ព័ត៍មានទាន់​ហេតុការណ៏
Search

ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​ Border Pass ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សម្រុក​ចូល​ធ្វើ​ក្នុង​១​ថ្ងៃៗ​រាប់រយ​នាក់​ដោយ​ទឹកមុខ​រីករាយ

បន្ទាយមានជ័យ ៖ ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៨​នេះ​ នៅ​ច្រក​ចេញចូល​តែមួយ ក្នុង​សាលាខេត្ត​បន្ទាយមានជ័យ ស្ថិត​ក្នុង​ភូមិ​តារាង​បាល់ សង្កាត់​អូ​រំ​បិ​ល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ នាំគ្នា​ជិះ​ម៉ូតូ​និង​រថយន្ត​សម្រុក​ចូល​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ ​Border Pass ​គំរូ​ថ្មី​ ដោយ​ទឹកមុខ​រីករាយ​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​បន្ទាយ​ក្នុង​ច្រកចេញចូល​តែមួយ​។​

ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ពលករ​បាន​មក​ធ្វើ​ប័ណ្ណ​នោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ទាំង​ទឹកមុខ​រីករាយ​ថា​ គាត់​សូម​សរសើរ​ លោក​សួន​ បវរ​ អភិបាលខេត្ត​បន្ទាយមានជ័យ​ ដែល​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហាលំបាកៗ​ធំ​ពីរ ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បញ្ហា​ទី​១ ​គឺ​ធ្វើ​សួន​មានជ័យ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​សម្រាក​ពី​ការងារ​បាន​មក​ចូល​លេង​កម្សាន្ត​​ ហើយ​ទៅ​ថ្ងៃមុខ​នឹង​មាន​ទីកន្លែង​ហាត់ប្រាណ​សម្រាប់​ប្រជាពលរដ្ឋ​ចូល​ហាត់ប្រាណ​ដើម្បី​សុខភាព​ដោយ​មិន​គិត​ថ្លៃ​ទៀត​ផង បញ្ហា​ទី​២​គឺ​លោក​បាន​ដោះស្រាយ​បញ្ហា​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​Border Pass​បាន​ជោគជ័យ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​១០​ឆ្នាំមុន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ និង​ ខេត្ត​ផ្សេងៗ​ជាច្រើន​ទៀត ​ភាគច្រើន​ជា​ពលករ​ពិបាក​ក្នុង​ការ​ចូលធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​Border Pass​ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដើម្បី​ចូល​ទៅ​ស្រុក​ថៃ​ ​ស្វែងរក​ការងារ​ធ្វើ ព្រោះ​មន្ត្រី​អន្តោប្រវេសន៍​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តម្រូវ​ឲ្យ​ពួកគាត់​បង់​សេ​វា​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​Border Pass​ក្នុង​ម្នាក់​ជា​ទូទៅ​៧០០​បាត តែ​ប្រពល​រដ្ឋ​ណា​ចង់​លឿន​ហើយ​ប្រញាប់ ១​ថ្ងៃ ឬ ​១​ម៉ោង​បាន​នោះ​តម្លៃ​សេ​វា​ឡើង​ដល់​ទៅ​១.០០០​បាត​ ហើយ​ក្នុង​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​Border Pass​នោះ​គេ​ ឃើញ​វាយ​ត្រា​ដោយ​មន្ត្រី​ការិយាល័យ​ប្រធាន​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ភ្លាមៗ​ដោយ​មិនបាច់​រង់ចាំ​យូរ​នោះទេ ​ប័ណ្ណ​នេះ​ហាក់​ដូច​ជា​គ្មាន​សុពលភាព​ឡើយ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា ​ប្រហែល​ដោយ​មើលឃើញ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ចូលធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​Border Pass​មន្ត្រី​អន្តោប្រវេសន៍​យក​សេវា​ថ្លៃ​ពេក ​ទើប​លោក​សួន​ បវរ​ធ្វើ​សំណើរ​ទៅ​ក្រសួងមហាផ្ទៃ​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា-ថៃ​ Border Pass​នេះ ​នៅ​រដ្ឋ​បាន​ខេត្ត​ច្រក​ចេញចូល​តែមួយ​វិញ​។ ​លុះ​ថ្ងៃ​ទី​២​ ខែមករា ឆ្នាំ​២០១៨​ ក៏បាន​ចាប់​ផ្តើម​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​Border Pass ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បន្ទាយ​មា​ជ័យ​ដោយ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​សាលាខេត្ត លេខ​០០១ ស ជ ណ ស្តី​ពី​លក្ខណ​បែបបទ និង​នីតិ​វិធី​នៃ​ការ​ផ្តល់​ប័ណ្ណ​ព្រំដែន​កម្ពុជា-ថៃ​Border Pass ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​យក​ទៅ​ប្រើប្រាស់​ក្នុង​កិច្ចការ​ចាំបាច់​ដែល​មាន​លក្ខណ​តិកៈ​រួមមាន​១ ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ព្រំដែន​ចំនួន​១​ច្បាប់ ​ដោយមាន​បិទ​រូបថត​និង​ចុះ​ហត្ថា​លេខា ឬ​ផ្តិតមេដៃ នៅ​លើ​ពាក្យ​ស្នើ​សុំ ២​រូបថត​របស់​សាមី​ខ្លួន​៤​គុណ​នឹង​៦ ចំនួន​២​សន្លឹក ៣ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថត​ចំលង​១​ច្បាប់ ៤​សេចក្តីចម្លង​សំបុត្រកំណើត សំបុត្រ​បញ្ជាក់​កំណើត​ចំនួន​១​ច្បាប់​៥​ សេចក្តី​ចម្លង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ​ចំនួន​១​ច្បាប់ ៦​កូន​ចាប់ពី​អាយុ​១២​ឆ្នាំ​ចុះ​មិនបាច់​ធ្វើ​អាច​រួម​ដំណើរ​ជាមួយ​ឪពុក​ម្តាយ​បាន ៧​តម្លៃ​សេវា​ក្នុង​១​ច្បាប់​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​Border Pass​ចំនួន​២.០០០​រៀល ៨​រយៈពេល​ផ្តល់​សេវា​យ៉ាង​យូរ​៥​ថ្ងៃ​បន្ទាប់ពី​បាន​ទទួល​ពាក្យ​ស្នើសុំ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា ​ទោះបីជា​លោក​អភិបាលខេត្ត​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ជាក់​ឯកសារ​ចំនួន​៣​មុខ​នៅ​សាលាក្រុង ស្រុក​ទើប​អាច​យក​មក​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​Border Pass​គំរូ​ថ្មី​នោះ​បាន​យ៉ាង​ណា​ក្តី​ក៏​ប្រជាពលរដ្ឋ​មាន​ទឹក​មុខ​រីករាយ​ក្នុងការ​ធ្វើ​ដែរ​ព្រោះ​តម្លៃ​សេវា​ថោក​ជាង​ធ្វើ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ច្រើន​ណាស់ ហើយ​សៀវភៅ​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​Border Pass​នោះ​ចុះ​ហត្ថា​លេខា​ដោយ​លោក​អភិបាលខេត្ត​ផ្ទាល់​រចនាបថ​ស្អាត​ហើយ​មាន​សុពលភាព​ទៀត​ផង​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684