ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ដ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ងត៍ បុក​រះ​ម៉ូតូ​ម៉ូតូ​បី​គ្រឿង​ក្នុងនោះ​នគរ​បាល​ម្នាក់​របួសធ្ងន់

ភ្នំពេញ ៖ មន្ដ្រីនគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​ម្នាក់ ​បាន​រង​របួស​បាក់​ដៃ​ម្ខាង​ ដោយសារ​រថយន្ត​សណ្តោង​រ៉ឺម៉ក​មួយ​គ្រឿង​ ដឹក​ស៊ីម៉ងត៍​ពេញ​ របស់​ក្រុមហ៊ុន TR​បើកបរ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ជាប់​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​មន្ត្រី​នគរបាល​ផ្នែក​អន្តរាគមន៍​មា្នក់​រួច​កិន​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​និង​បន្ត​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ចំនួន​២​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ​ឯ​ម្ចាស់​របួសស្រាល​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​នគរបាល​ចរាចរណ៍​នៅ​គោលដៅ​ចំណុច​កើតហេតុ​ឃាត់ខ្លួន​បាន​ភ្លាម​ផង​ដែរ។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១និង​៣០​នាទី​ថ្ងៃ​ទី១៣ ខែមករា​ ឆ្នាំ២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ​កែង​នឹង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ស្ថិតនៅ​ក្នុងភូមិ​ថ្ន​ល់​បំបែក​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​បានបញ្ជាក់​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ដែល​ជា​ប្រភេទ​រថយន្ត​សណ្ដោង​ទូ​កុងតឺន័រ​រ​របស់​ក្រុមហ៊ុន​TR ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ កំពង់ធំ 3A-1446 ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ជាប់​បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បណ្តាល​ឲ្យ​អូស​ជាង​ប្រាំ​ម៉ែត្រ​និង​ជ្រុល​ទៅបុក​រះ​ម៉ូតូ​កង់​បី​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​ និង ​បណ្តាល​ឲ្យ​មន្ត្រី​នរគ​បាល​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ផងដែរ​។

ក្រោយពេល​កើតហេតុ​ជន​បង្ក​ ត្រូវ​បាន​នគ​របាល​ចរាច​រណ៍​ដែល​ប្រចាំការ​នៅ​ទី​នោះ​បាន​ឃាត់ខ្លួន​បាន​ភ្លាមៗ ​និង​នាំមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​៣​ ដើម្បី​បញ្ជូន​ទៅកាន់​ផ្នែក​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684