ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកសារ ​៖​ ខ្មាន់កាំភ្លើង​ឡាស​វេ​ហ្គាស​ បាន​ផ្ញើ​អ៊ី​ម៉ែ​ល​អំពី​ប្រអប់​បាញ់​ប៉ុន្មាន​ខែ​មុនពេល​សម្លាប់​រង្គាល​

របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​ដីកា​ឆែកឆេរ​បានបង្ហាញ​ថា បី​ខែ​មុនពេល​សម្លាប់​មនុស្ស ៥៨​នាក់​និង​រងរបួស​ជាង​៥០០​នាក់​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​កាលពី​ខែតុលា​ឆ្នាំមុន​, ខ្មាន់កាំភ្លើង​ដែល​នៅ​ពីក្រោយ​ការបាញ់ប្រហារ​ដ៏​ធំ​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​អាមេរិក​បាន​ផ្ញើ​អ៊ីម៉េល​ពិភាក្សា​អំពី​ការទិញ​ប្រអប់​បាញ់ (bump stock) ដែល​អាចធ្វើ​ឲ្យ​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​បាញ់​បាន​រាប់រយ​គ្រាប់​ក្នុង​រយៈពេល​ត្រឹម​តែមួយ​នាទី​។​

ប្រអប់​បាញ់​ដែល​ត្រូវបាន​គេ​ជឿថា ប្រើ​នៅក្នុង​ការសម្លាប់​រង្គាល​នោះ​គឺ​ត្រូវបាន​គេ​រកឃើញ​ក្នុង​បន្ទប់​សណ្ឋាគារ​ជាន់​ទី​៣២​ដែលជា​កន្លែង​លោក Stephen Paddock បាញ់រះ​លើ​ហ្វូងមនុស្ស​ដែល​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​យប់​ថ្ងៃអាទិត្យ​សម្រាប់​ពិធីបុណ្យ​តន្ត្រី​ស្រុកស្រែ​មួយ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​។​

យោងតាម​កាសែត Los Angeles Times បាន​ឲ្យ​ដឹងថា ព័ត៌មាន​លម្អិត​បានបង្ហាញ​ថា ការវាយប្រហារ​នោះ​អាចមាន​ផែនការ​ជាច្រើន​ខែ​មុន​។ សេចក្តីរាយការណ៍​នេះ​គឺ​យោងតាម​ផ្នែក​មួយ​នៃ​ដីកាឆែកឆេរ​ជាង​៣០០​ទំព័រ​ដែល​ត្រូវបាន​បើកចំហ​ដោយ​ចៅក្រម​សហព័ន្ធ​នៅក្នុង​រដ្ឋ​ណេ​វ៉ា​ដា​កាលពី​ថ្ងៃ​សុក្រ​។​

ទោះបីជា​យ៉ាងណាក៏ដោយ រ៉​យ​ទ័​រ​មិនអាច​ទទួលបាន​ច្បាប់​ចម្លង​នៃ​ឯកសារ​នេះ​បានទេ​។​
​កាសែត Los Angeles Times បាន​រាយការណ៍​ថា ឯកសារ​នេះ​មិនបាន​ប្រាប់​អំពី​ការជំរុញ​សម្រាប់​ការសម្លាប់​នោះទេ​។ លោក Paddock បាន​បាញ់សម្លាប់​ខ្លួនឯង​មុនពេល​ប៉ូលិស​ទៅដល់​បន្ទប់​សណ្ឋាគារ​រ​បស់​គាត់​នៅ​យប់​នៃ​ការបាញ់ប្រហារ​នេះ​។​

ឯកសារ​ដែល​បាន​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​ទស្សនា​វ​ដ្តី Review-Journal បាន​បង្ហាញថា ភ្នាក់ងារ FBI បាន​ស្វែងរក​ព័ត៌មាន​ពី​ក្រុមហ៊ុន Microsoft និង Facebook ទាក់ទង​នឹង​គណនី​ដែល​គ្រប់គ្រង​ដោយ Paddock និង​មិត្តស្រី​របស់គាត់​ឈ្មោះ Marilou Danley ។​
Microsoft និង Facebook មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅកាន់​អ៊ីមែល​និង​ការ​ទូរស័ព្ទ​ពី​សារព័ត៌មាន Reuters ទេ​កាលពី​រាត្រី​ថ្ងៃ​សុក្រ​។​

យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហោះ​ដោយ​ទស្សនាវដ្ដី Las Vegas Review បាន​ឲ្យ​ដឹងថា ដីកា​បាន​បង្ហាញថា អ៊ីមែល​បាន​ផ្ញើ​កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៧​ចេញពី​គណនី​មួយ​ដែល​ភ្ជាប់​ជាមួយ​លោក Paddock ទៅកាន់​អាសយដ្ឋាន​មួយទៀត​ដែល​គាត់​ក៏​អាច​គ្រប់គ្រង​ការពិភាក្សា​អំពី​ការប្រើប្រាស់​ប្រអប់​បាញ់​បាន​ផងដែរ​។​

កាសែត Los Angeles Times បាន​រាយការណ៍​ថា ក្រុម​អ្នកស៊ើប​អង្កេត​មិន​ប្រាកដ​ទេ​ថា ហេតុអ្វី​បានជា Paddock ផ្ញើ​អ៊ី​ម៉ែ​ល​រវាង​គណនី​ដែល​គាត់​បាន​គ្រប់គ្រង​ឬថា​តើ​អ៊ី​ម៉ែ​ល​ត្រូវបាន​គ្រប់គ្រង​ដោយ​មនុស្ស​ម្នាក់​ផ្សេងទៀត​ឬក៏​យ៉ាងណា​ដែល​មានន័យថា អ្នកស៊ើប​អង្កេត​ចាំបាច់​ត្រូវ​កំណត់ថា អ្នកណា​ដែល​កំពុង​ទាក់ទង​ជាមួយ​គាត់​អំពី​អាវុធ​ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការវាយប្រហារ​នោះ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684