ព័ត៍មានទាន់​ហេតុការណ៏
Search

អបអរសាទរ ប្រាសាទ​ភិមាន​អាកាស​នឹង​ទទួល​បាន​ការ​ជួសជុល​ឡើងវិញ​ឆាប់ៗ​ខាងមុខនេះ

សៀមរាប ​៖ ​ប្រាសាទភិមានអាកាស​ អតីត​ព្រះបរមរាជវាំង​នៃ​ក្រុង​អង្គរធំ នឹង​ត្រូវ​ជួសជុល​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​ក្រុម​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​អភិរក្ស​អង្គរ ហៅ​កាត់​ថា CSA (Chinese government team for Safegaurding Angkor) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

តាម​កិច្ចពិភាក្សា​ដែល​ធ្លាប់​មាន​កន្លងមក​រវាង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង បណ្ឌិត​សភា​ចិន​ផ្នែក​បេតិកភណ្ឌ​វប្បធម៌ កិច្ចសហប្រតិបត្តិការ​ដើម្បី​ការជួសជុល​ព្រះបរមរាជវាំង​ទីង​ក្រុង​អង្គរធំ អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​ខាងមុខនេះ​។

តាម​សេចក្តី​ប្រកាស​រួម​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មកកាន់​កម្ពុជា ពីថ្ងៃ​ទី​១០-១១ ខែមករា ឆ្នាំ​២០១៨ កន្លងទៅនេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ធ្វើជា​អធិបតី​នៃ​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​លើ​ឯកសារ​ចំនួន​១៩ ដែល​ក្នុងនោះ​ក៏មាន​ឯកសារ​ស្តីពី លិខិត​ប្តូរ​សារ​នៃ​ពី​ការជួសជុល​នៅ​រាជវាំង​ក្រុង​អង្គរធំ​ដែរ​។

សូម​ជម្រាប​ថា CSA នៃ​សាធារណរដ្ឋ​មានិត​ចិន​បាន​ចូលរួម​ជួសជុល​ប្រាសាទ​ចៅ​សាយ​ទេវតា​ក្នុង​ឆ្នាំ​១៩៩៨ និង​រួចរាល់​នៅ​ឆ្នាំ​២០០៨ ហើយ​ចាប់​ជួសជុល​ប្រា​សាទ​តាកែវ​ចាប់ពី​ឆ្នាំ​២០០៧ បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧​។ បច្ចុប្បន្ន CSA កំពុង​រៀបចំ​គម្រោង​ដើម្បី​ធ្វើការ​ជួសជុល​អតីត​រា​ជ​វាំង​ក្រុង​អង្គរធំ​ជា​បន្តទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684