ព័ត៍មានទាន់​ហេតុការណ៏
Search

សព​ពីរ​នាក់​ ត្រូវ​បាន​រក​ឃើញ​ពី​នាវា​ដឹក​ប្រេង​ ដែល​កំពុង​ឆេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងកើត

ក្រុម​អ្នក​ជួយសង្គ្រោះ​នៅ​ថ្ងៃ​សៅរ៍​ បាន​រក​ឃើញ​សព​របស់​សមាជិក​នាវិក​ពីរ​នាក់​នៃ​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ ដែល​បាន​ឆេះ​ចាប់តាំង​ពី​ការ​បុក​គ្នា​ជាមួយ​នាវា​ដឹកទំនិញ​មួយ​គ្រឿង​កាលពី​សប្ដាហ៍​មុន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងកើត។

ទូរទស្សន៍​រដ្ឋ CCTV បាន​និយាយថា សព​ទាំងពីរ​ត្រូវបាន​គេ​រកឃើញ​នៅលើ​ទូក​សង្គ្រោះ​ជីវិត​របស់​នាវា Sanchi កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ស្ថិតនៅក្នុង​នាវា​នេះ​រយៈពេល​តិចជាង​៣០​នាទី​ប៉ុន្តែ​មិនអាច​ទទួលបាន​ទិន្នន័យ​និង​ការថត​វីដេអូ​របស់​នាវា​នេះ​បានទេ​។​

ទូរទស្សន៍​នេះ​បាន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលទៅក្នុង​កន្លែង​ស្នាក់នៅ​របស់​នាវិក​ដោយ​សារ​តែ​សីតុណ្ហភាព​ខ្ពស់​រហូតដល់​ទៅ​៨៩​អង្សា​សេ​។​

រូបភាព​អំពី​ការជួយ​សង្គ្រោះ​បានបង្ហាញ​ថា ផ្នែក​ខ្លះ​នៃ​នាវា Sanchi នៅតែ​ឆាបឆេះ​ខណៈដែល​តួ​នាវា​និង​រចនាសម្ព័ន្ធ​របស់​វា​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​។ អាជ្ញាធរ​មានការ​ព្រួយបារម្ភ​ថា នាវា​នេះ​អាច​ផ្ទុះ​និង​លិច​ប៉ុន្តែ​មិនមាន​លទ្ធភាព​បែបនេះ​កើតឡើង​ទេ​នៅ​ថ្ងៃ​សៅរ៍​។​

មូលហេតុ​នៃ​ការបុក​នេះ​នៅតែ​មិនទាន់​ដឹង​ច្បាស់លាស់​។ សព​ម្នាក់​ត្រូវបាន​គេ​ស្រង់​ចេញពី​សមុទ្រ​កាលពីដើម​សប្តាហ៍​នេះ​ខណៈ​សមាជិក​នាវិក​២៩​នាក់​ទៀត​នៅ​មិនទាន់​ត្រូវបាន​រកឃើញ​។ នាវិក​ទាំងអស់​គឺជា​ជនជាតិ​អ៊ីរ៉ង់​លើកលែងតែ​ពីរ​នាក់​ដែលជា​ជនជាតិ​បង់​ក្លា​ដេ​ស​។​

នាវា​ចំនួន​១៣​គ្រឿង​រួមទាំង​នាវា​មួយគ្រឿង​មកពី​កូរ៉េខាងត្បូង​និង​ពីរ​គ្រឿង​មកពី​ជប៉ុន​ផងដែរ​បាន​ចូលរួម​ក្នុងការ​ជួយសង្គ្រោះ​និង​សម្អាត​នៅ​ថ្ងៃ​សៅរ៍​ហើយ​បាន​បាញ់​ទឹក​ដើម្បី​ពន្លត់ភ្លើង​។​

ភ្លើង​ឆេះ​ខ្លាំង អាកាសធាតុ​មិនល្អ​និង​ភាព​មើល​មិនសូវ​ច្បាស់​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​។​

នាវា​ដឹកទំនិញ CF Crystal របស់​ចិន​ដែល​បាន​បុក​ជាមួយ​នាវា​ដឹក​ប្រេង​នេះ​គឺមាន​សមាជិក​នាវិក​ចំនួន​២១​នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា សុទ្ធ​តែមាន​សុវត្ថិភាព​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684