ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ឆែក​ត្រូវ​ជ្រើសរើស​រវាង​គណបក្ស​គាំទ្រ​រុស្ស៊ី​ និង​សេរីនិយម​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី

ប្រធានាធិបតី​ឆែក​លោក Milos Zeman បាន​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ជុំ​ទី​ពីរ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ ដែល​អ្នក​កាន់​តំណែង​គាំទ្រ​រុស្ស៊ី​រូប​នេះ​ត្រូវ​តទល់​ជាមួយ​នឹង​គូប្រជែង​សេរីនិយម​គាំទ្រ​អឺរ៉ុប​។​

ការ​ស្ទាបស្ទង់​មតិ​បាន​បង្ហាញថា អតីតជន​កុ​ម្មុយ​និ​ស្ត​អាយុ​៧៣​ឆ្នាំ​រូបនេះ​ដែល​ក៏​ជា​អ្នកប្រឆាំង មូស្លីម​និង​គាំទ្រ​ចិន​ផងដែរ​នោះបាន​នាំមុខ​លោក Jiri Drahos អាយុ​៦៨​ឆ្នាំ​ជា​អ្នកគាំទ្រ​អឺរ៉ុប​និង​ជា​អតីត​ប្រធាន​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ឆែក​។​

បើទោះបីជា​លោក Zeman ស្ថិតក្នុង​ជំហរ​រឹងមាំ​ខណៈពេលដែល​ប្រទេស​ចាប់ផ្តើម​ថ្ងៃ​ចុងក្រោយ​នៃ​ការបោះឆ្នោត​ជុំ​ទី​១​កាលពី​ថ្ងៃ​សៅរ៍​ក៏ដោយ​, ប្រមុខរដ្ឋ​ដែល​និយាយ​ឥត​សំចៃមាត់​រូបនេះ​ទំនងជា​មិន​ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​នោះទេ​។ ការបោះឆ្នោត​ជុំ​ទី​ពីរ​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦-២៧​ខែមករា​។​

លោក Zeman ត្រូវបាន​កំណត់​គោលដៅ​ដោយ​បាតុករ​អាក្រាតកាយ​ប្រឆាំង​វិមាន​ក្រឹម​ឡាំង​ខណៈពេលដែល​គាត់​បាន​បោះឆ្នោត​នៅ​ទីក្រុង Prague កាលពី​ថ្ងៃ​សុក្រ​ដែលជា​ទង្វើ​មួយ​ត្រូវបាន​អ្នកជំនាញ​និយាយថា អាច​បង្កើន​ឱកាស​របស់គាត់​សម្រាប់​ការអាណិតអាសូរ​ចំពោះ​គាត់​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ អ្នក​តវ៉ា​អាក្រាតកាយ​មកពី​ក្រុម Femen របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​រារាំង​ដោយ​អង្គរក្ស​ហើយ​បន្ទាប់មក​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​។​

លោក Martin Sauta ដែលជា​អ្នកបោះឆ្នោត​នៅ​ទីក្រុង Prague បាន​និយាយថា គាត់​បាន​បោះឆ្នោត​ឲ្យ​លោក Zeman ព្រោះថា គាត់​មាន​ទស្សនៈ​ថិ​ត​ថេរ​បំផុត​ខណៈដែល​គូប្រជែង​របស់គាត់​មិនមាន​ភាពច្បាស់លាស់​ឡើយ​។​

ប៉ុន្តែ​ម្ចាស់​បារ​ទីក្រុង Prague លោក Eva Simova អាយុ​៥៣​ឆ្នាំ​បាន​ប្រាប់ AFP ថា គាត់​បាន​បោះឆ្នោត​ឲ្យ​លោក Drahos ព្រោះ​គាត់​ហាក់ដូចជា​មនុស្ស​ស្មោះត្រង់​។​

ការស្ទង់មតិ​មួយ​កាលពីពេល​ថ្មីៗ​នេះ​សម្រាប់​ទូរទស្សន៍​ឆែក​បាន​បង្ហាញថា លោក Drahos នឹង​ឈ្នះ​ការបោះឆ្នោត​ជុំ​ទី​២​ជាមួយនឹង​សំឡេងគាំទ្រ​៤៨,៥​ភាគរយ​បើ​ធៀប​នឹង​៤៤​ភាគរយ​ចំពោះ​លោក Zeman ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684