើម​បាល់​ជាមួយ​កីឡាករ ទូច រ៉ូ​ម៉ា របស់​ក្រសួងការពារជាតិ​។ ភ្លាមៗ​ក្រុមការងារគ្រូបង្វឹក​បាន​បញ្ជូន​រូប​គេ​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​សង្គ្រោះ​បឋម​រួម​រាល់​។ កាលនោះទោះបី​មាន​កីឡាករ​របស់ខ្លួន​ម្នាក់​រងរបួស​ធ្ងន់ ប៉ុន្តែ​ក្រុម​របស់លោក សំ វ៉ាន់​ដេ​ត បានប្រកួត​ឈ្នះ​គូប្រជែង​ក្រសួងការពារជាតិ ដោយ​លទ្ធផល ១​ទល់​០​។

​ក្រោយ​វះកាត់​ចេញ​ នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ឯកជន​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ កីឡាករ សុវណ្ណ​ពិសិដ្ឋ រំពឹងថា​នឹង​អាចជួយ​ក្រុម​ឱ្យបាន​កាន់តែ​ប្រសើរ​នៅ​រដូវ​កាល​ឆ្នាំ ​២០១៧ ខាងមុខ ខណៈ​របួស​នេះ​បានជា​សះស្បើយ​មួយរយៈ​ហើយ ដែល​រូប​បានបង្ហាញ​ខ្លួន​ចំនួន​៣​លើក ក្នុងពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ ​២០១៧ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​រូបគេ​ក៏​ជាតួអង្គ​មួយ​ជួយ​ឱ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​ ២០១៧ ថ្មីៗ​នេះ ​ក្រោយ​ឈ្នះ​ក្រុម​ណាហ្គា​វើ​ល នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ៣​ទល់​០​។

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​មួយ​ដែល​បណ្តុះ​បាន​កីឡាករ​យុវជន​ថ្នាល​ជាច្រើន ក្នុងនោះក៏មាន​កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ ដែរ ដែលជា​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ក្រោមអាយុ​១៩​ឆ្នាំ​របស់​កម្ពុជា​។ យ៉ាងណាក្តី​ក្រុម​នេះ​មាន​កីឡាករ​សំខាន់​មួយរូប​ដែរ ដែល​កំពុង​រងរបួស​ពេល​ជួយ​ក្រុម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​កីឡាករ សុខ សំណាង ដែល​របួស​បាក់​ឆ្អឹងច្រមុះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684