ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​សេ​សាន​ ស្ថិតនៅ​ឃុំ​កំពង់ព្រះគគីរ ​ស្រុក​បរិបូរណ៍

កំពង់​ឆ្នាំង ​៖ ក្រុម​សមត្ថកិច្ច​ចម្រុះការពារ​តំបន់​អភិរក្សធនធាន​ជលផល អតីត​ឡូត៍​នេសាទ​លេខ៦ បានចេញ​ចាប់​ក្រុម​ជនល្មើស​លួច​ចូលធ្វើការ​ឆក់​ត្រីនៅ​ចំណុច​សេ​សាន ស្ថិតក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំកំពង់ព្រះ​គគីr ស្រុក​បរិបូរណ៍ ដោយ​ចាប់បាន​កាណូត​បា​ឡា​ស្មាច់១​គ្រឿង ប៉ុន្តែ​ជនដៃដល់​បានហក់​ទឹក​គេចខ្លួនបាត់។​ ក្នុង​កិច្ចប្រតិបត្តិការ​ដែល​បាន​ផ្ទុះអាវុធចំនួន​៥​គ្រាប់​នេះ បានធ្វើ​ឡើង​នៅវេលា​ម៉ោង ១​ និង​ ៣០​ នាទី​រំលង​អធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨។

​លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង នៃមន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ បានឱ្យ​ថា ៖ នៅវេលា​ម៉ោង​ជា​១​រំលង​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ មានកា​ណូត​បា​ឡា​ស្មាច់​១គ្រឿង មាន​ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​លួច​ចូល​ក្នុង​ដែន​អភិរក្ស​ចំណុច​សេសា​ន ដែលជា​អតីត​ឡូត៍​នេសាទ​លេខ​៦ ហើយ​បានធ្វើ​សកម្មភាពឆក់​ត្រី​នៅ​ចំណុច​ខាងលើនេះ។ ពេលនោះ​ក្រុមចម្រុះ​ការពារ​ដែន​អភិរក្ស​មាន ​យោធា នគរបាល និង​ ជលផល ដែល​​ប្រចាំ​ការ​ការពារ​នៅ​ទីនោះ​ចេញ​ល្បាត​បាន​ប្រទះឃើញ ហើយ​បាន​ហៅ​កាណូត​ជនល្មើស​ឱ្យ​ឈប់ តែកាណូត​នោះ​មិន​ឈប់​បាន​បន្ថែម​ល្បឿនរត់គេច​ពី​សមត្ថកិច្ច ទើប​ក្រុមចម្រុះ​បាន​ដេញតាមយ៉ាងប្រកិត តែ​ជនល្មើស​មិន​ព្រម​ឈប់​កាណូត។

លោក​បានបន្តទៀតថា ក្នុងពេលនោះ​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​៥​គ្រាប់ បន្ទាប់មក​ជនល្មើស​បានបើកកាណូត​រត់ឡើង​គោកទៅបុក​នឹង​គល់​ដើម​រាំង បណ្តាលឱ្យខ្ទេច​កាណូត​មួយ​កំណាត់​មុខទើប​សមត្ថកិច្ច​ចាប់​បានតែ​កាណូត​បា​ឡា​ស្មាច់​១​គ្រឿង ចំណែក​ជនល្មើសបាន​ហក់គេចខ្លួនបាត់។ ចំពោះ​វត្ថុតាង​រឹបអូស​បាន​មាន កាណូត​បា​ឡា​ស្មាច់១​គ្រឿង ម៉ាស៊ីន​ឡាន​បំពាក់លើ​កាណូត​១​គ្រឿង អាគុយ​១០០​អាំ​ពែ​១​គ្រឿង កន្ត្រង​ដួស​ត្រី​១​គូ ខ្សែ​កាប​សម្រាប់​ឆក់​ត្រីជាច្រើនម៉ែត្រ និង ត្រី​ឆ្លាំង​សុ​ទ្ធ​ជាង​២០​គីឡូក្រាម។

​លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​ឧបករណ៍​ឆក់​ត្រីប្រភេទ​ឆក់​ត្រជាក់​នោះ​មាន​ឥទ្ធិពល​ខ្លាំងណាស់ វា​ឆក់​ទាញ​ត្រី​ពី​បាតទន្លេ​ឱ្យ​អណ្តែត​លើទឹក ហើយ​អ្នក​ប្រព្រឹត្ត​មាន​កន្ត្រង​សម្រាប់​ចាំ​ដួស​ដាក់កាណូត​តែម្តង។ ចំពោះ​ករណីនេះ​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ល្មើស​ ដើម្បីចាប់ខ្លួន​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​បញ្ជូនទៅ​តុលាការខេត្ត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114