ព័ត៍មានទាន់​ហេតុការណ៏
Search

បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី​នៅ​វត្ត កោះ​មេត្តា​ពោធិ​វង្ស​ដើម្បី​ប្រមូល​បច្ច័យ​ទៅធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ នៅ​វត្ត «​ខ្មែរ​លុម្ពិនី​» ក្នុងប្រទេស​ឥណ្ឌា​-​នេ​ប៉ាល់

ភ្នំពេញ​ ៖ បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ដែល​បាន រៀបចំ​ពិធី​ឡើយ​ដោយ​ព្រះមហា តែម ម៉ាច តំណាង​ព្រះ​ទេវ​ត្ថា ពឿ​យ មេត្តា ចៅអធិការ​វត្ត​ទាំង​៨ ដែនដី​ពុទ្ធភូមិ​នេ​ប៉ាល់​-​ឥណ្ឌា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​វត្ត កោះ​មេត្តា​ពោធិ​វង្ស ដើម្បី​ប្រមូល​បច្ច័យ​ឧបត្ថម្ភ​ទ្រទ្រង់​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា នៅ​វត្ត «​ខ្មែរ​លុម្ពិនី​» ប្រទេស​ឥណ្ឌា​-​នេ​ប៉ាល់ ជា​មួយ​នឹង​ការ​ធ្វើ​ពិធី​រាប់បាត្រ​ជាមួយ​ព្រះសង្ឃ​១១០​អង្គ​។

ពិធីបុណ្យ​ផ្កា​ប្រាក់​មហា​សាមគ្គី​នេះ ប្រារព្ធ​ធ្វើ នា​ថ្ងៃ​សៅរ៍​-​អាទិត្យ ១២-១៣​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៣-១៤ ខែមករា ឆ្នាំ​២០១៨ នៅ​វត្ត កោះ​មេត្តា​ពោធិ​វង្ស ស្ថិតនៅ​ភូមិ​កោះអណ្តែត ផ្លូវ​ម៉ុង​ឬ​ទ្ធី​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ។

តាមរយៈ​បុណ្យផ្កា​ប្រាក់​សាមគ្គី​នេះ ព្រះមហា តែម ម៉ាច តំណាង​ព្រះ​ទេវ​ត្ថា ពឿ​យ មេត្តា ចៅអធិការ​វត្ត​ទាំង​៨ ដែនដី​ពុទ្ធភូមិ​នេ​ប៉ាល់​-​ឥណ្ឌា បាន​មាន​ថេរៈ​ដិ​កា ជូន​មគ្គផល​ដល់​ពុ​ទ្ឋ​បរិស័ទ ដែល​បាន​ចូលរួម​ចាប់មគ្គផល ដើម្បី​ជា​កុសល​ក្នុង បុណ្យ​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ នៅ​វត្ត​ខ្មែរ​លុម្ពិនី ភូមិ​លុម្ពិនី ស្រុក​រូប​ប៉ិន​ដេល្លី ភាគខាងត្បូង នៃ​ប្រទេស​នេ​ប៉ាល់​នេះ​។

ព្រះអង្គ​មាន​សង្ឃដីកា​បន្ត​ថា ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​នេះ​នឹង​មាន​ព្រះសង្ឃ​ចំនួន​១០០០​អង្គ​មកពី​១៨​ប្រទេស​ចូលរួម ហើយ​ក្នុង​ពិធី​នោះ គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន ១៣៦៦២៣​ដុល្លារ​អាមេរិក​។ ក្នុង​នោះ​រួមមាន ការចំណាយ ៤​ថ្ងៃ​២​ម៉ឺន​ដុលា្លរ សម្រាប់​ចង្ហាន់ រោង​១២០០០​ដុល្លារ ចំណាយ​ផ្កា ទង់ អំបោះ ដុំ​និមិត្តសីមា ក្រណាត់ ប្រទីប កាំបិត អន្លង់ មាសសន្លឹក ជាដើម​ចំនួន​១២០០០​ដុល្លារ សេវាកម្ម​បុណ្យ ១២០​នាក់​អស់ ១​ម៉ឺន វ​ត្តុ ថង់យាម ១​ពាន់​ថង់យាម និង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ទាំង​១៨​ប្រទេស​។ ​ចំណាយ​លើ​ការ​បោះ​សៀវភៅ ២០០០​ក្បាល ២​ម៉ឺន​ដុល្លារ និង​ចំណាយ​ផ្សេងៗ​ចំនួន​២​ម៉ឺន​។

ពិធីបុណ្យ​បញ្ចុះ​បឋម​សីលា​នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​ជា​មុខមាត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ ដូច្នេះ សូម​ពុទ្ធបរិស័ទ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ។

ព្រះអង្គ​មាន​សង្ឃ​បញ្ជាក់ថា ចំពោះ​ពុទ្ធ​បរិស័ទ ដែល​មាន​បំណង​ទៅកាន់​វត្ត​ខ្មែរ​លុម្ពិនី សូម​ទាក់ទង​នៅ​កុដិ​លេខ​៣៥ នៅ​វត្ត​បុ​ទុម​វ​ត្តី ឬ​ទំនាក់ទំនង តាម​លេខ ទូរស័ព្ទ ០១៧ ២៩៣០៥៩ និង​លេខ ០១៧ ៤៧៤៧៤២​។

គួរ​រំលឹក​ដែរ​ថា កម្មវិធី​បុណ្យ​ប្រារ​ព្ធ​ធ្វើ​៤​ថ្ងៃ ៣​យប់ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ច័ន្ទ ១២-១៤​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦-២៨ ខែកុម្ភៈ គ​.​ស ២០១៨។

ក្នុង​ការ​រៀបចំ​បុណ្យបញ្ចុះសីមា​នេះ មានការ​អញ្ជើញ​ជា​អធិបតី ពី​លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផងដែរ។

ដូច្នេះ​បើ​ពុទ្ធបរិស័ទ​មានបំណង​ចូលរួម ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ជា​ប្រវត្តិសាស្ត្រ​លើទឹក​ដី ពុ​ទ្ធ​ភូមិ កន្លែង​ព្រះអង្គ​ប្រសូត្រ សូម​និមន្ត អញ្ជើញ​ចុះ​ព្រះនាម ចុះឈ្មោះ ចាប់​ពីថ្ងៃ​ផ្សាយដំណឹង រហូតដល់​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​ចេញដំណើរ​ពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ រហូតដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684