ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​វ័យក្មេង​សកម្ម​គ្រឿងញៀន​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ដកហូត​២៥​កញ្ចប់​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន ​ខណៈ​ជនសង្ស័យ​កំពុង​ចរាចរ​លក់​គ្រឿងញៀន​យ៉ាង​រំភើយ​ហាក់​គ្មាន​កោតខ្លាច​ចំពោះ​សមត្ថកិច្ច​នោះ​ឡើយ ដែល​ការ​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៨ ​ស្ថិតនៅ​ភូមិ​ថ្មគោល​១​សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ ឌី វ៉ាន់​ណូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ថ្មគោល​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ចេញ​ល្បាត​បង្ការ​និង​បង្ក្រាប​បទល្មើស តាម​ច្បាម​មុខសញ្ញា​ហើយ​បាន​មកដល់​ចំណុច​ភូមិ​ថ្មគោល​១​បាន​ប្រទះ​ជនសង្ស័យ​ម្នាក់​កំពុង​ឈរ​លក់​ថ្នាំញៀន​យ៉ាង​រំភើយ​នៅ​ពេល​ក្រឡេក​ឃើញ​កម្លាំង​សមត្ថកិច្ច ​ស្រាប់តែ​ជនសង្ស័យ​រត់​និង​បោះ​ថ្នាំញៀន​ចោល​ទៅលើ​ដី​ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​យើង​ដេញ​តាម​ឃាត់​បាន​ភ្លាមៗ​តែ​ម្តង​និង​ដកហូត​បាន​ថ្នាំញៀន​ជា​វត្ថុ​តាង សរុប​២៥​កញ្ចប់​តូច​និង​ឧបករណ៍​សម្រាប់​ជក់​ជាច្រើន​ទៀត​។

ក្រោយពី​ការ​ឃាត់ខ្លួន​បាន​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684