ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែប្រយុទ្ធ ប្រាក់ ធី​វ៉ា របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ក្លាយជា​អ្នក​តំណាងឱ្យ​ផលិតផល​កីឡា​មកពី​ប្រទេសជប៉ុន

ខ្សែប្រយុទ្ធ ប្រាក់ ធី​វ៉ា សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់ភ្នំពេញ​ក្រោ​ន ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ត្រូវបាន​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​ជប៉ុន ដែលមាន​ឈ្មោះថា Mizuno ត្រៀម​ធ្វើ​ពិធី​ប្រកាស​តែងតាំងឱ្យក្លាយ​ជា​ទូត​សុច្ឆន្ទៈ​តំណាង​ក្រុមហ៊ុនមួយ​នេះ​ប្រចាំ​ប្រទេស​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ​។​

​តាម​គម្រោង​ ​ពិធី​ប្រកាស​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ខាងមុខ ក្នុង​កីឡដ្ឋាន RSN Stadium (​ម្តុំ​កាំ​កូ​ស៊ី​ធី​) ជា​ទឹកដី​របស់​ភ្នំពេញ​ក្រោ​ន និង ​ក្លិប​ដែល​កីឡាករ​រូបនេះ​កំពុង​ប្រកបអាជីព​ផ្ទាល់​។ នេះ​បើ​យោងតាម​ការបង្ហាញ​ឱ្យដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ GFA Soriya–Cambodia​។ GFA Soriya–Cambodia ជា​ប្រភេទ​អង្គការ​កីឡា​មួយ មាន​កីឡាករជនជាតិ​ជប៉ុន Takahiti Ota គ្រប់គ្រង ហើយ​ទទួល​រៀបចំ​ការ​ប្រ​កូត​បាល់ទាត់​ធំៗ​នាពេលកន្លងមក​។

​សូម​រំលឹកថា ​កីឡាករ​វ័យ​២០​ឆ្នាំ​ខាងលើ បាន​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ កាលពី​ឆ្នាំ ២០១៧ ​កន្លងទៅ ក្រោយ​រូបគេ​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ (​កូន​ខ្មែរ​តែ​ដឹងក្តី​នៅ​ប្រទេស​ថៃ​) ដោយបាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ រហូត​មានឱកាស​ជាប់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំកម្ពុជា និង ​បន្ត​ជាប់​ជម្រើសជាតិ​កម្ពុជាក្នុង​ឆ្នាំ​តែមួយ​ដែល​ខ្លួន​ចាប់ផ្ដើម​ជា​កីឡាករ​បាល់ទាត់អាជីព​ដំបូង​។

​កីឡាករ ប្រាក់ ធី​វ៉ា ជា​កីឡាករ​មួយរូប​អាចជា​អនាគត​តារា​ឆ្នើម​របស់​ក្រុម​កម្ពុជា នៅ​ថ្ងៃ​ខាងមុខ​។ ម្យ៉ាង​គេ​លេង​នៅ​ក្លិប​ល្អ​មួយ ហើយ​មាន​មូលដ្ឋានគ្រឹះ​បាល់ទាត់​រឹងមាំ​មួយ​នៅ​ប្រទេស​ថៃ អំឡុងពេលដែល​ឱ​ពុក​ម្តាយ​របស់គេ​ស្នាក់នៅ ​និង​ រកស៊ី​នៅ​ទីនោះ​។ ការចាកចេញ​របស់​ខ្សែប្រយុទ្ធសិស្ស​ច្បង កែវ សុខ​ផេង ជា​ឱកាស​មួយ​ដល់​រូបគេ​បង្ហាញ​សមត្ថភាព​ដល់​ក្រុម​ទាំងមូលនៅ​តំបន់​ប្រយុទ្ធ​ ក្រោម​ការដឹកនាំ​ពី​សំណាក់​គ្រូបង្វឹក​លោក Sean Sainsbury ជនជាតិអង់គ្លេស​នៅ​រដូវ​កាល​ថ្មី​។

​នេះ​មិនមែនជា​លើកដំបូង​ទេ ​ដែល​កីឡាករ​របស់​កម្ពុជាទទួល​ងារ​ជា​ទូត​សុច្ឆន្ទៈ​របស់​ផលិតផលសម្ភារៈ​កីឡាករ ជាក់ស្តែង​កីឡាករ ឃួន ឡា​បូ​រ៉ាវី និង គូ​ច សុ​កុម្ភៈ ធ្លាប់ជា​តំណាងឱ្យ Puma ប្រចាំ​កម្ពុជា ហើយ ​ធា​រី ចន្ថា​ប៊ី​ន កំពុង​ឈរ​តំណាងឱ្យ​ផលិត​ផង Adidas ប្រចាំ​កម្ពុជាផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684