ព័ត៍មានទាន់​ហេតុការណ៏
Search

ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ៖ ភារកិច្ច​ចម្បង​របស់​អាវុធហត្ថ​គឺ​បង្ការ សង្គ្រោះ​និង​បង្ក្រាប

ភ្នំពេញ ៖ ភារកិច្ច​ចម្បង​ប្រចាំថ្ងៃ​របស់​កម្លាំង​កងរាជអាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​គឺ​បង្ការ សង្គ្រោះ និង​បង្ក្រាប។ ភារកិច្ច​នេះ​បាន​បម្រើ​ និង ការពារ​សន្តិសុខ បង្ក្រាប​បទល្មើស​ដើម្បី​បង្ក​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ជាធំ​។ ក្រៅ​ពី​នេះ​បាន​បន្ត​កិច្ចការ​មនុស្សធម៌​ដោយ​ចុះ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ប្អូនៗ​សិស្សសាលា និង​ជនពិការ ដែល​ធ្វើដំណើរ​ឆ្លងកាត់​លើ​ដងផ្លូវ​ត្រង់ចំណុច​ដែល​មាន​ការកកស្ទះ​ខ្លាំង ឲ្យ​មាន​សុវត្ថិភាព និង​មាន​ភា​ពងាយស្រួល​ក្នុងការ​ធ្វើដំណើរ។

មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែមករា​ ឆ្នាំ​២០១៨​ថា អនុវត្តន៍​តាម​ការ​ចង្អុល​បង្ហាញ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​ និង ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ព្រមទាំង​អនុវត្តន៍​តាម​បទបញ្ជា​ផ្ទាល់​របស់​លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ទូទាំង​រាជធានី​មាន​៣​ចម្បង​សំខាន់ៗ​គឺ បង្ការ បង្ក្រាប និង សង្គ្រោះ។ ប៉ុន្តែ​បន្ថែម​ពីលើ​នោះ​ទៀត​ គឺ ការងារ​មនុស្ស​ធ​ម៌ រួម​ទាំង​កិច្ចការ​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ​សាធារណៈ​ ដើម្បី​ការពារ​សុខ​សុវត្ថិភាព ជូន​គណៈប្រតិភូ ជាតិ និង​អន្តរជាតិ នៅ​តាម​គោលដៅ​ភូមិសាស្ត្រ និង​នៅលើ​ដងផ្លូវ​នានា​ទូទាំង​រាជធានី។

មន្ត្រី​ដដែល​បន្ត​ថា កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​និង​រាជធានី​បាន​ចូលរួម​ការពារ​សន្តិសុខ និង​រៀបចំ​សណ្តាប់​ធ្នាប់ ជូន​ប្អូនៗ​សិស្សសាលា ជាដើម​។ លើស​ពី​នេះ​ទៀត​កម្លាំង​អាវុធហត្ថ​ទាំងអស់​បានចេញ​ល្បាត និង​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​រាត្រី​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684