ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​កែច្នៃ​កាំភ្លើង​បាញ់​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ភ្លាត់ស្នៀត​ចំ​ប្រពន្ធ​ខ្លួនឯង

ប៉ៃលិន​ ៖ ស្ត្រី​ម្នាក់​ បាន​រងរបួស​ធ្ងន់ ចំ​ដៃ និង​ពោះ ដោយសារតែ​បុរស​ជា​ប្តី​របស់ខ្លួន រៀបចំ​កែច្នៃ​កាំភ្លើង​ឆ្នុក​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ភ្លាត់ស្នៀត​បាញ់​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​តែម្តង។

ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ មាស គែម អាយុ ៥២​ឆ្នាំ មុខរបរ​កសិករ រង​របួស​ចំ​ដៃ​ និង​ពោះ​ធ្ងន់ ចំណែក​បុរស​បង្ក​ជា​ប្តី​ឈ្មោះ ខឿ​ង ព្រិច ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

លោក​វរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការ​ក្រុងប៉ៃលិន មានប្រសាសន៍​ឲ្យ​ភ្នាក់ងារ​យើង​ដឹងថា​ ៖ មុនពេល​កើតហេតុ​គឺ​បុរស​ជា​ប្តី បាន​យក​កាំភ្លើង​ចាស់​មក​កែច្នៃ ដោយមាន​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ អង្គុយ​ពីមុខ​ចាំ​មើល ពេលនោះ​ស្រាប់តែ​បុរស​ជា​ប្តី​ ក៏​រៀបចំ​ច្នៃ​កាំភ្លើង​តែម្តង។ លោក​​ អធិការ​ ​​បន្ត​ថា​៖ នៅពេល​ចាប់ផ្តើម​ច្នៃ​កាំភ្លើង ក៏បាន​ភ្លាត់ស្នៀត​ឮសូរ​ផេះ​ ត្រូវ​ចំ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ ដែល​អង្គុយ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ចំ​ដៃ​និង​ផ្ទៃពោះ​ធ្ងន់ធ្ងរ តែម្តង។ ក្រោយ​កើតហេតុ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ ត្រូវបាន​បង​ប្អូន​សាច់ញាតិ ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ចំណែក​ជនបង្ក​ជា​ប្តី ត្រូវបាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ​​ធ្វើការ​ឃាត់ខ្លួន ដើម្បី​រៀបចំ​សំណុំរឿង តាម​នីតិវិធី។​

គួរ​រំលឹក​ដែរ​ថា ​៖ ករណី​កែច្នៃ​កាំភ្លើង នៅ​ខេត្ត​ប៉ៃលិន ប្រហែល​ជាមាន​ច្រើន ព្រោះ​កន្លងទៅ​មាន​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​ការ​ធ្វើ​អត្តឃាត​នៅ​ភ្នំ​ស្រង់ ក្នុងស្រុក​សាលា​ក្រៅ ,​ការធ្វើអត្តឃាត​នៅ​សង្កាត់​អូរ​តា​វ៉ៅ​នាពេល​ថ្មី​ជាដើម ហើយ​ជាការ​សំណូម​របស់​ប្រជាពលរដ្ឋ គឺ​សូម​ឲ្យ​សមត្ថកិច្ច​តាម​ប៉ុស្តិ៍​នីមួយៗ មេត្តា​ចុះ​ស្រាវជ្រាវ​នូវ​បញ្ហា​ខាងលើ​ផង ពិសេស​ក្តាប់​ឲ្យ​បាន​នូវ​ការ​គ្រប់គ្រង​អាវុធ​កែច្នៃ​នេះ​ផងដែរ៕