ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​បើក​កិច្ចប្រជុំ​ ជំរុញ​ឲ្យ​កម្លាំង​នគរបាល​ក្រោមបង្គាប់​ត្រូវអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​ត្ថិ​ភាព​ឲ្យ​បាន​ម៉ឺងម៉ាត់

បន្ទាយមានជ័យ ៖ ​ព្រឹក ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨​នេះ ​នៅ​សាល​ប្រជុំ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ដាក់​ផែនការ​ដល់​មន្ត្រី​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឹង​មាត់​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ​ពិធី​នេះ​មានការ​ចូលរួម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ និង ​មន្ត្រីនគរបាល​ក្រោយ​ឱវាទ​ជាច្រើន​នាក់​ទៀត​។

ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ដាក់​ចេញ​នូវ​វិធានការ​ជំរុញ​ឲ្យ​កម្លាំង​នគរបាល​ក្រោមបង្គាប់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឹង​មាត់​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​មាន​ប្រសិទ្ធភាព​ខ្ពស់​ពេល​ដែល​សភាពការណ៍​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មាន​បទល្មើស​កើតឡើង​ជាច្រើន ដូចជា អំពើ​លួច បទល្មើស​បង្ក​ដោយ​ក្រុម​ក្មេង​ទំនើង​វាយ​កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​រង​របួស និង​បទល្មើស​គ្រឿងញៀន​កើតឡើង​នៅ​តាម​បណ្តា​មូលដ្ឋាន​មួយចំនួន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង លោក​ក៏បាន​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​បទល្មើស​ទាំងនេះ​ឲ្យ​បាន​ឆាប់​និង​មាន​ប្រសិទ្ធភាព​បំផុត​ផងដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម​ បាន​ឲ្យ​នគរបាល​នៅ​ក្នុង​ខេត្ត​ក្តី​នៅតាម​មូលដ្ឋាន​ក្តី​ត្រូវ​ពង្រឹង​ត្រួតពិនិត្យ​កិច្ច​ការងារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៦៥​ ក្នុង​ឃុំ​សង្កាត់ នៃ​ខេត្តបន្ទាយមានជ័យ​និង​ត្រូវ​អនុវត្ត​តាម​ផែនការ​និង​បទបញ្ជា​ពី​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អាត់ ​ខែម​ ក៏បាន​ជំរុញ​ឲ្យ​កងកម្លាំង​នគរបាល​នៅ​តាម​មូលដ្ឋាន​ត្រូវ​ពង្រឹង​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នូវ​ចំណុច​ប្រឈម ដែល​កើត​បទល្មើស​តាម​មូលដ្ឋាន​នីមួយៗ ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​យល់ដឹង និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ប្រើប្រាស់​នូវ​វិធាន​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឲ្យ​បាន​ទាន់​ពេល​វេលា​ផងដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ ខែម​ ក៏បាន​រំលឹក​ដល់​កងកម្លាំង​នគរបាល​បើ​សិន​គ្មាន​ការគ្រប់គ្រង មុខសញ្ញា​ឲ្យ​បាន​ច្បាស់លាស់​និង​មិន​បាន​ទទួល​ព័ត៌មាន​ឆាប់រហ័ស​នោះ​ទេ កិច្ចប្រតិបត្តិការ​ចេញ​ទៅ​ដោះស្រាយ​បង្ក្រាប​បទល្មើស​មិនបាន​លទ្ធផល​នោះ​ឡើយ ចំណុច​នេះ​លោក​ទាមទារ​ឲ្យ​កម្លាំង​នគរបាល​នៅតាម​មូលដ្ឋាន​ត្រូវមាន​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន មាន​ភាពងាយស្រួល​ឈានទៅដល់ ការ​ដោះស្រាយ​បញ្ហា​បទល្មើស​ផ្សេង​ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684