ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​អេតចាយ​មួយគ្រឿង​ត្រូវ​អាជ្ញាធរ​ខណ្ឌដង្កោ​ឃាត់

ភ្នំពេញ ៖ រថយន្ត​ដឹក​អេតចាយ​មួយ​គ្រឿង ត្រូវ​អាជ្ញាធរ​ខណ្ឌ ឃាត់​រក្សាទុក​នៅ​បរិវេណ​សាលាខណ្ឌ​ដង្កោ ដើម្បី​ធ្វើការ​អប់រំ ដោយសារ​ដឹក​ខុស​លក្ខណៈ​បច្ចេកទេស។

មន្ត្រី​អាជ្ញាធរ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អេតចាយ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដង្កោ ឃាត់​រក្សាទុក​នៅក្នុង​សាលា​ខណ្ឌ​ដង្កោ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ មក​ម្ល៉េះ ដើម្បី​ធ្វើការ​អប់រំ។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​អាជ្ញាធរ​ខណ្ឌ​ដង្កោ ឃាត់​រថយន្ត​ដឹក​អេតចាយ គឺ​ដោយសារតែ​រថយន្ត​នេះ ដឹក​អេតចាយ ខ្ពស់​ហួស​ទ្រុង​រថយន្ត និង​លៀន​មក​ក្រោយ​ហួស​រថយន្ត ដែល​អាច​នាំ​ឲ្យ​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ និង​បាត់បង់​សណ្តាប់​ធ្នាប់​ជាដើម។

មន្ត្រី​អាជ្ញាធរ​ខណ្ឌដង្កោ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដឹក​អេតចាយ​ខុស​លក្ខណៈ​បច្ចេកទេស នេះ ត្រូវ​អាជ្ញាធរ​ខណ្ឌដង្កោ ឃាត់​រក្សាទុក​តែ​រយៈពេល មួយ​សប្តាហ៍​ប៉ុណ្ណោះ ទើប​អនុញ្ញាត​ឲ្យ​ម្ចាស់​មក​ទទួលយក​រថយន្ត​ត្រឡប់​ទៅវិញ។

ជា​មួយ​គ្នា​នេះ​ អាជ្ញាធរ​ខណ្ឌ​ដង្កោ សូម​អំពាវនាវ​អ្នកបើកបរ​ទាំងអស់ សូម​កុំ​ដឹកទំនិញ​លើស​ចំណុះ ខ្ពស់​ហួស​ទ្រុង​រថយន្ត និង​លៀន​មក​ក្រោយ​ហួស​រថយន្ត ដូច​រថយន្ត​ដឹក​អេតចាយ​មួយ​គ្រឿង​នេះ ដែល​អាច​នាំ​ឲ្យ​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ និង​បាត់បង់​សណ្តាប់​ធ្នាប់​ជាដើម។ ចូរ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ចៀសវាង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684